សហជីពជម្រុញឲ្យបក្សកាន់អំណាចនិងអតីតបក្សប្រឆាំងចរចាគ្នា ព្រោះ​ខ្លាចកម្មករបាត់បង់​ការងារ

ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ ​​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ (វីអូឌី)

សហភាពសហជីពកម្ពុជា បានស្នើឲ្យ​​បក្សកាន់អំណាចនិងអតីតបក្សប្រឆាំងជួបជជែកគ្នា​ដោះស្រាយបញ្ហា​នយោ​បាយ ដោយបារម្ភខ្លាចសហគមន៍អន្តរជាតិប្រតិកម្មជាអវិជ្ជមាន​ទៅនឹងការបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដាកន្លងទៅ​ ហើយ​​អាចបណ្ដាល​ឲ្យកម្មករ​និយោជិតគ្មានការងារធ្វើ។

សេចក្តីថ្លែងការណ៍របស់សហភាពសហជីពកម្ពុជា ដែលចេញនៅថ្ងៃនេះ បានសំណូមពរឲ្យរដ្ឋាភិបាលកម្ពុជាទទួលយករាល់អនុសាសន៍របស់សហគមន៍អន្តរជាតិ ហើយថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងអតីត​គណបក្សសង្គ្រោះជាតិ ត្រូវអង្គុយនិយាយគ្នា រកដំណោះស្រាយនយោបាយ ដើម្បី​រក្សាការងារសម្រាប់កម្មករនិយោជិត និងស្ថិរភាពសង្គម។

សេចក្តីថ្លែងការណ៍ដដែល  ក៏​បានគាំទ្រចំពោះការសម្រេចចិត្ត និង​អនុសាសន៍​របស់សហគមន៍​អន្តរជាតិដែលចង់ឃើញ​​​រាជរដ្ឋាភិបាលកម្ពុជា​ដោះលែងលោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះ​ជាតិ ផ្តល់​ភាពស្របច្បាប់ដល់​គណបក្សសង្គ្រោះជាតិ ដោះលែងអ្នកទោសមនសិការ សកម្មជនដីធ្លី អ្នក​សារព័ត៌មាន អង្គការ​សង្គមស៊ីវិល មានសេរីភាព​ពេញលេញឡើងវិញ និងសារព័ត៌មានឯករាជ្យដំណើរការឡើងវិញជាដើម។​

សហគមន៍អន្តរជាតិនានារួមមាន​សហរដ្ឋអាមេរិក បណ្ដាប្រទេសនៅសហគមអឺរ៉ុប កាណាដា អូស្រ្តាលី និង​ណូវេហ្សេឡង់ជាដើម​ ហៅការបោះឆ្នោតកាលពីថ្ងៃទី២៩កក្កដា ថាមិនមានភាពសេរីនិងយុត្តិ។ ប៉ុន្តែសម្រាប់ប្រ​ទេស​សង្គមនិយមមួយចំនួន​មាន​ដូចជាចិន ឡាវ និង វៀតណាមជាដើមបាន​អបអរកម្ពុជាដែល​រៀបចំការបោះឆ្នោតមួយ​ដែលប្រកបដោយជោគជ័យ៕​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ