អ្នកជំនាញរំឭកពីប្រឈមនៃការចុច Like ,Share និង Comment លើបណ្តាញសង្គម

បុរសម្នាក់កំពុងតែប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកតាមរយៈទូរស័ព្ទដៃ កាលពីពេលកន្លងទៅ

ថ្មីៗនេះមានគណនីហ្វេសប៊ុកមួយចំនួនបានបង្កើតនូវល្បែងមួយប្រភេទដែលគេហៅថា Facebook Giveaway ដោយតម្រូវអោយញអ្នកលេងល្បែងនោះត្រូវ Like Comment និង Share ដើម្បីឈ្នះរង្វាន់ដោយការជ្រើសរើសពីម្ចាស់គណនីជាដើម។

ល្បែងប្រភេទនេះត្រូវបានអ្នកជំនាញបច្ចេកវិទ្យាបាននិយាយថា វាគ្រាន់តែជាការបោកប្រាស់តែប៉ុណ្ណោះ ដោយគេនឹងលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់តាមរយៈការ Like Comment និង Share ឬនៅពេលដែលអ្នកប្រើប្រាស់ចូលទៅកាន់ តំណភ្ជាប់ ឬ Link ណាមួយនៅលើបណ្តាញសង្គមនោះ។

គេហទំព័រទស្សនាវដ្តីបច្ចេកវិទ្យាអនឡាញមួយដែលមានឈ្មោះថា How-to Geek តែងតែចុះផ្សាយអត្ថបទសរសេរពន្យល់ ពីបញ្ហាសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធអ៊ីធើណេត ហើយអត្ថបទដែលសរសេរដោយលោក Harry Guinness ចុះផ្សាយកាលពីថ្ងៃទីខែ១៣ ខែកុម្ពះ អោយដឹងថា ល្បែងប្រកួតប្រជែងតាមបណ្តាញសង្គមហ្វេសប៊ុកនោះ គ្រាន់តែបង្កើតឡើងដើម្បីបន្លំយកពត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះ។

គេហទំព័រដដែលបានអោយដឹងថា តំរុយដែលអោយដឹងថាតើល្បែងប្រកួតប្រជែងនោះបោកប្រាស់គឺ រង្វាន់ដែលគេនឹងផ្តល់អោយវាមានតំលៃពេកដែលមិនអាចនឹងក្លាយជាការពិត ម៉ាករបស់អាស័យដ្ឋានឬគេហទំព័រ គ្មានការប្រកាសតាមគេហទំព័រផ្លូវការ អ្នកប្រើប្រាស់តម្រូវអោយចែករំលែកទៅដល់មិត្តភក្តិ និងមានអ្នកចូលរួមប្រកួតប្រជែងច្រើនតែគ្មានការបញ្ជាក់ពីរង្វាន់ដែលផ្តល់អោយអ្នកឈ្នះជាដើម។

កាលពីប៉ុន្មានសប្តាហ៍មុនមានគណនីហ្វេសប៊ុកមួយដែលគេជឿថាជាគណនីផ្ទាល់របស់តារាសំដែងហូលីវូដ លោក Dwayne ‘The Rock’ Johnson បានបង្ហោះវីដេអូនិងរូបភាពទឹកប្រាក់ជាដុល្លារ ដោយនិយាយថា «ចែករំលែក ដើម្បីទទួលបានលុយនេះ» ហើយគណនីនោះក៏បាន comment ថានឹងមានឪកាសឈ្នះទឹកប្រាក់និងរថយន្ត ដោយគេនឹងជ្រើសរើសអ្នកដែលទាញយកវីដេអូខ្សែភាពយន្តមាន តំណភ្ជាប់នៅក្នុងសារនោះ។

បើយោងទៅតាមគេហទំព័រ Scopes ដែលជាវេបសាយពិនិត្យមើលការពិតពីពាក្យចចាមអារាមផ្សេងៗលើប្រព័ន្ធអ៊ីនធើណេតបានអោយដឹងថា លោក The Rock’ នឹងមិនអោយជាទឹកប្រាក់ រថយន្ត ឬអ្វីឡើយលើបណ្តាញសង្គម។ តំណភា្ជប់ដែលគេដាក់អោយទាញយកខ្សែភាពយន្តដើម្បីមានឪកាសឈ្នះនោះគ្រាន់តែជានុយមួយសំរាប់ការបន្លំតែប៉ុណ្ណោះ ហើយតំណភ្ជាប់នោះនឹងលួចយកនូវព័ត៌មានផ្ទាល់ខ្លួន និង លេខគណនីកាតឥណទានរបស់អ្នកដែលបានចុចចូល។

ចំណែកឯគេហទំព័រ Hoax-Slayer ដែលគ្រប់គ្រងផ្ទាល់ដោយលោក Brett Christensen តែងតែផ្តល់នៅព័ត៌មានដែលទាក់ទងនឹងការបោកបញ្ឆោតតាមប្រព័ន្ធអ៊ីធើណេតនោះបានអោយដឹងថា ល្បែងប្រកួតប្រជែងនោះមានទាក់ទងនឹងលោក Dwayne ‘The Rock’ Johnson នោះឡើយ ដោយគណនីផ្លូវការរបស់លោក ក៏មិនបានបង្ហោះសារអ្វីទាក់ទងនឹងបញ្ហានេះដែរ។

ប្រភពដដែលបានបន្តថា៖

ក្រុមហ៊ុនណាដែលផ្សព្វផ្សាយតាមរយៈការបន្លំទាំងស្រុង ដែលមានដូចជាការក្លែងផ្តល់រង្វាន់ពីសំណាក់តារាល្បីៗនោះ មិនគួរទុកចិត្តឡើយជាមួយនឹងកាតឥណទាននិងពត៌មានផ្ទាល់ខ្លូននោះទេ

តាមរបាយការណ៍របស់គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ ដែលអតិថិជនបានកត់ត្រានូវបទពិសោធន៍បញ្ហាពូកគេជួបប្រទះហើយចង់ជូនជាដំណឹងទៅអ្នកឯទៀត ហើយកំណត់ត្រានោះបានអោយដឹងថា មនុស្សក្នុងវ័យចន្លោះ ២០ ទៅ ២៩ ឆ្នាំជាជនរងគ្រោះក្នុងករណីបោកប្រាស់ជាលុយកាក់ច្រើនជាងមនុស្សវ័យចំណាស់អាយុលើសពី៧០ឆ្នាំ។

លោក ប៉ា ច័ន្ធរឿន ប្រធានមជ្ឈមណ្ឌលទស្សនៈវិជ្ជា អនុវត្តន៍ និងសីលធម៌កម្ពុជា បានប្រាប់វីអូឌីថា បណ្តាញសង្គមជាសង្គមពិតនៃឌីជីថល ការ Like Share និង Comment ដែលជាល្បែងប្រកួតប្រជែងលើបណ្តាញសង្គមនេះ ធ្វើឡើងក្នុងគោលបំណងបុគ្គល អ្នកខ្លះលក់ផលិតផល អ្នកខ្លះទៀតធ្វើឡើងដើម្បីទាក់ទាញការ ចូលចិត្តអោយបានច្រើនពីអ្នកប្រើប្រាស់ ហ្វេសប៊ុកតែប៉ុណ្ណោះ ។

ជាទូទៅអ្នកប្រើប្រាស់បណ្តាញសង្គមដូចជាហ្វេសប៊ុកអីនឹង ត្រូវដឹងថាហ្វេសប៊ុកនឹងវាជាសង្គមមួដែរ ប៉ុន្តែវាជាសង្គមឌីជីថល ហើយការលួចការបោកប្រាស់នឹងមានដូចគ្នា ហើយពេលខ្លះអាបោកប្រាស់តាមហ្វេកប៊ុកនឹងគ្រោះថ្នាក់ មើលអត់ឃើញ ពេលខ្លះយើងអត់ដឹង ដែលវាគ្រោះថ្នាក់ជាងការបោកប្រាស់ ឬក៏លួចប្លន់នៅក្នុងសង្គមធម្មតាទៅទៀត

លោក ប៉ា ច័ន្ធរឿន ប្រធានមជ្ឈមណ្ឌលទស្សនៈវិជ្ជា អនុវត្តន៍ និងសីលធម៌កម្ពុជា

លោកបាននិយាយទៀតថា អ្នកប្រើប្រាស់បណ្តាញសង្គមគួរតោងយកឥរិយាបទមួយចំនួន អំពីការប្រើប្រាស់ប្រព័ន្ធហ្នឹងអោយច្បាស់លាស់ ជាពិសេសទាក់ទងនឹងសុវត្ថិភាព ឯកជនភាព និងទាំងការគោរពខ្លួនឯងទាំងការគោរពអ្នកដទៃ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ