អាជ្ញាធរខេត្តស្ទឹងត្រែង អះអាងថា ​ការបាក់ស្រុតស្ពានមួយខ្សែ គឺដោយសារគ្រោះទឹកជំនន់ ​

ការបាក់ស្រុតក្បាលស្ពាន ឆ្លងទន្លេសេកុង នៅចំណុច បង្កោលលេខ 78 ព្រំ ដែន កម្ពុជា ឡាវ នៅវេលាម៉ោង 3 រសៀល ថ្ងៃទី 01 / 9 / 2018 ដែលស្ពានឆ្លងទន្លេសេកុង (ហៅស្ពានអូរគួក) នេះ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាឡាវ (រូបភាព៖ ហ្វេសប៊ុក Kanharith Khieu)

អាជ្ញាធរខេត្តស្ទឹងតែង បានបញ្ជាក់ថា ការបាត់ស្រុតស្ពានអូរគួក នៅឃុំសន្តិភាព ស្រុកសៀមប៉ាង គឺ​មិនបណ្តាលឱ្យ​មានមនុស្សគ្រោះថ្នាក់នោះឡើយ ហើយមន្ត្រីជំនាញ​កំពុងសិក្សា​អំពីទំហំការខូតខាតបន្ថែមទៀត។

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ឱ្យវីអូឌី(VOD) ដឹងនៅថ្ងៃនេះ​ថា ស្ពានអូរគួក​ ដែល​ត្រូវបាន​កសាងឡើងដោយកម្លាំងកងវិស្វកម្មកម្ពុជា​រួចរាល់​ហើយ ​ប៉ុន្តែ មិនទាន់​បាន​ដាក់​សម្ភោធ​ឱ្យ​ប្រើប្រាស់ជាផ្លូវការ​ទេ​​នោះ ត្រូវរងការបាក់ស្រុតដោយសារ​ទឹកជំនន់​ដែលបានកើតឡើង​ជាងមួយខែមកនេះ។ លោកបន្តថា ដោយសារស្ពាននេះ រងការខូចខាតដោយគ្រោះធម្មជាតិ ដូច្នេះអាជ្ញាធរខេត្តមិនមានគម្រោងស៊ើបអង្កេត​​ឱ្យលើសពីនេះទេ។

យើងធ្លាប់ឃើញ​ស្ថានភាព​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​សង្គមនេះ​នៅបណ្តាប្រទេសផ្សេងៗទៀតដែរ ដោយសារគ្រោះមហន្តរាយ។ លើកលែងតែស្ពានហ្នឹងបាក់ដោយមិនដឹងមូលហេតុ បានជាគោលការណ៍​អនុវត្តតាមសមត្ថកិច្ច។ ប៉ុន្តែ បើមិនមែនជាសមត្ថកិច្ចរបស់ខេត្ត ក៏ខេត្តមិនមានសមត្ថកិច្ចទៅស្រាវជ្រាវដែរ

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង

ស្ពានអូរគួក មានប្រវែង ២៥០​ម៉ែត្រ ឆ្លងកាត់ទន្លេសេងកុង ក្បែរព្រំដែនកម្ពុជា-ឡាវ នៅភូមិសាស្ត្រឃុំសន្តិភាព ស្រុកសៀមប៉ាង ត្រូវបាន​បាក់ស្រុត កាលពីថ្ងៃទី​១ កញ្ញា នៅផ្នែកម្ខាងនៃក្បាល​ស្ពាន។

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងដដែល បញ្ជាក់ថា ​អាជ្ញាធរ​បាន​ជូនដំណឹង​អំពីការបាក់ស្រុតស្ពាននេះ ទៅកាន់ប្រជាពលរដ្ឋ​ហើយ ដោយមិនអនុញ្ញាតឱ្យពួកគាត់ឆ្លងកាត់ឡើយ ជៀសវាងមានគ្រោះថ្នាក់ផ្សេងៗ ហើយពលរដ្ឋ​ត្រូវឆ្លងតំបន់នោះដោយទូកជំនួសវិញ។

លោកបន្ថែមថា គ្រោះទឹកជំនន់ជាង ១​ខែមកនេះ បានបង្កផលប៉ះពាល់​ដល់ពលរដ្ឋទូទាំងខេត្តចំនួនជាង ៥​ពាន់គ្រួសារ និងប៉ះពាល់ដល់ផលដំណាំកសិកម្ម និង កសិ-ឧស្សាហ៍កម្ម ព្រមទាំងដំណាំរួមផ្សំជិត ២​ពាន់ហិកតា។

គ្រោះទឹកជំនន់បណ្តាលឱ្យ​ស្ពានចំនួន ៣៧​កន្លែង​នៅ​ក្នុង​ខេត្ត​នេះ ​រងការបាក់ស្រុត និងខូចខាត ព្រមទាំងបណ្តាលឱ្យប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតផងដែរ។

លោកបញ្ជាក់ថា បញ្ហាទាំងនេះ ស្ថាប័នជំនាញកំពុងសិក្សាពីផលប៉ះពាល់ទាំងនោះបន្ថែមទៀត ដើម្បីស្តារ និងជួសជុលឡើងវិញ ក្រោយពេលទឹកស្រក។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ​ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ​ដោយសារគ្រោះធម្មជាតិ​នៅខេត្តស្ទឹងត្រែងពេលនេះ គឺជាមេរៀនមួយ​​​​សម្រាប់សិក្សាទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព​ខ្ពស់ និងគិតគូរអំពីហានិភ័យផ្សេងៗ ដើម្បីទប់ទល់ទៅនឹង​​​​គ្រោះធម្មជាតិដែលនឹងកើតឡើងនៅពេលខាងមុខ។

ហើយនឹងការរៀបចំវិធានការ​ក្នុងដំណើរការកសាងស្ពានហ្នឹង ទប់ស្កាត់ទៅនឹងប្រធានសក្ក័ គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់បំផុត ព្រោះនេះ ជាការវិវត្តន៍នៃស្ថានភាពអាកាសធាតុ ក៏ដូចជាបញ្ហាគ្រោះធម្មជាតិ​ហ្នឹង​ វាអាចជា​ចំនួនមួយដែល​កើនឡើង

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ

មន្ត្រីសង្គមស៊ីវិលដដែល យល់ថា ប្រសិនបើស្ថាប័នពាក់ព័ន្ធ​មិនបានយក​ករណីទាំងនេះ ​មកសិក្សា​ឱ្យ​ស៊ីជម្រៅ​ទេ នោះការខាតបង់ថវិកាជាតិ​ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមដោយសារគ្រោះធម្មជាតិ នឹងកើតមានឡើងបន្តទៀត៕

ការបាក់ស្រុតក្បាលស្ពាន ឆ្លងទន្លេសេកុង នៅចំណុច បង្កោលលេខ 78 ព្រំ ដែន កម្ពុជា ឡាវ នៅវេលាម៉ោង 3 រសៀល ថ្ងៃទី 01 / 9 / 2018 ដែលស្ពានឆ្លងទន្លេសេកុង (ហៅស្ពានអូរគួក) នេះ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាឡាវ (រូបភាព៖ ហ្វេសប៊ុក Kanharith Khieu)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ