អ្នក​ធ្វើយុទ្ធនាការម្រាមដៃស្អាតថានឹងលក់ទ្រព្យបង់​ពិន័យ​ទោះបីយល់​ថាអយុត្តិធម៌ក៏ដោយ​

អតីតសមាជិកបក្សប្រឆាំង លោក ជា ជីវ (រូបភាព៖ ហ្វេសប៊ុក Chea Chiv)

ក្រុម​អ្នកធ្វើ​យុទ្ធនា​ការម្រាម​ដៃស្អាតកាលពីអំឡុងពេល​បោះឆ្នោតកន្លង​ទៅ បាន​អះអាងថា​ពួកគាត់នឹងលក់ទ្រព្យ​របស់ដើម្បី​បង់ប្រាក់ពិន័យទោះបីជាពួកគាត់គិតថា​ការសម្រេចដែល​ធ្វើឡើងដោយគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោតនិង​ក្រុមប្រឹក្សាធម្មនុញ្ញមិន​យុត្តិធម៌ក៏ដោយ។

​លោក គ្រុយ គឹមសាំង ដែលត្រូវ​ពិន័យចំនួន​៥លានរៀល​ដោយសារតែលោក​ធ្វើយុទ្ធនាការម្រាមដៃស្អាត បានប្រាប់វី.អូ.ឌីថា ការពិន័យនេះគឺពិតជាអយុត្តិធម៌សំរាប់លោក ប៉ុន្តែការបង់ប្រាក់ពិន័យ បើសិនជាច្បាប់តំរូវគឺលោកត្រូវតែបង់។ លោកបានបន្តថា បច្ចុប្បន្ននេះលោកមិនសូវមានលទ្ធភាព​ប៉ុន្មានទេ ដូច្នេះលោកត្រូវតែលក់សម្ភារៈប្រើប្រាស់​ដើម្បីបាន​ប្រាក់​បង់​ពិន័យ។​

ឥលូវទន់ខ្សោយដែរ ប៉ុន្តែដល់ពេលបើសិនជាច្បាប់តម្រូវ​ចឹងមានតែយើងលក់របស់របរអីខ្លះ សំរាប់បង់ចឹង […] មានតែយើងលក់របស់របរ ដូចត្រូវលក់ម៉ូតូយើងលក់ទៅ យើងត្រូវលក់អីលក់ទៅម៉ូតូកូនជិះរៀន យើងត្រូវបង្វិលលក់យើងលក់សិនទៅ អាហ្នឹងយើងអាចលៃបាន

លោក គ្រុយ គឹមសាំង

អតីតប្រធានគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបងដែល​ត្រូវគ.ជ.ប ពិន័យជាប្រាក់​១០លាន​រៀល​ដោយសារតែធ្វើ​យុទ្ធនាការដូចគ្នានេះ​ លើកឡើង​ថាលោក​នឹងអតីតសហការីលោក២រូបទៀតនោះមិនមានលទ្ធភាពក្នុងការបង់នូវប្រាក់ពិន័យទាំងអស់នោះទេ។​ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសឲ្យ ជួយឧបត្ថម្ភជាថវិកាដើម្បីឲ្យ​ពួកលោកមានលទ្ធភាពក្នុងការបង់ប្រាក់ពិន័យទាំងនោះ។

ខ្ញុំមានជំនឿថាពលរដ្ឋដែលស្រលាញ់យុត្តិធម៌ ស្រលាញ់ប្រជាធិបតេយ្យ ស្រលាញ់ការគោរពសិទ្ធិមនុស្ស ហើយនិងចង់បានយុត្តិធម៌សង្គមពិតជាអាណិតហើយនឹងជួយឧបត្ថម្ភជាលទ្ធភាពដើម្បីខ្ញុំជួបលទ្ធភាពទាំងនេះទៅបង់ប្រាក់ពិន័យសំរាប់រូបខ្ញុំហើយនឹងអតីតសហការីរបស់ខ្ញុំ២រូបទៀត

អតីតប្រធានគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបង លោក ជា ជីវ

លោក ជា ជីវ បារម្ភថា​បើសិនជាលោកមិនទៅបង់ការពិន័យនោះលោកនឹងសហការីរបស់លោក២នាក់ទៀតនឹងត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់ផ្សេងទៀតដែលធ្វើអោយលោកបាត់បង់សិទ្ធិសេរីភាព។

ដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹង ទោះបីជាច្បាប់ហ្នឹងអយុត្តិធម៌សំរាប់ខ្ញុំក្តី ថ្វីថ្បិតសេចក្តី សម្រេចអយុត្តិធម៌ក្តី ប៉ុន្តែបើសិនជាមានចែងនៅក្នុងច្បាប់ខ្ញុំត្រូវតែគោរពហើយ […]

អតីតប្រធានគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបង លោក ជា ជីវ

មិនខុសពីលោក ជា ជីវ និង លោកគ្រុយ គឹមសាំងនោះទេ លោក ថោង សារឿន ក៏យល់ថាសេចក្តីសម្រេចនេះក៏ជាភាពអយុត្តិធម៌សំរាប់លោកដែរ ហើយលោកថាលោកមិនថវិកាគ្រប់គ្រាន់​សំរាប់បង់ពិន័យនោះទេ។

សមាសភាពរបស់ខ្ញុំអត់មានទេ រកតែអង្ករហូបបាយព្រឹកល្ងាចមិនបានផង។ ផ្ទះលិចពីក្រោយទៅមុខ ពីមុខទៅក្រោយ រកតែផ្ទះនៅមិនបានផង។ ហើយអោយខ្ញុំទៅបង់ទៀតមិនដឹងជាយ៉ាងណាចាំមើល ខ្ញុំ កំពុងគិតគូអាចទៅបានឬយ៉ាងណាខ្ញុំកំពុងខ្វះលុយច្រើនណាស់

លោក ថោង សារឿន

លោក ថោង សារឿន បានអំពាវនាវអោយរដ្ឋាភិបាលសូមអោយដោះលែងតែម្តងពីការពិន័យនេះដោយសារតែលោកគ្រាន់តែជាប្រជាពលរដ្ឋនៅទេមិនមែនជាមន្ត្រីរាជការឬមន្ត្រីរបស់បក្សណាឡើយ។

​ក្រុម​ប្រឹក្សា​ធម្មនុញ្ញកាលពីថ្ងៃ​ទី​១៥​ សីហាបានតម្ដល់​​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​គ.ជ.ប​កាលពីថ្ងៃទី៩ខែសីហា​ទាក់​ទងនឹងសំណុំរឿងយុទ្ធនាការម្រាម​ដៃស្អាត​ទុក​ជា​បាន ហើយ​សេចក្ដី​សម្រេច​នេះ ជា​សេចក្ដី​សម្រេច​ស្ថាពរ​​បិទ​ផ្លូវ​ការ​តវ៉ា ។ កាលពីថ្ងៃទី៩ខែសីហា គ.ជ.ប បានសម្រេចពិន័យ​អតីតអ្នកគាំទ្រ​គណបក្សសង្រ្គោះជាតិ​៣នាក់ដែល​ក្នុងនោះមាន​លោក​ជា   ជីវ ត្រូវពិន័យប្រាក់​១០លាន​រៀលលោកគ្រុយ គឹមសាំង និង លោកថោង សារឿន ត្រូវបង់ពិន័យ​៥លាន​រៀលក្នុងម្នាក់​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ