លោកទៀ បាញ់៖ តែងតាំងលោក ហ៊ុន ម៉ាណែត ផ្អែកលើសមត្ថភាពមិនមែនខ្សែទេ

លោក ហ៊ុន ម៉ាណែត (រូបភាព៖ ហ្វេសប៊ុក Hun Manet)

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ថ្លែងបញ្ជាក់ថា ការតែងតាំង លោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងទ័ពជើងគោក គឺផ្អែកលើសមត្ថភាពទាំងស្រុង មិនមែនធ្វើឡើងតាមរយៈខ្សែស្រឡាយនោះទេ។

កាលពីថ្ងៃសុក្រម្សិលមិញ មានការតែងតាំងមន្ត្រីជាន់ខ្ពស់ក្នុងជួរកងយោធពលខេមរភូមិន្ទ៣រូប ឲ្យកាន់តំណែងជា  អគ្គមេបញ្ជាការ នាយសេនាធិការចម្រុះ និង មេបញ្ជាការកងទ័ពជើងគោក។ ក្នុងតំណោមតំណែងទាំងបី កូនប្រុសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជា មេបញ្ជាការកងទ័ពជើងគោក។​

បន្ទាប់ពីពិធីតែងតាំងមុខតំណែងនោះ លោក ទៀ បាញ់ បានឆ្លើយសំនួរអ្នកព័ត៌មានដោយបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកាន់តំណែងនេះ មិនមែនឡើងតាមខ្សែនោះទេ។

អ្នកខ្លះបានថា នេះបូកបញ្ជូលឥទ្ធិពលរបស់ឪពុក ប៉ុន្តែមិនបានមើលសមត្ថភាពរបស់ឧត្តមសេនីយ៍ឯកហ៊ុន​ ម៉ាណែត ដ៏ជាក់លាក់ទេ។ បើគេបានមើលហើយ គេដឹង គេនឹងទទួលស្គាល់។ សម្រាប់កងយោធពលខេមរភូមិន្ទយើងខ្ញុំទាំងអស់សុទ្ធតែទទួលស្គាល់សមត្ថភាព និងកិច្ចការរបស់គេ ដែលបានធ្វើកន្លងមកនោះល្អប្រសើរណាស់ គ្រប់កិច្ចការងារទាំងអស់ដែលគេបានសាកល្បង សាកដឹកនាំ ទទួលបានជោគជ័យជាបន្តបន្ទាប់

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់

លោក​ហ៊ុន ម៉ាណែត​ មានតួនាទីជា ​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម។​ កាលពីថ្ងៃទី៦ខែកញ្ញា កន្លងទៅនេះ ព្រះមហាក្សត្រ បានតែងតាំងលោក ហ៊ុន ម៉ាណែត តួនាទីមួយទៀតគឺ ជាមេបញ្ជាការកងទ័ពជើងគោក ជំនួស លោក មាស សុភា ដែលត្រូវតែងតាំងជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ