មូលនិធិការពារសិទ្ធិមនុស្សអន្តរជាតិមួយ បានថ្កោលទោសចំពោះការចោទប្រកាន់ប្រឆាំងនឹងមន្រ្តីនិងអតីតមន្រ្តីអង្គការអាដហុក ហើយក៏ជម្រុញឲ្យកម្ពុជាទម្លាក់ការចោទប្រកាន់ទៅលើអ្នកការពារសិទិ្ធមនុស្សទាំងនោះផងដែរ។
មូលនិធិការពារសិទ្ធិមនុស្សឈានមុខ(Front Line Defenders) ដែលការពារក្រុមអ្នកការពារសិទ្ធិមនុស្សបានជំរុញឲ្យកម្ពុជាទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹង លោក ណៃ វ៉ង់ដា លោកនី សុខា លោកយី សុខសាន្ត អ្នកស្រី លឹម មុន្នី និងលោក នី ចរិយា ដោយគ្មានលក្ខខណ្ឌ។
Front Line Defenders ក៏ស្នើឲ្យកម្ពុជាធានាថាការជំនុំជម្រះត្រូវធ្វើឡើងដោយយុត្តិធម៌ស្របតាមស្តង់ដារអន្តរជាតិ និង ធានាថាគ្រប់កាលៈទេសៈទាំងអស់ដែលអ្នកការពារសិទិ្ធមនុស្សនៅកម្ពុជាអនុវត្តន៍សកម្មភាពសិទិ្ធមនុស្សរបស់ពួកគេដោយគ្មានការភ័យខ្លាចចំពោះការសងសឹកនិងមិនមានការរឹតត្បិត។
កាលពីថ្ងៃទី១២ សីហា ២០១៨នេះ អ្នកការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានទទួលដីកាកោះ ដែលចុះថ្ងៃទី៩ សីហា ចេញដោយព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ដោយកោះហៅទៅចូលរួមសវនាការនៅព្រឹកថ្ងៃទី ២៧ សីហា ២០១៨ នៅសាលាដំបូងរាជធានីភ្នំពេញ ។ បន្ទាប់មក លោក នី ចរិយា ក៏ទទួលបានដីកាកោះហៅដូចគ្នាផងដែរ។
គួររំលឹកដែរថាមន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប. លោក នី ចរិយា ដែលជាអតីតមន្រ្តី អាដហុក ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង ១ឆ្នាំ ក្រោមការចោទប្រកាន់ថា បានសូកប៉ាន់សាក្សី និងសមគំនិតក្នុងរឿងសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងសំណុំរឿងនាង ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថា មានទំនាក់ទំនងស្នេហាចម្រូងចម្រាសជាមួយមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា៕