ស្ថានទូតចិន​នៅកម្ពុជាចែកអំណោយដល់អ្នករងគ្រោះដោយសារទឹកជំនន់នៅកំពង់ចាម

ឯកអគ្គរដ្ឋទូត Xiong Bo នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា (រូបភាព៖ ហ្វេសប៊ុក Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆)

ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានចុះចែកអំណោយដល់​ប្រជាពលរដ្ឋចំនូន ១៥០០គ្រួសារ ដែល​រងគ្រោះដោយសារទឺកជំនន់ នៅខេត្តកំពង់ចាម កាលពីម្សិលមិញ​នេះ។

ទំព័រហ្វេសប៊ុកផ្លូវការ​របស់ស្ថានទូតចិន បានឲ្យដឹង លោក សុង បូ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន បាននាំអំណោយក្នុងនោះរួមមានអង្ករ មីកញ្ចប់ ភេសជ្ជៈ ត្រីខកំប៉ុង ជាដើម ដែលមានតម្លៃជាទឹកប្រាក់ ៣០ម៉ឺនយ័ន ឬប្រមាណជាជាង៤ម៉ឺន​ដុល្លា យកទៅ​ចែកជូនដល់ក្រុមគ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន១៥០០គ្រួសារនៅស្រុកកោះសូទិន ខេត្ត​កំពង់ចាម។ សកម្មភាពនេះក៏មានការចូលរួមពី សហព័ន្ធយុវជនកម្ពុជារបស់ លោក ហ៊ុន ម៉ានី ផងដែរ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ លោក កែវ វី បានប្រាប់វីអូឌីនៅថ្ងៃនេះថា​ ខេត្តចំនួន៦ រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង កណ្តាល និងព្រៃវែង បានទទួលរងគ្រោះដោយទឹកជំនន់ ប៉ះពាល់ដល់ពលរដ្ឋ​៨២៩៦៤គ្រួសារ ហើយបណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៨នាក់ និងរបួស៦នាក់។

ប្រភពខាងលើបានបន្ថែមឲ្យដឹងដែរថា មានការខូចខាតផ្ទះចំនួន២៨ខ្នងដោយសារបាក់ច្រាំងទន្លេ និងសាលារៀនចំនួន២១២ កន្លែង វត្តអារាមចំនួន១០៥កន្លែង និងមណ្ឌលសុខភាពចំនួន១៨កន្លែងរងការលិច ហើយដំណាំស្រូវលិចទឹកមាន ចំនួន​៣៧៨១០ហិចតា ក្នុងនោះខូចចំនួន ៧០៧២ ហិចតា និងដំណាំរួមផ្សំនិងដំណាំចំការដែលលិចទឹកមានចំនួន ៦៦៤៣ហិចតា ក្នុងនោះខូចចំនួន ២០៣៩ ហិចតាផងដែរ៕​

ក្រុមគ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន១៥០០គ្រួសារនៅក្នុងខេត្តកំពង់ចាម (រូបភាព៖ ហ្វេសប៊ុក Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ