លោក មាស សុភា លា​ឈប់​ពី​​តំណាងរាស្ត្រ វិល​ត្រឡប់​ទៅ​តំណែង​ដើម

អតីត​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក លោក មាស សុភា (រូបភាព៖ កម្ពុជាថ្មី)

អតីត​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក លោក មាស សុភា បាន​លា​ឈប់​ពី​បេក្ខជន​តំណាង​រាស្ត្រ​បក្ស​​កាន់​អំណាច ហើយ​វិល​ត្រឡប់​ទៅ​កាន់​តំណែង​ដើម​របស់​លោក​វិញ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប លោក ហង្ស ពុទ្ធា បាន​ថ្លែង​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា លោក មាស សុភា ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​នៅ​មណ្ឌល​ខេត្ត​ព្រះវិហារ​នោះ នឹង​វិល​ត្រឡប់​ទៅ​កាន់​តំណែង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​វិញ បន្ទាប់​ពី​លោក​លាលែង​ពី​តំណែង​​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់វីអូឌីថា តំណែង​តំណាង​រាស្ត្រ​តែ​មួយ​គត់​របស់​មណ្ឌល​ខេត្ត​ព្រះវិហារ នឹង​ត្រូវ​ប្រគល់​ទៅ​បេក្ខជន​ម្នាក់​ទៀត​ដែល​ឈរ​នៅ​លេខ​រៀង​បន្ទាប់​ពី​លោក មាស សុភា។

លោក មាស សុភា និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​យោធា ២​រូប​ទៀត មាន​លោក ប៉ុល សារឿន អគ្គ​មេ​បញ្ជាការ​កង​ទ័ព និង​លោក គន់ គីម អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព និង​ជា​នាយ​សេនា​ធិការ​ចម្រុះ​នៃ​កង​ទ័ព​ផង​នោះ បាន​ដាក់​ពាក្យ​ព្យួរ​តំណែង​របស់​ខ្លួន ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ