នគរបាលសន្និដ្ឋានបឋមថា មិនមានការបង្ខាំងយុវតី១០នាក់ដូចការផ្សព្វផ្សាយទេ

ផ្ទះក្មេងស្រីរងគ្រោះ

អធិការនគរបាលខណ្ឌដង្កោធ្វើការសន្និដ្ឋានបឋមថា មិនមានករណីបង្ខាំងយុវតីចំនួន១០នាក់នៅក្នុងផ្ទះវីឡាមួយ ដូចការអះអាងរបស់ ក្រុមគ្រួសារយុវតីម្នាក់​ និងការផ្សព្វផ្សាយមួយចំនួននោះទេ។​

កាលពីដើមខែសីហានេះ មានការផ្សព្វផ្សាយថា យុវតីម្នាក់រៀនថ្នាក់ទី១២ រត់ចេញពីផ្ទះវីឡាមួយកន្លែងដែលមានការបង្ខាំងយុវតី១០នាក់ផ្សេងទៀតនៅទីនោះ​។​ គ្រួសារយុវតីនេះ រស់នៅក្នុងខណ្ឌដង្កោ ហើយថា វីឡាដែលបង្ខាំងយុវតីទាំងនោះស្ថិតនៅក្នុងខណ្ឌចំការមន។​

ទោះយ៉ាងណាអធិការនគរបាលខណ្ឌដង្កោ លោក ជីម ស៊ីថា ប្រាប់វីអូឌី កាលពីម្សិលមិញថា តាមការស្រាវជ្រាវបឋមយុវតីនោះមិនមានការបង្ខាំងដូចការផ្សព្វផ្សាយទេ។​ លោកបន្តថា ក្រុមការងារលោកសហការជាមួយនគរបាលខណ្ឌចំការមន ពិនិត្យមើលកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ គឺឃើញយុវតីនោះដើរ ហើយនិយាយទូរសព្ទធម្មតា ចំណែកផ្ទះដែលសង្ស័យថា មានការបង្ខាំងយុវតីនោះ ពេលសមត្ថកិច្ចពិនិត្យក៏រកមិនឃើញដែរ។​

លោក ជីម ស៊ីថា អះអាងថា លោកនៅតែបន្តសហការជាមួយមន្ត្រីពាក់ព័ន្ធដើម្បីស្រាវជ្រាវករណីនេះ បន្ថែមទៀត។​

លោក ស៊ុម វឌ្ឍនា ដែលអះអាងថា កូនស្រីរបស់លោកត្រូវគេចាប់បង្ខាំងនោះ ថ្លែងថា ពេលនេះកូនស្រីរបស់លោកសម្រាកនៅមន្ទីរពេទ្យ ដោយមានអាការៈដូចត្រូវថ្នាំ ពិបាកក្នុងខ្លួន និងមានការភ័យខ្លាចខ្លាំង។​ លោកអះអាងថា កូនស្រីរបស់លោកបាត់ខ្លួនកាលពីថ្ងៃទី០៣ខែសីហា ដោយថា មានការបង្ខាំងទុកក្នុងវីឡាមួយនៅក្នុងខណ្ឌចំការមន២យប់៣ថ្ងៃ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ