កូរ៉េខាង​ជើង​ស្នើ​កម្ពុជាបង្កើនទំនាក់ទំនង​យោធា​ជា​មួយ​ខ្លួនឡើង​វិញ​

នាយ​ឧត្តមសេនីយ៍ ​ម៉ឹង សំផន ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និងលោក​វរសេនីយ៍ឯក​ពិសេស​​​ Jong Nam Chol ​អនុព័ន្ធ​យោធា​ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ​ប្រចាំ​កម្ពុជា​ (រូបភាព៖ វេបសាយក្រសួងការពារជាតិ)

អនុព័ន្ធ​យោធា​ នៃប្រទេស​កូរ៉េខាង​ជើង​ស្នើ​កម្ពុជា​បង្កើន​កិច្ចសហប្រតិបត្តិ​ការរវាង​ក្រសួងការ​ពារជាតិប្រទេស​ទាំង​ពីរ​​ឲ្យ​បាន​ខ្លាំង​ក្លា​ឡើង​វិញ បន្ទាប់ពី​លោក​មើល​ឃើញ​ថាទំនាក់​ទំនង​យោធា​រវាងកម្ពុជា និង​កូរ៉េខាង​ជើង​ហាក់​បាន​ឃ្លាតឆ្ងាយពីគ្នា។

យោង​តាម​គេហទំព័រ​​របស់​ក្រសួង​ការ​ពារជាតិកម្ពុជា​​នៅ​ថ្ងៃ​នេះឲ្យ​ដឹងថា ក្នុង​ពិធីសំណេះ​សំណាល​មួយ ​ជា​មួយរដ្ឋលេខា​ធិការ​ក្រសួងការពារជាតិ​លោក ម៉ឹង សំផន​ ​អនុព័ន្ធ​យោធា​ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ​ប្រចាំ​កម្ពុជា​ លោក​វរ​សេនីយ៍​ឯក​ពិសេស Jong Nam Chol កាលពីម្សិលមិញ បាន​លើក​ឡើង​ថា កម្ពុជា និងកូរ៉េ​ខាង​ជើង មានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ​ការ​ជា​យូរ​លង់​ណាស់​មកហើយ តាំងពីលោកសេនាប្រមុខ គីម អ៊ីលស៊ុង ជាមួយអតីត សម្តេចព្រះបាទ ព្រះបរម​រតនកោដ្ឋនរោត្តម​សីហនុ​ រហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែសព្វថ្ងៃនេះ​ដោយសារ​ប្រទេសទាំងពីរនៅឆ្ងាយពី​គ្នា និង​បញ្ហា​សន្តិសុខ​ពិភព​លោក បានរាំងស្ទះដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធា​។

លោក Jong Nam Chol បាន​លើក​ឡើងពី​បំណង​ចង់​ជំរុញ​ឲ្យនាយកដ្ឋានទំនាក់ទំនងការបរទេសក្រសួងការពារជាតិ នៃប្រទេសទាំងពីរ រិះរកវិធីសាស្ត្រយ៉ាងណា ដើម្បី​ធ្វើឲ្យកិច្ច​សហ​ប្រតិបត្តិការរវាងក្រសួងការពារជាតិ និងកងទ័ព​ប្រទេស​ ទាំងពីរ ត្រូវបានពង្រឹង និងជិតស្និតវិលត្រឡប់​ដូច​ដើម​វិញ​។​

ជា​ការ​ឆ្លើយ​តបរដ្ឋលេខាធិការ​ក្រសួង​ការ​ពារជាតិ​​កម្ពុជា​លោក​ ម៉ឹង សំផន បាន​ឯក​ភាព​ចំពោះ​ការ​ស្នើ​ឡើង​របស់ ​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េខាង​ជើង​នេះ​ នឹង​ជំរុញ​ឲ្យ​នាយកដ្ឋាន​ទំនាក់​ទំនង​ការ​បរទេស​ នៃ​ក្រសួង​ការពារ​ជាតិ​ទាំង​ពីរ​ បាន​ជួប​ពិភាក្សា​គ្នា​ ​នៅ​ក្នុង​ដំណាក់​កាល​ថ្មី​នា​ពេលខាងមុខ។

ទំនាក់​ទំនង​កម្ពុជា និងកូរ៉េខា​ងជើង​ចាប់​ផ្តើម​នៅ​ឆ្នាំ​១៩៦៥ បន្ទាប់​ពី​សម្តេច​សីហនុ ជួប​ជា​មួយ​លោក​សេនា​ប្រមុខ​គឹម អ៊ី​ល សុង នៅទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ចំណង​ទំនាក់ទំនង​ជា​មួយ​សម្តេច​សីហនុ​គឺ​កាន់​តែ​ខ្លាំង​ក្លា​ឡើង​បន្ទាប់​ពី​មាន​រដ្ឋ​ប្រហារនៅ​កម្ពុជា​​ឆ្នាំ​១៩៧០​។

បច្ចុប្បន្ន​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​អន្តរជាតិ​ហ៊ុំ​ព័ទ្ធ​ទាំង​សេដ្ឋកិច្ច និង​យោធា បន្ទាប់​ពី​ប្រទេស​នេះ​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ ដែល​បាន​គំរាម​ដល់​សន្តិ​សុខពិភព​លោក និង​ភាពវឹក​វរ​នៅ​តំបន់​ឧបទ្វីប​កូរ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ