រុស្ស៊ី​ជួយ​កម្ពុជាបង្កើត​មជ្ឈមណ្ឌល​វិទ្យា​សាស្ត្រ​ថាម​ពល​នុយ​ក្លេអ៊ែរ

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំកិច្ចប្រជុំក្រុមការងាររួមគ្នារវាង កម្ពុជា-រុស្ស៊ី សម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពល​នុយក្លេអ៊ែរ​ដើម្បីបម្រើ​ឱ្យ​គោលបំណង​សន្តិភាព (រូបភាព៖ វេបសាយ រាជ​បណ្ឌិ​តសភា​កម្ពុជា)

រាជ​បណ្ឌិតសភា​កម្ពុជា បាន​ប្រកាស​ថា កម្ពុជា និង​រុស្ស៊ី បាន​សហ​ការ​គ្នា​បង្កើត​មជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានុយក្លេអ៊ែរ​លើក​ដំបូង​ ដែល​នឹងឈាន​ទៅ​ដល់​ការ​សាង​សង់​រោង​ចក្រ​អគ្គី​សនីដើរ​ដោយ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​នៅ​ពេល​ខាង​មុខ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៨ សីហា រាជ​បណ្ឌិ​តសភា​កម្ពុជា បាន​ប្រកាស​ថា កម្ពុជា និង​រុស្ស៊ី បាន​ឈាន​ដល់​សេចក្តី​សម្រេច​រួម​លើ​ការ​សាងសង់​មជ្ឈមណ្ឌល​នុយ​ក្លេអ៊ែរ​ជា​លើក​ដំបូង ខណៈ​ពន្ធ​នាំ​ចូល​សម្ភារៈ​សាងសង់​មួយ​ចំនួន ​នឹង​ត្រូវ​លើក​លែង​ផងដែរ។

ទោះជា​យ៉ាង​ណា ​រាជបណ្ឌិ​សភា​មិនបាន​បញ្ជាក់​ទេ​​ថា ​មជ្ឈមណ្ឌល​នោះ​នឹង​សាង​សង់​នៅ​កន្លែងណា និង​ចាប់​ផ្តើម​នៅពេល​ណា​នោះ​ទេ ខណៈ​ថា នឹង​មាន​កិច្ច​ប្រជុំ​ចុង​ក្រោយ​នា​ខែ​វិច្ឆិកាខាង​មុខ។

បើ​តាម​រាជ​បណ្ឌិត​សភា នៅ​ពេល​នេះ​ ក្រុម​ការ​ងារ​កម្ពុជានឹង​ធ្វើ​ការ​បក​ប្រែ​ឯក​សារសិក្សា​​អំពីនុយ​ក្លេ​អ៊ែរឲ្យ​ចប់​នៅ​ចុង​ខែកញ្ញា ខណៈ រុស្ស៊ី ប្រកាសចូលរួម​​រៀប​ចំព្រឹត្តិការណ៍​ផ្សេង​ទៀតទាក់​ទង​នឹង​​វិស័យ​នុយ​ក្លេអ៊ែរ​ជា​មួយ​កម្ពុជា​នា​ខែ​វិច្ឆិកា​ខាង​មុខនេះ​។

VOD មិន​អាច​ទាក់​ទងអគ្គលេខាធិការនៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពដែល​ដឹក​នាំ​កម្ពុជា​ក្នុង​កិច្ចប្រជុំទាក់​ទង​នឹង​រឿង​នេះ លោក ទិន ពន្លក​ បាន​នៅ​ឡើយ​ទេ។

ការ​សាង​សង់​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែរ​នេះ គឺ​ជា​ការ​បោះ​ជំហាន​មួយ​របស់​កម្ពុជា​ មុន​ការ​បង្កើត​រោង​ចក្រ​ថាម​ពល​អគ្គី​សនី​​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរនាពេល​ខាង​មុខ ដែល​ត្រូវ​ការ​អ្នក​ជំនាញ​រុស្ស៊ីជាអ្នកផ្តល់នូវការស្រាវជ្រាវ និង​​បណ្តុះ​បណ្តាល​ដល់មន្ត្រីកម្ពុជាលើ​វិស័យ​នេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ទៅ​កាន់ប្រទេស​រុស្ស៊ី​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ ប្រទេស​រុស្ស៊ី បានសន្យា​ជួយ​កម្ពុជា​​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​ថាមពល​នុយ​ក្លេអ៊ែរ និង​បង្កើតក្រុមការងារ​ចំពោះកិច្ច​កម្ពុជា-រុស្ស៊ី ​សហការ​លើការ​ប្រើប្រាស់​ថាមពល​នុយ​ក្លេអ៊ែរ​ស៊ីវិលផង​ដែរ ដែលកិច្ច​ព្រម​ព្រៀង​ទាំង​នេះ ​នឹង​ចាប់​អនុវត្ត​នៅ​ឆ្នាំ​២០២០ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ