រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថាក្នុងរយៈពេល៦ខែនៃឆ្នាំ២០១៨នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកើនឡើង១១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទីភ្នាក់ងារសារព័ត៌មានជាតិ AKP បានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន់ សូរស័ក្កិ ក្នុងពេលដែលលោកជួបជាមួយបេក្ខជនដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនកាលពីម្សិលមិញថា ក្នុងរយៈពេល៦ខែនៃឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបាន ១៣ ៩៨៥លានដុល្លារ ក្នុងនោះការនាំចេញ មានចំនួនប្រមាណ ៥ ៧៩៤លានដុល្លារ គឺកើនឡើង១១ភាគរយ ចំណែកការនាំចូល មានចំនួន ៨ ១៩១លានដុល្លារ គឺបានកើន ១០,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។
លោកក៏បានបញ្ជាក់ថា ការនាំចេញសម្លៀកបំពាក់ នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ មានចំនួន ៤ ១៤៣លានដុល្លារ កើនឡើងប្រមាណ ១១ភាគរយ ហើយផលិតផលកសិកម្ម មានចំនួន ២៧២ លានដុល្លារ គឺបានកើនឡើង ៨ភាគរយ ខណៈការនាំចេញផ្សេងៗ មានចំនួន ១ ៣៧៩ លានដុល្លារ គឺបានកើនឡើង ១៤ភាគរយ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃនេះថាប្រទេសដែលកម្ពុជានាំចេញច្រើនជាងគេមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងកាណាដា ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ពីប្រទេសដែលនាំចូលមកកម្ពុជាច្រើនជាងគេបាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ
ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោក ម៉ី កល្យាណ មានប្រសាសន៍ថាការកើនឡើងនៃទំហំពាណិជ្ជកម្មនេះជារឿងល្អសម្រាប់កម្ពុជា បើទោះបីឆ្នាំនេះជាឆ្នាំបោះឆ្នោតក៏ដោយ។
ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោក ម៉ី កល្យាណ
បញ្ហានយោបាយបន្ទាប់ពីបោះឆ្នោតរួច ហាក់បានធ្វើឲ្យកម្ពុជាមានការរកាំរកូសជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាអ្នកបញ្ជារទិញធំពីកម្ពុជាខណៈលោក ម៉ី កល្យាណ ថាលោកពិបាកផ្តល់យោបល់ចំពោះការសម្រេចចិត្តរបស់ប្រទេសទាំងនោះណាស់ តែលោកយល់ថាកម្ពុជាគួរផលិតផលិតផលឲ្យបានច្រើនមុខ និងទីផ្សារឲ្យបានច្រើនដើម្បីបញ្ចៀសបញ្ហាដែលអាចកើតឡើងជាយថាហេតុណាមួយក្នុងឆមាសទី២នៃឆ្នាំ២០១៨នោះ។
ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោក ម៉ី កល្យាណ
ប៉ុន្តែសម្រាប់ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ ថាមិនមានសញ្ញាណមិនល្អណាមួយពីប្រទេសទាំងនោះចំពោះពាណិជ្ជកម្មនោះទេ បើទោះបីជាប្រទេសទាំងនោះប្រកាសមិនគាំទ្រការបោះឆ្នោតកាលពីចុងខែកក្កដាកន្លងមកយ៉ាងណាក្តី។
កាលពីឆ្នាំ២០១៧កន្លងទៅ ការនាំចេញរបស់កម្ពុជាមានតម្លៃប្រមាណ ១១,២ពាន់លានដុល្លារ គឺបានកើនឡើង ៩,២ភាគរយ ធៀបនឹងឆ្នាំ២០១៦ ដែលមានទឹកប្រាក់ ១០,២ពាន់លានដុល្លារខណៈការនាំចូលមានទំហំ ១៥,៥ពាន់លានដុល្លារ គឺបានកើន ៩,៨ភាគរយ ធៀបនឹង១៤,១ពាន់លានដុល្លារ៕