បក្សមួយចំនួនថា នឹងចូលរួមវេទិកា​​រៀបចំ​ដោយ​រដ្ឋាភិបាល​នៅ​ថ្ងៃស្អែក ខណៈ​បក្ស​ផ្សេង​ទៀត​បដិសេធ

កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែកដឹកនាំដោយលោក ហ៊ុន សែន នៅថ្ងៃទី២១ តុលា (ប្រភពហេ្វសប៊ុក)

គណបក្ស​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​គណបក្ស​នយោបាយ ១៩ ដែល​បាន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ប្រកួត​ប្រជែង​ទល់​នឹង​គណបក្ស​កាន់​អំណាច​នោះ បាន​ឲ្យដឹង​ថា ពួកគេ​នឹង​ចូល​រួម​ក្នុង​វេទិកា​មួយ ដែល​នឹង​រៀបចំឡើង​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ស្អែក​នេះ។

លោក ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៥​សីហា​ថា ​លោក​នឹង​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​គណបក្ស​នយោបាយ ដែល​មិន​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា នៅមុនបង្កើតរដ្ឋាភិបាលថ្មី ដើម្បីប្រមូលគំនិត​ជំរុញ​ដល់​​​កា​​​រ​​អ​​​​ភិ​​វឌ្ឍ​តាមបែ​ប​​ប្រ​ជាធិ​ប​តេ​យ្យ​សេ​រីពហុប​ក្ស។

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានប្រាប់វីអូឌីថា លោក​នឹង​ចូល​រួម​នៅ​ក្នុង​វេទិកា​មួយ​នេះ ដោយ​លោក​ថា ដើម្បី​ចូល​រួម​ផ្ដល់​ទស្សនៈ​របស់​បក្ស​លោក និង​ដើម្បី​កុំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នៅ​ក្នុង​រដ្ឋ​សភា។

ឥឡូវ ប្រសិនជាយើងអត់មាននរណាមួយនៅរដ្ឋសភា ហើយគេអញ្ជើញយើងឲ្យចូលរួម ដើម្បីផ្តល់ទស្សនៈ​របស់យើង ហើយយើងអត់ទៅទៀត អាហ្នឹងគេជិះសេះលេងដៃ ហើយយើងអត់មានសិទ្ធិអីតវ៉ាជាមួយគេទៀតទេ

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ

ដូច​ទៅ​នឹង​លោក សូណង់ដូ ផង​ដែរ ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បានប្រាប់​ថា លោក​ក៏​នឹងចូលរួមក្នុង​វេទិកា​ពិគ្រោះ​យោបល់​នោះ​ផង​ដែរ ហើយ​លោក​ចាត់​ទុក​វេទិកា​នេះ​ថា នឹងបណ្តុះនូវ​គំនិតថា បើទោះជាបក្សនីមួយៗមាននិន្នាការផ្សេងគ្នា ក៏អាចជជែកគ្នាបានដែរ។

[…] យើងមិនចង់ឃើញវប្បធម៌ដូចមុនដែលអ្នកប្រឆាំងនឹងអ្នកកាន់អំណាចហាក់បីដូចជាពុះ​ដីចែកគ្នា​អញ្ចឹង​ មិនអាចជជែកគ្នាពិភាក្សាគ្នាលើបញ្ហាជាតិបាន។ ដូច្នេះ ខ្ញុំចង់ផ្លាស់ប្តូរនូវវប្បធម៌បែបនោះ ដោយយើង​ចូលរួមជជែក ពិភាក្សាជាមួយគ្នា ហើយយើងនឹងលើកយកបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងការប្រឈម​របស់ប្រទេសជាតិ​យើង ដូចជា បញ្ហាទាក់ទងទៅនឹងកម្មករ បញ្ហាទាក់ទងនឹងវិស័យសុខាភិបាល វិស័យអប់រំ និង​បញ្ហាមួយចំនួនទៀតទាក់ទងនឹងការ​បោះឆ្នោតដែរ

ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា

ប្រធានគណបក្សសញ្ជាតិកម្ពុជា លោក សេង សុខេង បាន​ប្រាប់​ថា លោក​​ក៏នឹងទៅចូលរួមការជួបប្រជុំនៅថ្ងៃស្អែក​នេះ​ផង​ដែរ ដោយថា ចង់​ចូលរួមក្នុងការអភិវឌ្ឍរបស់ប្រទេស ហើយចង់ធ្វើការពិភាក្សាពីចន្លោះប្រហោងគោលនយោបាយរបស់រដ្ឋាភិបាល។

ខ្ញុំគិតថា វាជាជំហានថ្មីមួយដែលរាជរដ្ឋាភិបាល ជាពិសេស គឺបក្សឈ្នះឆ្នោត គាត់ចង់បង្ហាញឲ្យ​មានការចូលរួមរវាងបក្សដែលមិនបានអាសនៈនៅក្នុងរដ្ឋសភាហ្នឹង ដើម្បីមានការតាមដានរដ្ឋាភិបា។ […] មួយទៀត ជាការចូលរួមចំណែកមួយ ដើម្បីឲ្យគណបក្សដែលមិនបានអាសនៈ​ហ្នឹង ចូលរួមក្នុងការកសាងប្រទេសជាតិដែរ

ប្រធានគណបក្សសញ្ជាតិកម្ពុជា លោក សេង សុខេង

ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លោក ហួន រាជចំរើន បាន​ឲ្យ​ដឹង​ថា បើទោះបីជាគណបក្ស​លោក​ប្រកាសមិនទទួលស្គាល់​ការបោះឆ្នោតអាណត្តិទី៦នេះក៏ដោយ ប៉ុន្តែ លោក​ថា លោក​នឹង​ចូលរួមក្នុង​ជំនួបនេះផងដែរ ព្រោះលោកយល់ស្របនឹងការបង្កើតឲ្យមានវេទិកា​ជំនួបរវាងរាជរដ្ឋាភិបាល និងគណបក្ស ១៩​ផ្សេង​ទៀត។

យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលធ្វើពេលនេះ គឺចំទិសដៅរបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រោះយើងមានគោលនយោបាយតែមួយ រួបរួមជាតិ ឈរលើជំហរឯកភាពជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ។ អញ្ចឹង យើងអត់មានទាមទារអ្វីទេ ព្រោះគោលនយោបាយរដ្ឋាភិបាល គឺស្របនឹងគោលនយោបាយរបស់ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។ អញ្ចឹង យើងឃើញថា ត្រឹមត្រូវហើយ

ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លោក ហួន រាជចំរើន

ចំណែកគណបក្សខ្មែរឈប់ក្រវិញ នៅថ្ងៃនេះបានដាក់លិខិតបដិសេធ មិនចូលរួមក្នុង​វេទិកា​នៅថ្ងៃស្អែក​នេះ​ទេ ដោយ​លើក​ឡើង​ថា វេទិកា​នេះ នៅតែមិនទាន់មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅឡើយ។

អគ្គលេខាធិការគណបក្សខ្មែរឈប់ក្រ លោក ស៊ិន វណ្ណារិទ្ធ បានប្រាប់វីអូឌីថា ការប្រជុំនេះជាវេទិកាមួយល្អ ក៏ប៉ុន្តែ បើទោះជាចូលរួម គឺបានត្រឹមតែស្តាប់នូវយុទ្ធសាស្ត្រនានារបស់គណបក្សកាន់អំណាចតែប៉ុណ្ណោះ។

យើងយល់ឃើញថា ការចូលរួមនេះ វាមិនបានប្រយោជន៍ជារួមដល់ប្រជាពលរដ្ឋទាំងអស់ ដោយសារសម្តេចនាយក លោកថា គណបក្សនយោបាយអាចចូលរួមប្រជុំ ឬក៏ចូលរួមធ្វើការជាមួយរដ្ឋាភិបាលបាន ប៉ុន្តែ អត់អាចយកគោលនយោបាបាយ​នីមួយៗ យកទៅបញ្ជូលក្នុងរដ្ឋាភិបាលថ្មីទេ។ អញ្ចឹង​ត្រូវ​តែធ្វើតាមគោលការណ៍របស់​គណបក្សប្រជាជន។ អញ្ចឹង​ហើយយើងយល់ឃើញថា វានៅតែ​អត់មានសិទ្ធិក្នុងការបញ្ចេញមតិ ឬក៏ផ្តល់អនុសាសន៍ ឬ​ក៏គំនិត ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យមានការទូលំទូលាយនោះទេ

អគ្គលេខាធិការគណបក្សខ្មែរឈប់ក្រ លោក ស៊ិន វណ្ណារិទ្ធ

មិន​មែន​មាន​តែ​គណបក្ស​ខ្មែរ​ឈប់​ក្រ​ទេ ដែល​បដិសេធ​ចូល​រួម​វេទិកា​នោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែល​ដឹកនាំ​ដោយ​លោក ខឹម វាសនា ក៏​នឹង​មិនចូលរួមក្នុងវេទិកាពិគ្រោះយោបល់នៅថ្ងៃស្អែក​នេះដែរ។

កាលពីថ្ងៃទី១៧ ខែសីហា លោក ខឹម វាសនា បានប្រាប់វីអូឌីថា វេទិកា​នោះ គ្មានប្រយោជន៍ និង​គ្រាន់​តែ​ជា​រូប​ភាព​បិទ​បាំង​រឿងអាក្រក់​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦ បាន​ឲ្យ​ដឹងថា ​គណបក្សប្រជា​ជន​កម្ពុជារបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​កាន់​កាប់​អាសនៈ​ទាំង​អស់ ១២៥​នៃ​រដ្ឋ​សភា ​ធ្វើ​ឲ្យ​សភាអាណត្តិ​ទី​៦ គ្មាន​សំឡេង​បក្សប្រឆាំងនោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ