អតីតមន្ត្រីនិងសកម្មជន​CNRPទើបចេញពីពន្ធនាគាររង់ចាំបក្សនេះបង្កើតឡើងវិញ

អតីតមន្រ្តី និង សកម្មជនគណបក្សសង្គ្រោះជាតិ ទាំង១៤ នាក់នាំគ្នាមកស្រោចទឹករំដោះគ្រោះតាមបែបពុទ្ធសាសនា នៅវត្តចាស់ រាជធានីភ្នំពេញ រសៀលថ្ងៃទី២៨ សីហា ២០១៨

អតីតមន្ត្រីនិងសកម្មជនគណបក្សសង្រ្គោះជាតិ(CNRP) អះអាងថា ពួកគេរង់ចាំគណបក្សនេះ ត្រូវបង្កើតឡើងវិញទើបចូលរួមសកម្មភាពនយោបាយជាមួយ ដោយមិនធ្វើសកម្មភាពជាមួយគណបក្សផ្សេងៗនោះទេ។​

អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា បានលើកឡើង​ក្រោយពេលបញ្ចប់ពិធីសូត្រមន្ត និងស្រោចទឹករំដោះគ្រោះនៅវត្តពោធិយារាម ហៅវត្តចាស់ថា លោកជាប់គុកព្រោះរឿងនយោបាយ ដូច្នេះលោកនឹងនៅតែបន្តជីវិតនយោបាយជាមួយបក្សប្រឆាំងដដែល ដោយលោកមានជំនឿថាបក្សសង្គ្រោះជាតិ នឹងរស់ឡើងវិញ។ លោកបញ្ជាក់ដែរថា លោកគ្មានបំណងបង្កើតគណបក្សថ្មី ហើយក៏គ្មានបំណងចុះចូល​ជាមួយ​គណបក្សណាមួយនោះដែរ ។

ខ្ញុំសង្ឃឹមថា​បក្សសង្រ្គោះជាតិ​ អាចចរចា លោកហ៊ុន សែន ឱ្យអីយ៉ាងម៉េច ជារឿងគាត់ជ្រៅរបស់គាត់អី ខ្ញុំមិនដឹងទេ ​ប៉ុន្តែខ្ញុំនៅជាមួយគណបក្សអតីតសង្រ្គោះជាតិ បក្សប្រឆាំង។ ខ្ញុំមិនទៅណាទេ កុំភ័យឱ្យសោះ ចំណេះខ្ញុំមាន ខ្ញុំយកសេចក្តីថ្លៃរបស់ខ្ញុំមិនមែនលុយជាធំ មិនមែនបុណ្យស័ក្កិ មិនមែនលាភសក្ការៈ គឺឧត្តមគតិ

អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា

ស្រដៀងគ្នានេះ លោក អឿ ណារិទ្ធ ក៏បានលើកឡើងថា ក្រោយពេលចេញពីពន្ធនាគារ លោកនឹងពង្រឹងសមត្ថភាពរបស់ខ្លួនទាំងចំណេះដឹងទូទៅ និង របៀបដឹកនាំ ដើម្បីឱ្យក្លាយជាបុគ្គលម្នាក់ឬ អ្នកដឹកនាំម្នាក់​ប្រកបដោយគុណធម៌ និង សីលធម៌ល្អ។ ជាមួយគ្នានេះ លោក​ប្តេជ្ញាបន្តជីវិតនយោបាយជាមួយគណបក្សប្រឆាំងដដែល។

ខ្ញុំគិតថាអ្នកនយោបាយគួរយោគយល់គ្នា គួរអធ្យាស្រ័យគ្នា គួរតែយល់ថា​គំនិតខុសគ្នា មិនមែនជាសត្រូវនឹងគ្នាទេ។ គំនិតខុសគ្នាទៅវិញទៅមក។ អីចឹងការធ្វើនយោបាយតែងមានគំនិតខុសគ្នា តែងតែមានការប្រកួតប្រជែងគ្នា។ ដូច្នេះ សុំឱ្យអ្នកនយោបាយ​ប្រកាន់នូវធម៌អធ្យាស្រ័យនិងការបង្រួបបង្រួមជាតិ

លោក អឿ ណារិទ្ធ

ចំណែកអតីតយុវជនគណបក្សសង្រ្គោះជាតិ លោក អាន បឋម បានលើកឡើងពីបញ្ហាប្រឈម​នៅពេល​ជាប់ពន្ធនាគារ ដោយខាតបង់ស្ទើរគ្រប់យ៉ាង ដូចជាពេលវេលា ប្រាក់កាក់ ការរៀនសូត្រ ព្រមទាំងធ្វើឱ្យគ្រួសារជួបបញ្ហាប្រឈមក្នុងជីវភាពជាដើម។ យ៉ាងនេះក្តី នៅតែរក្សាជំហរថា​នឹងមិនរត់ចោលគណបក្សសង្រ្គោះជាតិឡើយ។​

បាទ! សំណូមពរចុងក្រោយ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រខ្ញុំ តែខ្ញុំសុំផ្តាំថា​ខ្ញុំនៅតែប្រឡូកនយោបាយដដែល បើសង្គ្រោះជាតិមានមកវិញ

អតីតយុវជនគណបក្សសង្រ្គោះជាតិ លោក អាន បឋម

ដោយឡែកលោក សាន សីហៈ និងអ្នកផ្សេងទៀត​ដែលជាអតីតសកម្មជនបក្សសង្រ្គោះជាតិដែរនោះ ឱ្យដឹងថាការងារដំបូង នឹងត្រូវពិនិត្យសុខភាព រៀបចំខ្លួនឱ្យប្រសើរ ហើយនឹងបន្តការងារសង្គម និងការងារនយោបាយដដែល។ ពួកគេ​ក៏ស្នើឱ្យមានការបង្រួបបម្រួលជាតិ និងផ្សះផ្សារជាតិពិតប្រាកដ ដោយមិនមែនគ្រាន់តែធ្វើឱ្យល្អមើលមួយពេលៗនោះទេ។

អតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិ ចំនួន១៤ នាក់​ត្រូវបាន​ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសកាលពីថ្ងៃទី ២៧ សីហា។ ពួកគេទាំង១៤នាក់ ត្រូវបាន​តុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះ ពី៧ ឆ្នាំ ទៅ ២០ឆ្នាំ កាលពីខែកក្កដាឆ្នាំ២០១៥ ពីបទ ចូលរួម និងដឹកនាំចលនាកុប្បកម្មដែលប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការប្រកាន់ជំហរ​ស្មោះស្ម័គ្រនឹងគណបក្សណាមួយ​គឺ ជាសិទ្ធិ​របស់ពួកគេទាំងនោះ ប៉ុន្តែឱ្យសង្ឃឹមថា គណបក្សសង្រ្គោះជាតិអាចរស់ឡើងវិញបាន ហើយនឹងមានការដោះលែងលោក​កឹម សុខា គឺ ជារឿងមិនអាចទៅរួចនោះទេ។

យើងយល់ថា​អាហ្នឹង​ជាលក្ខណៈផ្សារភ្ជាប់នឹងនីតិរដ្ឋហើយ មិនអាចយកនិទណ្ឌភាពយកមកអនុវត្តបានទេ។ ត្រង់គោលជំហរបងប្អូនណាគាត់ទៅណា ជាសិទ្ធិនយោបាយ​របស់ពួកគាត់ទេ។ គាត់ចង់ថាជឿទៅលើគណបក្សនយោបាយណា អាហ្នឹងពេលគាត់រួចទុក្ខទោសហើយ អាហ្នឹងគាត់មានសិទ្ធិជាពលរដ្ឋធម្មតាវិញ អីចឹងជំហរនយោបាយរបស់គាត់​ អាស្រ័យលើការសម្រេចចិត្តរបស់គាត់ម្នាក់ៗ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បន្ថែមថា ការដោះលែងជនជាប់ចោទ និង ទណ្ឌិតជាបន្តបន្ទាប់កន្លងមក គឺបង្ហាញពី​គុណធម៌ និងស្មារតីបង្រួបបង្រួមជាតិរបស់ថ្នាក់ដឹកនាំប្រទេស។ មិនតែប៉ុណ្ណោះ ការដោះលែងជនទាំងនោះ ដោយផ្អែកទៅលើ​និតិវធីច្បាប់ ការទទួលស្គាល់កំហុស និងប្តេជ្ញាចិត្តកែប្រែកំហុសរបស់ពួកគេទាំងនោះ  និង ចុងក្រោយ ដោយសារមនោសញ្ចេតនា ព្រមទាំងសីលធម៌នយោបាយរបស់អ្នកដឹកនាំ។

ទោះបីយ៉ាងក៏ដោយ ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ មើលមិនឃើញផ្លូវណាមួយ ដែលនឹងអាចឱ្យ​គណបក្សសង្រ្គោះជាតិ​រស់ឡើងវិញបាននោះទេ ប៉ុន្តែកញ្ញាថា អតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំង​អាចបន្តជីវិតនយោបាយ​បាន គឺ ក្នុងទម្រង់គណបក្សប្រឆាំងណាមួយ​ដែលនឹងបង្កើតឡើងថ្មី។ កញ្ញាថា ​ការអនុវត្តនីតិវិធី សម្រាប់បរិបទនៅកម្ពុជា ក៏អាចមើលទៅលើការចរចាផ្នែកនយោបាយ​ផងដែរ។

ខ្ញុំទទួលស្គាល់​ថាយើងអនុវត្តតាមនីតិវិធីច្បាប់ ប៉ុន្តែ​នៅក្នុងបញ្ហានយោបាយ​ រឿងច្បាប់និងរឿងនយោបាយ​នៅប្រទេសកម្ពុជា​យើងទទួលស្គាល់​ថា​នៅតែលាយឡំគ្នា។ បើសិនជាមានការចរចាត្រូវរ៉ូវគ្នាណាមួយ នីតិវិធីច្បាប់វាកើតក្រោយទេ

ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់

ប្រធានក្រុមអ្នកវិភាគវ័យក្មេងដដែល មើលឃើញថា​ការឃុំខ្លួន ប្រធានអតិតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា គឺ មិនមានផលចំណេញសម្រាប់​រាជរដ្ឋាភិបាលទេ ប៉ុន្តែតែធ្វើឱ្យសហគមន៍អន្តរជាតិ​មើលឃើញពីចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលបន្ថែមទៀត។ កញ្ញាមានជំនឿថា​ លោក កឹម សុខានឹងត្រូវដោះលែង ប៉ុន្តែមិនដឹងថាដោះលែង​ពេលណាប្រាកដ។ ​​

យ៉ាងក៏ដោយអ្នកវិភាគរូបនេះថា ការដោះលែងអ្នកជាប់ឃុំទាំងឡាយ មិនទាន់បង្ហាញពីការរួបរួមជាតិពិតប្រាកដទេ ពោលគឺនៅចាំមើលទៀតថាតើរដ្ឋាភិបាល​មាន​ឆន្ទៈដោះស្រាយបញ្ហាជាតិមួយនេះ ដោយកោះហៅអ្នកមានឥទ្ធិពល​ណាមួយ​មកពិភាក្សាគ្នា ដើម្បីបានជាប្រយោជន៍​សម្រាប់​ជាតិ នោះទើបបង្ហាញពីរូបភាពផ្សះផ្សារជាតិពិតប្រាកដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ