ប្រព័ន្ធច្បាប់ប្រទេសជឿនលឿនផ្តោតការរឹតបន្តឹងលើបក្សកាន់អំណាច

លោក ដូណាល់ ត្រាំ , លោក Malcolm Turnbull , លោកស្រី ប៉ាក ឃៀនហេ និងលោកស្រី Akie Matsuzaki (រូបភាព៖ វេបសាយបរទេស)

ច្បាប់គឺប្រៀបដូចជាខ្សែបន្ទាត់ដែលកំណត់សិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋរស់នៅក្នុងសង្គមមួយ។ ច្បាប់កើតឡើងចេញពីការព្រមព្រៀងរបស់ថ្នាក់ដឹកនាំឬសមាជិកនៃសង្គមរបស់ពួកគេ។

ប៉ុន្តែច្បាប់ក៏រងការចោទដែរថា ការពារប្រយោជន៍អ្នកមានអំណាច ព្រោះច្បាប់ អ្នកមានអំណាចឬអ្នកដឹកនាំជាអ្នកមានឥទ្ធិពលក្នុងការបង្កើតវាឡើង។

រហូតដល់មានការលើកឡើងថា ច្បាប់សម្រាប់អនុវត្តន៍តែលើអ្នកទន់ខ្សោយឬថា អ្នកមានអំណាចមិនចេះខុសជាដើម។

ទោះយ៉ាងណាមួយរយៈចុងក្រោយនេះប្រព័ន្ធច្បាប់នៅក្នុងប្រទេសជឿនលឿនមួយចំនួន កំពុងតែរឹតបន្តឹងទៅលើបុគ្គលដែលមានឥទ្ធិពលឬ មានអំណាច។

អាមេរិក

នៅសហរដ្ឋអាមេរិកជាប្រទេសដែលមានឥទ្ធិពលទាំងសេដ្ឋកិច្ចនិងកម្លាំងយោធានៅលើពិភពលោក តុលាការកំពុងតែស៊ើបអង្កេតលើមេដឹកនាំ។

ការស៊ើបអង្កេតផ្តោតលើលោក ដូណាល់ ត្រាំ ឃុបឃិតជាមួយរុស្ស៊ីកែប្រែទិន្នន័យបោះឆ្នោតកាលពីចុងឆ្នាំ២០១៦ និងករណីថ្មីៗនេះដែលកំពុងមានយកចិត្តទុកដាក់ខ្លាំងពីស្រទាប់មហាជននោះ គឺករណីលោក ដូណាល់ ត្រាំ យកលុយមូលធិនិសម្រាប់ឃោសនាបោះឆ្នោតជិត៣សែនដុល្លារទៅសូកប៉ាន់ស្ត្រីវ័យក្មេងជាតារាថតរឿងអាសអាភាស២នាក់ ជាថ្នូរកុំឲ្យរំខានដល់ដំណើរការស្វែងរកសំឡេងឆ្នោតរបស់លោកកាលពីចុងឆ្នាំ២០១៦។

ប្រសិនជាតុលាការរកឃើញកំហុសដូចការចោទប្រកាន់មែននោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងត្រូវសភាបោះឆ្នោតបណ្តេញចេញពីតំណែង ហើយត្រូវទទួលទណ្ឌកម្មទៅតាមច្បាប់។

អូស្រ្តាលី

ចំណែកប្រទេសអូស្ត្រាលីក៏មានការរឹតបន្តឹងខ្លាំងលើថ្នាក់ដឹកនាំដែរ។ មួយរយៈមុនសមាជិកសភាប្រទេសនេះត្រូវបានបណ្តេញចេញពីតំណែងជាបន្តបន្ទាប់ដោយសារស្រាវជ្រាវរកឃើញថា ពួកគេកាន់តំណែងជាសមាជិកសភាប៉ុន្តែមានសញ្ជាតិលើសពី១ ដែលផ្ទុយពីច្បាប់របស់ប្រទេសនេះ។

កាលពីថ្ងៃទី២៤ខែសីហាសប្តាហ៍មុនគណបក្សសេរីនិយម បានបោះឆ្នោតដកលោក Malcolm Turnbull ចេញពីតំណែងនាយករដ្ឋមន្ត្រីអូស្ត្រាលីដោយសារតែអសមត្ថភាពក្នុងការដឹកនាំ ហើយបក្សនេះបានជ្រើសរើសបេក្ខជនថ្មីជំនួសវិញគឺលោក លោក Scott Morrison។

កូរ៉េខាងត្បូង

បើយើងពិនិត្យលើប្រទេសកូរ៉េខាងត្បូងជាប្រទេសមានសេដ្ឋកិច្ចលេចធ្លោក្នុងតំបន់ដែរនោះ តុលាការប្រទេសនេះ កំពុងតែដំណើរការកាត់ទោសប្រធានាធិបតីទី១៨គឺលោកស្រី ប៉ាក ឃៀនហេ។

លោកស្រី ប៉ាក ឃឿនហេ រងការចោទថា ពាក់ព័ន្ធអំពើពុករលួយដោយសារតែមានមិត្តភក្តិស្និទ្ធម្នាក់យកឈ្មោះលោកស្រីទៅប្រមូលលុយពីក្រុមហ៊ុនផ្សេងៗថា យកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌។

ជប៉ុន

កាលពីឆ្នាំមុនស្ថាប័នច្បាប់នៅជប៉ុនក៏បានបើកការស៊ើបអង្កេតលើភរិយានាយករដ្ឋមន្ត្រីនៃប្រទេសនេះគឺលោកស្រី Akie Matsuzaki ពាក់ព័ន្ធការចោទថា លោកស្រីចូលភាគហ៊ុនជាមួយសាលាមត្តេយ្យ ហើយធ្វើសកម្មភាពបំពានច្បាប់។ ប៉ុន្តែបន្ទាប់ពីបើកការស៊ើបអង្កេតរកមិនឃើញកំហុសទេ។

កាលដែលស្ថាប័នច្បាប់ហ៊ានស៊ើបអង្កេតលើថ្នាក់ដឹកនាំឬគណបក្សមានអំណាចទាំងនេះបង្ហាញថា ប្រព័ន្ធច្បាប់នៃប្រទេសទាំងនេះ មិនរងសម្ពាធពីគណបក្សកាន់អំណាចនោះទេ។

បក្សកាន់អំណាចឬក្រុមថ្នាក់ដឹកនាំគឺជាក្រុមដែលមានឥទ្ធិពលខ្លាំង បើមានការប្រព្រឹត្តខុសក៏ប៉ះពាល់ដល់ប្រទេសជាតិខ្លាំងដែរ ម្យ៉ាងទៀតវិធានការតឹងរឹងទាំងនេះក៏អាចជាសារព្រមាន ដល់មេដឹកនាំក្រោយៗដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ