របាយការណ៍៖ អ្នកប្រើប្រាស់គ្រឿងញៀនជិត២ម៉ឺននាក់កំពុងស្តារនិតិសម្បទា

ពិធីបូកសរុបរបាយការណ៍គ្រឿងញៀន(រូបពីនគរបាលជាតិ)

របាយការណ៍សមត្ថកិច្ចឲ្យដឹងថា រយៈពេល៦ខែដើមឆ្នាំនេះ អ្នកប្រើប្រាស់​គ្រឿងញៀន​ដែល​កំពុងស្នាក់នៅ​តាម​មូលដ្ឋាននិង​កំពុងស្នាក់នៅ​ក្នុង​មណ្ឌល​អប់រំ​ស្តារនីតិសម្បទា មាន​ចំនួនជិត២ម៉ឺននាក់។ នេះបើតាមអគ្គស្នងការនគរបាលជាតិ។

គេហទំព័រ​អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីម្សិលមិញ បានឲ្យដឹងពីសន្និបាតបូកសរុបលទ្ធផល​កិច្ចប្រតិបត្តការប្រឆាំង​បទល្មើស​គ្រឿងញៀនឆមាសទី១និងលើកទិសដៅ​​ឆមាស​ទី​២ឆ្នាំ២០១៨ថា តាម​ការ​ជំរឿន​ស្ថិតិ​អ្នកប្រើប្រាស់​គ្រឿងញៀនដែល​ស្នាក់​នៅតាម​មូលដ្ឋាននិង​កំពុង​នៅក្នុង​មជ្ឈមណ្ឌល​អប់រំ​ស្តារនីតិសម្បទា​ មាន​សរុប ១៨,៥៥៩​នាក់​(​ស្រី​៣០១​នាក់​)​។​

គេហទំព័រ​បន្តថា ទន្ទឹមនឹង​សភាពការណ៍​បទល្មើស​គ្រឿងញៀន​តាម​តំបន់ពុំមាន​ការថយចុះ កម្ពុជា​នៅតែ​បន្ត​ទទួលរង​នូវ​ឥទ្ធិពល​ពី​ការផលិត និង​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់ ដែល​បានធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​រងគ្រោះ​ដោយសារ​ការប្រើប្រាស់​រាល​ដាល​ទៅដល់​ជនបទ។

​គេហទំព័រ​ដដែលបញ្ជាក់ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​មន្ទីរ​ប្រ​ឆាំង​គ្រឿងញៀន​រឹបអូស​រុក្ខជាតិ​ញៀន​ខាត(KHAT)​ទម្ងន់​៣២២៧​គីឡូក្រាមដែល​នាំ​ពី​ប្រទេស​អេ​ព្យូ​ពីចូលមក​កម្ពុជា និង​បង្ក្រាប​ករណី​ជួញដូរ​ធំ​២​ករណី ចាប់ពី​១០​គីឡូក្រាម​ឡើង រឹបអូស​បាន​គ្រឿងញៀន​ជាង​៤៨​គីឡូក្រាម។​

​កម្ពុជា​បាន​ដាក់ចេញ​ផែនការ​ជាតិ​៣​ឆ្នាំ​(២០១៦-២០១៨) ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន និង​ការចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វ​តិ្ថ​ភាព និង​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣(០១​មករា ដល់ ៣១ ខែធ្នូ ឆ្នាំ​២០១៨)។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ