LDP ប្រកាស​មិន​ចូល​រួម​ជំនួប​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី ខណៈ​បក្ស​មួយ​ចំនួន​ទៀត​កំពុង​ពិចារណា

មេដឹកនាំគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិតេយ្យ លោក ខឹម វាសនា ក្នុងថ្ងៃឃោសនាបក្ស ថ្ងៃទី ២៧ កក្កដា ២០១៨

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​បញ្ជាក់​ថា​ខ្លួន​នឹង​មិន​ចូល​រួម​វេទិកា​ពិគ្រោះ​យោបល់​ជា​មួយនាយក​រដ្ឋ​មន្ត្រី​នោះ​ទេ ខណៈ​បក្ស​មួយ​ចំនួន​ទៀតថា​ខ្លួនកំពុង​ពិចារណា។

​ប្រធាន​គណបក្ស​​សម្ព័ន្ធ​ដើម្បីប្រជា​ធិបតេយ្យ​លោក ខឹម វាសនា​ បាន​បញ្ជាក់​ប្រាប់​VOD ថាគណបក្សលោក​​នឹងមិន​ចូល​រួម​ក្នុង​វេទិកា​ពិគ្រោះ​​យោ​បល់​​រវាង​រដ្ឋាភិបាល​ និង​គណបក្ស​នយោបាយ​ទាំង​២០ ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី ២១ សីហា​ខាង​មុខ​នោះ​ទេ ដោយ​ថាគ្មានប្រយោជន៍ និង​គ្រាន់​តែ​ជា​រូប​ភាព​បិទ​បាំង​រឿងអាក្រក់​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ។

ពូមិន​ត្រូវ​ការ​សំណូម​ពរ​ មិន​ត្រូវ​ការ​លើក​អីទេ! ចិត្ត​របស់​ពូ​គឺ​ចង់​រៀប​ចំ​ប្រព័ន្ធ​មួយ​ឲ្យមនុស្ស​ធ្វើ​ការ​តែ​ម្តង​​ មិន​មែន​លើក​ហើយស៊ីសង​លើ​ឆន្ទៈគេធ្វើ​ឬ​មិន​ធ្វើ​នោះទេ។ ពូចង់​និយាយ​ពីប្រព័ន្ធ​ដែល​វា​រែងឲ្យ​មនុស្ស​ធ្វើ​ការ​ងារ​ដោយ​ប្រព័ន្ធ​ច្បាប់ដែល​រុញហ្មង តែ​មិន​ធ្វើ​គឺ​មាន​ប្រព័ន្ធ​រុញទំលាក់តែ​ម្តង។ ពូ​ផ្តោ​តទៅ​លើ​ប្រព័ន្ធ​ជាង​សំណូម​ពរឬ​ដល់​អញ្ចឹង​ពូ​មិន​ចង់​ទៅតែ​ម្តង

ប្រធាន​គណបក្ស​​សម្ព័ន្ធ​ដើម្បីប្រជា​ធិបតេយ្យ​លោក ខឹម វាសនា​

មិន​ខុ​សពីលោកខឹម វាសនា ប្រធាន​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋា​ន​លោក យ៉េង វីរៈ​ មាន​ប្រសាសន៍​ថា វេទិកា​នេះ​មិនអាច​ដោះ​ស្រាយ​​​បញ្ហា​ដែល​កម្ពុជា​ជួប​ប្រទះ​នោះ​ទេ តែ​លោក​ថា​គណបក្ស​លោកនឹង​​ពិចារណា​ថា​ទៅ​ចូល​រួម​ ឬ​មិន​ចូល​រួម។

វេទិការ​ហ្នឹង​គឺគ្រាន់​តែ​ជា​គំនិត​មួយ​ទេ! តែ​អ្វីដែល​ត្រូវ​ធ្វើ​ហ្នឹង​គឺ​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ លើក​សារ​នៅកន្លែង​ណា​ក៏​ដោយ​មន្ត្រី​សារធារណៈ​របស់គាត់គឺ​ថាត្រូវ​តែ​ស្តាប់​ត្រូវ​តែឮ​យក​មក​ពិចារណា យក​មក​ដោះស្រាយ តំណាង​រាស្ត្ររបស់​គណបក្សប្រជា​ជន​ទាំង​១២៥នាក់​ហ្នឹង​គឺ​ត្រូវ​ធ្វើ​អញ្ចឹង។​ មិន​មែន​ថា​ទាល់​តែ​អង្គុយ​ឲ្យ​មាន​វេទិការ​សូត្រ​ធម៌​ឲ្យ​យើង​ស្តាប់អញ្ចឹង​ទេ

ប្រធាន​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋា​ន​លោក យ៉េង វីរៈ​

អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រលោក ស៊ិន វណ្ណារិទ្ធ ថា​គណបក្ស​លោក​មិន​ទាន់​អាច​ឆ្លើយតប​បាន​នៅ​ឡើយ​ទេចំពោះ​ការ​ចូល​រួម​នោះ​ ដោយ​រង់​ចាំ​ការ​សម្រេច​ជា​មួយ​ប្រធាន​បក្ស​ជា​មុន​សិន តែ​​លោក​យល់​ថា​វេទិកា​ជំនួប​រវាងនាយក​រដ្ឋ​មន្ត្រី​ និង​គណបក្ស​នយោបាយ​នោះគឺ​គ្រាន់​តែ​រូបភាព​មួយ​ដែល​ធ្វើ​ឲ្យ​បក្ស​ប្រកួត​ប្រជែង​ការ​បោះឆ្នោតស្ងប់​ចិត្ត​ប៉ុណ្ណោះ។

ប្រធានគណបក្ស​រស្មីខេម​រាលោក ស៊ិន សុភាព ដែល​ជា​បក្សមួយ​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោតអាណត្តិ​នេះ​ពុំ​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា​នឹង​ចូល​រួម​ឬ​យ៉ាង​ណាដោយ​ថានៅរង់​ចាំ​ការសម្រេច​ពីគណៈ​អចិន្ត្រៃយ៍​បក្ស​ជា​មុន​សិន បើ​ទោះ​បី​លោក​យល់​ថាការ​ការ​ចូល​រួម​ពិភាក្សានេះ​ ហាក់​បង្ហាញ​ថា​ចាញ់​ប្រៀបលោក​ហ៊ុន សែន ក៏​ដោយ​ក្តី។

ធម្មតា​របៀប​គេ​ហៅ​ឲ្យ​ចូល​រួម​ប្រជុំ​ហ្នឹង​របៀប​គេ​ឲ្យ​ចូល​រួម​ជា​មួយគេអី​ហ្នឹង​ដើម្បីកុំ​ឲ្យ​មាន​ទំនាំង​ទំនាស់ តែ​ជំ​ហរ​ខ្ញុំជា​ប្រធា​ន​ហ្នឹង​គឺ​ខ្ញុំ​មិន​អាច​យក​បាន​ទេ! ព្រោះ​ខ្ញុំ​អ្នក​ចេះ​ដឹង​មួយ​ដែរ​ អ្នក​នយោបាយ​នឹង​គេ​ដែរ​ដល់​ពេល​គេ​បំផ្លើស​នៅ​ហ្នឹង​មុខ​ពេក​វា​អត់​កើត

ប្រធានគណបក្ស​រស្មីខេម​រាលោក ស៊ិន សុភាព

កាលពីថ្ងៃ​ទី​១៥ សីហា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​​​ប្រកាសថា​​ នឹងបង្កើតឲ្យមានវេទិកា​ពិ​​គ្រោះ​​​​​យោ​បល់ ជា​មួ​យ​​​​​គ​ណ​​​​​​​ប​ក្សដែ​ល​បា​ន​​​ចូ​​លរួម​ប្រកួតការ​បោះឆ្នោតមុនបង្កើតរដ្ឋាភិបាលថ្មី ដើម្បីប្រមូលគំនិត​ជំរុញ​ដល់​​​កា​​​រ​​អ​​​​ភិ​​វឌ្ឍ​បែ​ប​​ប្រ​ជាធិ​ប​តេ​យ្យ សេ​រី ពហុប​ក្ស។

អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី គាំទ្រការបង្កើតវប្បធម៌សន្ទនា ប៉ុន្តែថា​អ្វីដែលបា​នលេ​ចចេ​ញ​ពេ​លនេះ ជាយុទ្ធសាស្ត្រចាស់ ដែលអ្នកនយោបាយធ្លាប់ធ្វើ​  ដើម្បីទាក់ទាញការគាំទ្រពីសហគមន៍ជាតិ និងអន្តរជាតិ ។

​​អ្នកវិភាគនយោបាយរូបនេះ យល់ថា ល្បែងនយោបាយចាស់ យកមកសម្តែងថ្មីទៀតនេះ ទំនងជា មាន​កា​រ​ពិ​​បា​ក​ទាក់​ទាញ​ឲ្យសហគមន៍អន្តរជាតិជឿ បើធៀបទៅនឹងការសម្តែងកាលពីអតីតកាល។

ទោះបីមានការចូលរួមពីគណបក្សទាំង១៩ហ្នឹងក៏ដោយ ក៏ប៉ុន្តែសំខាន់ថាតើ​ការបោះឆ្នោត​កន្លង​ទៅ​សួ​​រថាតើ​គេ​ទទួលស្គាល់ ឬមិនទទួលស្គាល់

អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី

លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦ បាន​ឲ្យ​ដឹងថា​គណបក្សប្រជា​ជន​កម្ពុជារបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​កាន់​កាប់​អាសនៈ​ទាំង​អស់១២៥​នៃ​រដ្ឋ​សភា ​ធ្វើ​ឲ្យ​សភាអាណត្តិ​ទី​៦គ្មាន​សំឡេង​បក្សប្រឆាំងនោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ