ត្រាំបង្ហាញក្តីសង្ឃឹមជាថ្មីថាអាចលុបបំបាត់នុយក្លេអ៊ែនៅកូរ៉េខាងជើង

មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន (ឆ្វេង) ចាប់ដៃជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលមួយនៅប្រទេសសិង្ហបុរីនៅថ្ងៃទី 12 ខែមិថុនាឆ្នាំ 2018 ។ (AFP / SAUL LOEB)

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្តេជ្ញាជាថ្មីទៀតថា នឹងធ្វើការឲ្យស្និទ្ធជាមួយរបបកូរ៉េខាងជើងក្នុងការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែនៅឧបទ្វីបកូរ៉េឲ្យទាល់តែបាន។​

ការបង្ហាញជំហរជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីប៉ុន្មានសប្តាហ៍មុន លោក ត្រាំ បង្ហាញក្តីអស់សង្ឃឹមថា ការចរចាដោះស្រាយកម្មវិធីអាវុធនុយក្លេអ៊ែជាមួយកូរ៉េខាងជើងមិនមានការរីកចម្រើនទេ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ត្រាំ សរសេរសារនៅលើបណ្តាញសង្គមTwitter ថា លោក អរគុណ ដល់លោក គីម ជុងអ៊ុន ដែលមិនផ្លាស់ប្តូរជំហរក្នុងការធ្វើការងារជាមួយសហរដ្ឋអាមេរិកដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែនៅឧបទ្វីបកូរ៉េ។​

ការបង្ហាញសាររបស់លោក ដូណាល់ ត្រាំ នៅពេលនេះ គឺធ្វើឡើងតែប៉ុន្មានម៉ោងក្រោយពេល លោក គីម ជុង​អ៊ុន បញ្ជាក់ជំហរប្តេជ្ញានៅចំពោះមុខបេសកជនពីកូរ៉េខាងត្បូងក្នុងការលុបអាវុធនុយក្លេអ៊ែ។​ លោក គីម ជុងអ៊ុន និង លោ មូន ជែអ៊ីន មេដឹកនាំកូរ៉េខាងត្បូងក៏គ្រោងជួបគ្នាជាថ្មីទៀតនៅថ្ងៃទី១៨ដល់ថ្ងៃទី២០ខែកញ្ញា ខាងមុខនេះ។​ នេះបើតាមសារព័ត៌មានChannel News Asia។​

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់សម្តីលោក គីម ចុះផ្សាយថា កូរ៉េទាំងពីរ ពិតជាអាចដោះស្រាយលុបបំបាត់អាវុធនុយក្លេអ៊ែបាន។​

ទីប្រឹក្សាសន្តិសុខកូរ៉េខាងត្បូងលោក Chung Eui-yongដែលបានទៅជួបលោក គីម ថ្លែងថា មេដឹកនាំកូរ៉េខាងជើងគឺមិនបានផ្លាស់ប្តូរជំហរដែលព្រមព្រៀងជាមួយមេដឹកនាំអាមេរិកនោះទេ។​ ទីប្រឹក្សាសន្តិសុខរូបនេះ បន្តថា លោក គីម ប្តេជ្ញាធ្វើការងារជាមួយលោក ដូណាល់ ត្រាំ ដើម្បីសម្រេចបំណងការលុបបំបាត់នុយក្លេអ៊ែ នៅក្នុងអាណត្តិរបស់លោកត្រាំ ដែលនឹងចប់នៅឆ្នាំ២០២១។​

ការបញ្ជាក់ជំហរវិជ្ជមានក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើងពេលនេះ ក្រោយពេលលោក ត្រាំទទួលបានការបញ្ជាក់ជំហររបស់លោកគីម ក្នុងជំនួបជាមួយបេសកជនទីក្រុងសេអ៊ូល។ បើពិនិត្យកាលពីជាង១០ថ្ងៃមុន លោកត្រាំបានបង្ហាញជំហរអស់សង្ឃឹមម្តងរួចមកហើយ។

កាលពីថ្ងៃទី២៤ខែសីហា លោកត្រាំ បានចេញសេចក្តីថ្លែងការណ៍មួយលុបចោលគម្រោងរបសមន្ត្រីការទូតថ្នាក់កំពូលរបស់លោកគឺលោក Mike Pompeo ដែលគ្រោងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងជជែកពីបញ្ហាអាវុធនុយក្លេអ៊ែ និងការពិនិត្យលើការអនុវត្តន៍ខ្លឹមសារដែលមេដឹកនាំអាមេរិក និងមេដឹកនាំកូរ៉េខាងជើងបានព្រមព្រៀងគ្នាកាលពីខែមិថុនា នៅក្នុងប្រទេសសិង្ហបុរី។​

ពេលនោះលោក ត្រាំ បញ្ជាក់ថា ដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែនេះ មិនមានការរីកចម្រើនទេ ហើយលោកក៏បានស្តីបន្ទោសចិនថា មិនបានជួយជ្រោមជ្រែងក្នុងការជំរុញដល់មេដឹកនាំកូរ៉េខាងជើងឲ្យគោរពតាមការព្រមព្រៀង។​

ចាប់តាំងពីដើមឆ្នាំ២០១៨មក កូរ៉េខាងជើងបានបង្ហាញជំហរវិជ្ជមានក្នុងការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែ។ លោក គីម ជុងអ៊ុន ក៏បានជួបជាមួយ មេដឹកនាំកូរ៉េខាងត្បូង មេដឹកនាំអាមេរិក ដើម្បីដោះស្រាយបញ្ហាប្រឈមគ្នា។ ប៉ុន្តែរហូតដល់ដើមខែកញ្ញា ឆ្នាំ២០១៨នេះ មិនទាន់មានលទ្ធផលជាផ្លែផ្កាណាមួយពីការរំលាយកម្មវិធីអាវុធនុយក្លេងអ៊ែនេះនៅឡើយទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ