ក្រសួងបង្កើតកម្មវិធីព័ត៌មានតាមអ៊ីនធឺណេតសម្រាប់កសិករ

កិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសទាំងពីរ ទៅលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (រូបភាព៖ វេបសាយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)

ក្រសួងប្រៃសណីយ៍និងទូរគមនាគន៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជ្រើសរើសយកស្រុកមួយនៅក្នុងខេត្តតាកែវ បង្កើតជាកន្លែងដែលពលរដ្ឋអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតបានដើម្បីទទួលព័ត៌មានជុំវិញវិស័យកសិកម្ម។​

អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍នៃក្រសួងប្រៃសណីយ៍ លោក អ៊ឹម វត្ថា បានប្រាប់វី.អូ.ឌីនៅថ្ងៃនេះថា គម្រោងនោះឈ្មោះ “ភូមិឌីជីថល”  រៀបចំនៅក្នុងស្រុកទ្រាំង ដែលរៀបចំឲ្យមានប្រព័ន្ធអ៊ីនធឺណេត មានហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងបច្ចេកវិទ្យាធ្វើយ៉ាងណាឲ្យពលរដ្ឋអាចទទួលបានព័ត៌មានពាក់ព័ន្ធវិស័យកសិកម្ម។​

ភូមិឌីជីថលនេះបង្កើតឡើងដើម្បីឲ្យមានប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអឺុនធឺណេតមួយទៅប្រជាកសិករដែលរស់នៅក្នុងស្រុកហ្នឹង ដើម្បីឲ្យគាត់មានទុនក្នុងការធ្វើកសិកម្មរបស់គាត់ប្រកបដោយបច្ចេកវិទ្យា ហើយនឹងតម្រូវការទីផ្សារ ដើម្បីធ្វើវាឲ្យមានភាពសមស្របទៅតាមទីផ្សារនិងបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម

អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍នៃក្រសួងប្រៃសណីយ៍ លោក អ៊ឹម វត្ថា

ស្រុកទ្រាំង ខេត្តតាកែវត្រូវបានឥណ្ឌាជ្រើសរើសជា តំបន់សាកល្បងដែលគេហៅថា ផាយឡុតប្រូជេក ( Pilot Project ) ពីព្រោះខេត្តតាកែវគឺជាខេត្តមួយដែលមានសក្ដានុពលកសិកម្មធំ។

លោក អឹុម វត្ថា បានបន្ដថា ទោះបីជាយ៉ាងណាគម្រោងមួយនេះនៅពំុទាន់មានពេលវេលា និងចំណាយទុនជាក់លាក់ប៉ុន្មាននោះទេ ពីព្រោះគេត្រូវធ្វើការសាកល្បងសិន ប្រសិនបើគម្រោងនេះជោគជ័យគេនឹងបន្ដវិសាលភាពទៅកាន់បណ្ដាស្រុក ឬខេត្តផ្សេងទៀត។

អគ្គលេ​ខាធិការ​សម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន មានប្រសាសន៍ថា បើគម្រោងនេះដំណើរការល្អមានសារៈសំខាន់សម្រាប់កសិករ ដោយលោកថា កសិករបច្ចុប្បន្ន កំពុងខ្វះព័ត៌មាន។​

ប្រសិនបើភូមិឌីជីថលដែលពោរពេញទៅដោយការប្រមូលផ្ដុំទៅដោយព័ត៌មាន ការផ្ដល់ជំនាញវិជ្ជាជីវៈកសិកម្ម ខ្ញុំគិតថាវាល្អហើយសម្រាប់កសិករយើង ពីព្រោះកសិករយើងបច្ចុប្បន្នគាត់កង្វះបំផុតគឺព័ត៌មាន មិនដឹងថាទីផ្សារព័ត៌មាននឹងត្រូវផលិតអីឲ្យត្រូវទៅលើទីផ្សារ តម្រូវការចាំបាច់បំផុតរបស់អ្នកទទួលទិញ និងអ្នកផលិតហ្នឹងទេ

អគ្គលេ​ខាធិការ​សម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន

ប្រទេសកម្ពុជា មិនមែនជាប្រទេសដំបូងដែលឥណ្ឌាធ្វើគម្រោងភូមិឌីជីថលទេ។ ឥណ្ឌាធា្លប់បានសហការជាមួយបណ្ដាប្រទេសនានានៅក្នុងអាស៊ានដូចជា ឡាវ វៀតណាម និងប្រទេសនៅឥណ្ឌូចិនផ្សេងទៀតផងដែរ។

កិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសទាំងពីរ ទៅលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (រូបភាព៖ វេបសាយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ