រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ហាម​មន្ត្រីពន្លត់​អគ្គីភ័យ​ដាក់​លក្ខខណ្ឌ​ដល់​ជន​រងគ្រោះ

ពិធី​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៨៧​គ្រឿង​ ជូន​ស្នងការ​នគរបាល​ខេត្ត​ ក្រុង ដើម្បីដាក់ពង្រាយនៅតាមស្រុក ឃុំ សង្កាត់ ព្រឹកថ្ងៃទី ២២ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ស ខេង)

ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ​ប្រកាស​ហាម​មន្ត្រី​ពន្លត់អគ្គីភ័យ​ទាំង​អស់​ដាក់​លក្ខខណ្ឌដល់​ជន​រងគ្រោះ ដោយបញ្ជាមន្ត្រីទាំង​នោះ​​ត្រូវ​ធ្វើ​ការ​តាម​វិជ្ជាជីវៈឲ្យ​បាន​ត្រឹម​ត្រូវ ខណៈ​មន្ត្រី​ដែល​មាន​ស្នា​ដៃ​ល្អ​ក្រសួង​នឹង​ពិចារណា​លើក​ទឹក​ចិត្ត​ជូន។

ក្នុង​​ពិធី​ប្រគល់​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​៨៧​គ្រឿង​ ជូន​ស្នងការ​នគរបាល​ខេត្ត​ ក្រុង ដើម្បីអន្តរាគមន៍ ទប់ស្កាត់បង្ការ ពន្លត់​អគ្គីភ័យ នៅព្រឹក​នេះ​លោក ស ខេង មាន​ប្រសាសន៍​ថា មន្ត្រី​អគ្គីភ័យ​ជា​មន្ត្រី​របស់​រដ្ឋ​បម្រើ​ប្រជា​ជនដោយ​ហាម​ដាច់​ខាត​មិន​ត្រូវ​យកតួនាទី និង​ភារកិច្ច​របស់​ខ្លួន​យក​ទៅ​ដាក់​លក្ខខណ្ឌ​ ឬ​ទាម​ទារ​សាគុណ​ពី​​ពល​រដ្ឋ​នោះ​ទេ​។

កន្លង​ទៅ​យើង​បាន​កាត់​បន្ថយ​បញ្ហា​នេះ​បាន​ច្រើន​ ហើយ​ក៏​សង្ឃឹម​ថា​អស់​លោក​ លោក​ស្រី និង​បន្ត​ប្រឹង​ប្រែង​តទៅ​ទៀត​ដើម្បីធ្វើការ​នេះ។ ហើយ​ក្រសួង​ក៏​មាន​ភារកិច្ច​ ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត ផ្តល់​តួនាទីឋាន្តរស័ក្តិ ភារៈកិច្ច​ចំពោះ​មន្ត្រី​ដែលបំពេញតួនាទី​បាន​ល្អ ឬ​រង្វាន់​លើក​ទឹក​ចិត្ត​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ទៅបាន​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​ខិត​ខំ​ធ្វើ​ការ

​រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង

ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ នេត វន្ថា បាន​ប្រាប់​VOD ថារហូត​មក​ដល់​ពេល​នេះ​មិន​មាន​​បណ្ដឹង​ពី​ពល​រដ្ឋ​ ករណី​មន្ត្រី​អគ្គី​ភ័យ​ធ្វើ​ខុសវិជ្ជាជីវៈ​​នោះ​ទេ ប៉ុន្តែមាន​ការ​ផ្សព្វផ្សាយ​​តាម​បណ្តាញសង្គមមួយ​ចំនួន​ពី​ករណី​នេះ។ ​ទោះ​ជា​យ៉ាង​ណាលោក​ជំរុញ​ពល​រដ្ឋ​ឲ្យ​​ដាក់ពាក្យ​ប្តឹងផ្លូវ​ការ​មក​នាយក​ដ្ឋាន ដើម្បី​ឲ្យ​នាយក​ដ្ឋាន​មាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​​លើ​​មន្ត្រី​ទាំង​នោះ។ ​

គឺ​ត្រូវ​មាន​ពាក្យ​បណ្ដឹង​ជា​លាយ​ល័ក្ខអក្សរ​បាន​យើង​អាច​ធ្វើ​ការ​ដោះស្រាយ​កើត ក្នុង​នោះ​គឺ​ត្រូវមានការ​កំណត់​ឈ្មោះ​ អត្តលេខ ឬ​រថយន្តរបស់​ខេត្ត​ណា? ឧទាហរណ៍​រាជ​ធានីភ្នំពេញអញ្ចឹង​ត្រូវដាក់​ឲ្យ​ជាក់​លាក់​ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​ដោះស្រាយដើម្បី​យកមន្ត្រី​ដែល​ល្មើស​នោះ​មក​ដាក់​ពិន័យ​តាម​វិន័យ​របស់​កង​កម្លាំង​នគរ​បាល​ជាតិ ឬ​អនុវត្តន៍​ទោស​តាម​ច្បាប់​អគ្គីភ័យ​បាន​កំណត់

ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គីភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ នេត វន្ថា

នាយក​ប្រតិបត្តិ​សម្ព័ន្ធគណនេយ្យ​ភាព​សង្គម​លោក សន ជ័យ មាន​ប្រសាសន៍ថា​​ករណី​ដែល​មន្ត្រីអគ្គីភ័យ​ដាក់​លក្ខខណ្ឌ​ពី​ពល​​រដ្ឋ​នេះ​នៅ​តែ​មាន​ការ​លើក​ឡើង​ពី​ពល​រដ្ឋ​នៅ​ឡើយ ហើយ​លោក​យល់​ថា​ការ​ថ្លែងរបស់​លោក​ស ខេង នៅពេល​នេះ​គឺ​គ្រាន់​តែ​ជា​ការ​រំ​លឹកប៉ុណ្ណោះ។

ឆន្ទៈ​ពិត​ប្រាកដ​នោះគឺឲ្យ​ពល​រដ្ឋ​ប្តឹង​ហើយ​យក​មន្ត្រី​ហ្នឹង​ទៅ​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ ជា​អ្វី​មួយ​ដែលអាច​ស្រោចស្រង់​នូវ​ជំនឿពីប្រជា​ពល​រដ្ឋ​បាន តែ​បើ​គ្រាន់​តែ​ថា​អញ្ចឹង អ្នក​ថា​ចេះ​តែ​ថា ឯអ្នក​យក​លុយ​ពីពល​រដ្ឋ​នៅ​តែ​យកគឺ​ជា​រឿងមួយដែល​ឥតប្រយោជន៍​ទេ

នាយក​ប្រតិបត្តិ​សម្ព័ន្ធគណនេយ្យ​ភាព​សង្គម​លោក សន ជ័យ

ច្បាប់​ស្តីពី​ការ​បង្ការ និងពន្លត់អគ្គីភ័យមាត្រា២៧ ចែង​ថា មន្ត្រី​អគ្គីភ័យ​ដែល​ខ្វះ​ការ​ទទួល​ខុសត្រូវ មិន​បំពេញភារកិច្ច​ឬ​បំពេញ​ភារកិច្ច​ដោយ​មិន​ត្រឹមត្រូវក្នុង​ការ​ពន្លត់​អគ្គីភ័យ បង្ករ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិដែល​ជា​កម្ម​សិទ្ធិ​របស់​អ្នក​ដទៃ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារពី៦​ខែ​ដល់២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១លាន ដល់​៤លាន​រៀល។

របាយការណ៍ក្រសួងមហាផ្ទៃបានឲ្យដឹងថាក្នុងឆ្នាំ២០១៧ អគ្គីភ័យបានកើតឡើង​​​ចំនួន៥១៤លើកនៅទូទាំងប្រទេស ដោយបានសម្លាប់មនុស្ស២២នាក់ និងបណ្តាលឲ្យរបួស​​​មនុស្ស១២៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ