ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសស្តីពីការចុះបញ្ជីសហគមន៍នេសាទចំនួន៣ នៅខេត្តព្រៃវែង និងខេត្តកោះកុង។
សេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទដែលចេញកាលពីថ្ងៃទី១០ខែកក្កដាបានឲ្យដឹង ក្រសួងនេះបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការនូវសហគមន៍ នេសាទចំនួន០៣ ដែលសហគមន៍ចំនួនពីរស្ថិតនៅក្នុងខេត្តព្រៃវែង គឺសហគមន៍នេសាទតេជោសំពៅមាស និងសហគមន៍នេសាទសាមគ្គីកំពង់ប្រាំង និងមួយទៀតនៅខេត្តកោះកុងមាន គឺសហគមន៍នេសាទកោះខ្យង។
ក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៧-២០១៨ និងលើកទិសដៅឆ្នាំ២០១៨-២០១៩ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ ក្រសួងកសិកម្មបានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៧ សហគមន៍នេសាទចំនួន ៥១៦ សហគមន៍ត្រូវបានបង្កើតឡើង និងមានសមាជិកសរុបចំនួន ៣៣២ ១៦៨នាក់ ក្នុងនោះសហគមន៍នេសាទទឹកសាបចំនួន ៤៧៥ និងសហគមន៍នេសាទសមុទ្រចំនួន ៤១សហគមន៍។