ក្រសួងសុខាភិបាលឲ្យពលរដ្ឋឈប់​ប្រើប្រាស់និងទិញ​ឱសថមួយចំនួន​​ដែលលក់លើហ្វេសប៊ុក​

ស្លាកទីស្តីការក្រសួងសុខាភិបាល ដែលមានទីតាំងនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ (VOD)

ក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់និងជាវ​ឱសថមួយចំនួន​ដែលត្រូវបាន​គេបានធ្វើការ​ផ្សព្វផ្សាយនិងលក់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ព្រោះគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។​

សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ផ្សាយកាលពី​ថ្ងៃទី​០៣ ខែសីហា បានឲ្យដឹងថា បច្ចុប្បន្ននេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការផ្សព្វផ្សាយលក់ផលិតផលបំប៉នផ្លូវភេទបុរស ផលិតផលគ្រឿងសម្អាង ឱសថ និងក្រែមលាបបំប៉នផ្លូវភេទជាច្រើន ដែលចរាចរគ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតពីក្រសួង។

តាមសេចក្តីជូនដំណឹងដដែល ផលិតទាំងនោះមានឈ្មោះ​​ដូចជា BalanceX,  BalanceO,  BalanceC ,BalanceY, BalanceW, BalanceH, និង VIMAX។ ក្រសួងសុខាភិបាល​ ក៏​បានអំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ជាបន្ទាប់ចំពោះប្រភេទថ្នាំខាងលើ ដើម្បីជៀសវាងការខាតប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់ការបាត់បង់អាយុជីវិតដោយសារការគាំងបេះដូងផងដែរ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានប្រាប់ វី.អូ.ឌី ឲ្យដឹងថានៅថ្ងៃនេះថា​ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលលក់ថ្នាំមិនបានចុះបញ្ជី ប្រសិនបើ​ដឹងពីទីតាំងរបស់បុគ្គលទាំងនោះ។ លោកក៏បាន​សំណូមពរថា បើ​​ប្រជាពលរដ្ឋដឹងពីទីតាំងចែក​ចាយ​អ្នកលក់ផលិត​ទាំងនោះ ​ប្រាប់មកក្រសួងផង។

កាលពីខែសីហា​ឆ្នាំ២០១៧ ​កម្លាំង​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ បានឃាត់ខ្លួនស្រ្ដីលក់ឡេអនឡាញម្នាក់ ព្រោះ​គ្មាន​ការអនុញ្ញាត​គុណភាព​ពី​ក្រសួងសុខាភិបាល និង​ក្រសួងពាណិជ្ជកម្ម ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ