អតីតបុគ្គលិកអាស៊ីសេរីបាត់បង់ផ្ទះនិងប្រឈមបញ្ហាជីវភាពក្រោយចេញពីពន្ធនាគារ

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ

អតីតអ្នកសាព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ដែលទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីម្សិលមិញ កំពុងប្រឈមមុខបញ្ហាមួយចំនួនដូចជា បាត់បង់ផ្ទះដែលខ្លួនទិញបង់រំលោះនិងកំពុងជួបបញ្ហាប្រឈមរឿងជីវភាព ប៉ះពាល់បញ្ហាផ្លូវកាយ ផ្លូវចិត្តផ្ទាល់ខ្លួននិងក្រុមគ្រួសារ។

ថ្លែងប្រាប់VODតាមទូរសព្ទនៅព្រឹកនេះ លោក យាង សុធារិន្ទ ឲ្យដឹងថា លោកទទួលនូវការខូចខាតពីការឃុំខ្លួន ដោយថាបាត់បង់ទាំងផ្ទះ ប៉ះពាល់ដល់ទាំងក្រុមគ្រួសារលោកទាំងមូល។

រហូតដល់ពេលនេះខ្ញុំបានបាត់បង់ផ្ទះមួយដែលខ្ញុំបានទិញបង់រំលោះ តាមពិតខ្ញុំត្រូវចូលនៅពីរបីខែកន្លងមកហើយបើសិនជាមិនមានការចាប់ខ្លួនខ្ញុំ។ សម្រាប់កូនខ្ញុំវិញការសិក្សារៀនសូត្រមួយរយៈពេលហ្នឹងគឺគាត់មិនមានស្មារតីអីរឹងមាំក្នុងការរៀនសូត្រ ហើយគាត់ប៉ះពាល់ទៅដល់ផ្លូវចិត្ត ហើយឪពុករបស់ខ្ញុំដែលជរាហើយមានជំងឺប្រចាំកាយនៅកម្ពុជាក្រោមអាយុ៨០ឆ្នាំជាងហ្នឹងគាត់ក៏រងទុក្ខលំបាកខ្លាំងណាស់ដែររយៈពេលមួយឆ្នាំនៃការឃុំខ្លួនខ្ញុំ ហើយម្តាយខ្ញុំដូចគ្នា។ ជាពិសេសខ្ញុំក្តុកក្តួលមែនទែនពីយប់មិញនៅពេលដែលខ្ញុំចេញមកខ្ញុំទទួលដំណឹងថាម្តាយមីងខ្ញុំទទួលមរណភាព ហើយសម្រាប់ខ្លួនខ្ញុំវិញប៉ះពាល់ដល់សុខភាព ខ្ញុំស្រកគីឡូ មានបញ្ហាចង្កេះ បញ្ហាផ្លូវដង្ហើម កខ្ញុំនៅតែមានបញ្ហា…

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ

លោក សុធារិន្ទ បន្តថាលោកសំណូមពរឲ្យតុលាការពិចារណាទម្លាក់ចោលនូវការចោទប្រកាន់នេះ ដោយថា ដើម្បីអាចមានសេរីភាពអាចប្រកបមុខរបរចិញ្ចឹមគ្រួសារ និងអាចបានទៅថែទាំឪពុកម្តាយនៅកម្ពុជាក្រោមផង។

ចំណែក លោក អ៊ួន ឈិន ក៏បានស្នើដូចគ្នាដែរ ដោយថា នេះជាឧបសគ្គដល់ជីវភាពរបស់លោកដែលធ្វើឲ្យលោកមិនអាចធ្វើអ្វីបានឡើយនៅពេលនេះ។

បាទ! ចង់ឲ្យថាទម្លាក់ការចោទប្រកាន់ទាំងអស់កុំឲ្យមានអញ្ចឹង! ធម្មតាប្អូនដឹងស្រាប់ហើយ អស់ការងារហើយ ខំប្រមែប្រមូលទុនថាដាក់ដើម្បីជាប្រភពចំណូលសម្រាប់សេដ្ឋកិច្ចគ្រួសារហ្នឹង វារលីងទៅអស់! បងឥឡូវដូចចាប់ផ្តើមជាថ្មីអញ្ចឹង ហើយចាប់ផ្តើមជាថ្មីអត់មានអីចាប់ផ្តើមទៀត ឥឡូវនេះគឺថាដេកនៅស្ងៀមធ្វើអីអត់កើត

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍ខ្លីថា នេះជារឿងផ្ទាល់ខ្លួនរបស់លោកទាំងពីរ និងបិទទូរសព្ទភ្លាម ហើយមិនលើកទូរសព្ទVODបន្តទៀតទេ បើទោះជាមានការព្យាយាមសុំការឆ្លើយតបជាច្រើនដងក៏ដោយ។

ខ្ញុំអត់ដឹងទេ! រឿងផ្ទាល់ខ្លួនរបស់គាត់បាទ!

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ

ការដោះលែងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ បានធ្វើឡើងតែមួយថ្ងៃក្រោយព្រះមហាក្សត្រសម្រេចលើកលែងទោស អ្នកស្រី ទេព វន្នី និង​សកម្មជនដីធ្លី៣រូបផ្សេងទៀត និងធ្វើឡើងមិនដល់មួយសប្តាហ៍នៃការដោះលែង លោក គឹម សុខ អ្នកវិភាគបញ្ហានយោបាយ និងសង្គម។

លោក អួន ឈិន និង​​លោក យាង សុធារិន្ទ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ​ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា បាន​លួច​ផលិត​ព័ត៌មាន​ពី​ប្រទេស​កម្ពុជា​ទៅ​ឲ្យ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ