ចលនាប្រជាធិបតេយ្យកំពុងកំរើកឡើងក្នុងសង្គមកុម្មុយនីស្តវៀតណាម

រូបភាព៖ វេបសាយបរទេស

ក្នុងអំឡុងពេលដែលវៀតណាម​រៀបចំពិធីបុណ្យឯករាជ្យជាតិខួប៧៣ឆ្នាំ ដែលប្រព្រឹត្តិទៅថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៨នេះ មានការចាប់ខ្លួន និងដាក់វិធានការតឹងរឹងទៅក្រុមដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមភេរវកម្មឬ ជាក្រុមបះបោរចង់ផ្តួលរំលំរដ្ឋាភិបាល។​

នៅចំថ្ងៃរៀបចំពិធីបុណ្យឯករាជ្យជាតិនេះ អាជ្ញាធរវៀតណាមឃាត់ខ្លួនមនុស្ស៧នាក់ ដែលរងការចោទថា ជាសមាជិករដ្ឋាភិបាលស្រមោសវៀតណាមដែលបង្កើតដោយជនជាតិវៀតណាមួយក្រុមមានមូលដ្ឋាននៅក្នុងប្រទេសកាណាដា។ ​

តាមការអះអាងរបស់នគរបាលវៀតណាម​បានឲ្យដឹងថា ក្នុងចំណោម​អ្នកដែលត្រូវបានចាប់ខ្លួននោះពាក់ព័ន្ធជាមួយការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅប៉ុស្តិ៍នគរបាលក្នុងទីក្រុងហូជីមិញកាលពីខែមិថុនាកន្លងទៅនេះ។​

ក្រៅពីមនុស្ស៧នាក់នេះ ក៏មានការចាប់ខ្លួនអ្នកផ្សេងៗទៀតបន្តបន្ទាប់ដែលរងការចោទថា ធ្វើចលនាប្រឆាំងរដ្ឋាភិបាល។

បើទោះបីជា រដ្ឋាភិបាលដាក់វិធានការតឹងរឹង និងបានចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ក៏ដោយ  ក៏ព័ត៌មានទាំងនេះ រដ្ឋាភិបាលវៀតណាម​មិនបានផ្សព្វផ្សាយបើកទូលាយនោះទេ។​

កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលវៀតណាម​ក៏បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ចាប់ខ្លួនសមាជិករដ្ឋាភិបាលស្រមោលវៀតណាម​ចំនួន​១៥នាក់ ដែលរងការចោទថា ប៉ុនប៉ងបំផ្ទុះគ្រាប់បែកនៅកន្លែងផ្ទុកប្រេងនៅព្រលានយន្តហោះអន្តរជាតិTan Son Nhat។

វិធានការរឹតបន្តឹងលើក្រុមប្រឆាំងនេះគឺ កាន់តែខ្លាំងឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៦មកគឺក្រោយពេលលោក ង្វ្រៀន សួនផុក(Nguyen Xuan Phuc) ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី។​

ចលនារដ្ឋាភិបាលស្រមោលបង្កើតឡើង​កាលពីឆ្នាំ១៩៩១ ដោយលោក Dao Minh Quan កើតនៅក្នុងខេត្តThien Hue នៅភាគកណ្តាលនៃប្រទេសកាលពីឆ្នាំ១៩៥២។ លោក ក៏ជាអតីតមេបញ្ជាការកងទ័ពវៀតណាមដែរ។​

រដ្ឋាភិបាលស្រមោលវៀតណាមនេះ បង្កើតឡើងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ដែលកាលនោះ មានការទាមទារឲ្យមានការបោះឆ្នោតក្នុងការជ្រើសរើសមេដឹកនាំ។​ បច្ចុប្បន្នរដ្ឋាភិបាលស្រមោលនេះ ដូរទីតាំងទៅក្នុងប្រទេសកាណាដាវិញ។

វៀតណាមធ្លាប់បែងចែកប្រទេសជាពីរចន្លោះពីឆ្នាំ១៩៥៤ដល់១៩៧៥ កាលនោះវៀតណាម​ខាងជើងដឹកនាំតាមរបបកុម្មុយនីស្ត ចំណែកវៀតណាមខាងត្បូងដឹកនាំតាមរបបប្រជាធិបតេយ្យ។​ ក្រោយពេលសង្គ្រាមរវាងវៀតណាម​ទាំងពីររយៈពេល២០ឆ្នាំ គឺនៅឆ្នាំ១៩៧៥ វៀតណាម​ខាងជើងឈ្នះវៀតណាម​ខាងត្បូង ហើយការគ្រប់គ្រងប្រែទៅជាកុម្មុយនីស្តទាំងអស់វិញ​។

នៅក្នុងអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ រដ្ឋាភិបាលវៀតណាម​បានចាប់ខ្លួនថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន​ដែលចោទថា ពាក់ព័ន្ធអំពើពុករលួយ និងការរំលោភអំណាចរដ្ឋក្នុងនោះក៏មានទាំងអតីតសមាជិកបក្សកុម្មុយនីស្តវៀតណាម​ និងជាអតីតប្រធានធនាគារជាតិវៀតណាមផងដែរ។​

បើទោះជារដ្ឋាភិបាលវៀតណាម​ចោទមន្ត្រីជាន់ខ្ពស់ទាំងនោះថា មានកំហុសផ្សេងៗក៏ដោយប៉ុន្តែក្រុមអ្នកឃ្លាំមើលមួយចំនួនអះអាងថា អ្នកទាំងនោះមួយចំនួន​គឺពាក់ព័ន្ធចលនាវៀតណាម​សេរី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ