ស្ថាប័នពាក់ព័ន្ធ​ស្នើ​​គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុបន្ធូរបន្ថយ​ដល់​ជន​រង​គ្រោះ​ដោយសារទឹកជំនន់​

បណ្តុំឡូហ្គោគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា អំពាវនាវដល់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុឲ្យមានការយោគយល់ចំពោះអតិថិជនដែលរងគ្រោះដោយទឹកជំនន់។

យោងតាមសេចក្ដីថ្លែងការណ៍រួមរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ចេញផ្សាយថ្ងៃនេះ បានថ្លែងអំពាវនាវនិងលើកទឹកចិត្តចំពោះគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុឲ្យមានការយោគយល់ និងដោះស្រាយទន់ភ្លន់ចំពោះអតិថិជនដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់។

សេចក្ដីថ្លែងការណ៍ដដែលក៏អំពាវនាវឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុធ្វើ​ការពិនិត្យ និងវាយតម្លៃលទ្ធភាពសងរបស់ប្រជាកសិករ ដែលរងគ្រោះផង ជាពិសេសបន្ធូរបន្ថយរយៈពេលសង បន្ថយអត្រាការប្រាក់ ឬមិនយកការប្រាក់ក្នុងរយៈពេលណាមួយ មិនត្រូវរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាកសិករឡើយ និង​ផ្ដល់ការគាំទ្រចាំបាច់ស្របតាមកាលៈទេសៈជាក់ស្ដែងផងដែរ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានៅថ្ងៃនេះ ក៏បានចេញសេចក្តីថ្លែងការណ៍​​អំពាវនាវដូចគ្នា​​ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងគ្រឹះស្ថានជាសមាជិក របស់​ខ្លួន​ចូលរួម​សម្រួល​ដល់​ប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយទឹក​ជំនន់​។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីម្សិលមិញ​បានអំពាវនាវឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា រកដំណោះស្រាយជួយ​បន្ធូរបន្ថយអត្រា​ការ​ប្រាក់ និងពន្យាពេលសង ចំពោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលបានខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុទាំងឡាយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ