ព្រះមហាក្សត្រសម្តេចនរោត្តមសីហមុនី មានព្រះបន្ទូលនៅក្នុងពិធីបើកប្រជុំរដ្ឋសភាអាណត្តិទី៦នៅព្រឹកនេះថា ក្រោយការបោះឆ្នោតនៅអាណត្តិនេះនឹងធ្វើឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយសន្តិភាព។
ព្រះមហាក្សត្រក៏បានមានបន្ទូលលើកឡើងពីការរីកចម្រើនក្នុងរយៈ២៥ឆ្នាំកន្លងទៅនេះ ក្រោយពេលមានការបោះឆ្នោតលើកដំបូងឆ្នាំ១៩៩៣។ ព្រះអង្គក៏បានលើកឡើងដែរថា ការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនទៅបានមិនអាចខ្វះនូវឯកភាពជាតិនោះទេ។
ព្រះអង្គមានបន្ទូលថា៖« ខ្ញុំជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលទទួលបានការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់លើប្រជាពលរដ្ឋគ្រប់រូប។»។
តាមគម្រោង នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៦ ខែកញ្ញា គឺមួយថ្ងៃបន្ទាប់ រដ្ឋសភាធ្វើការបោះឆ្នោតដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា នឹងផ្តល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាល។