លោក Jack Ma នឹងចូលនិវត្តន៍នៅថ្ងៃទី១០ខែកញ្ញាសប្តាហ៍ក្រោយ

លោក Jack Ma (រូបពី រ៉យទ័រ)

មហាសេដ្ឋីចិន និងជាសហស្ថាបនិកក្រុមហ៊ុន អាលីបាបា បានប្រកាសថា លោក នឹងចូលនិវត្តន៍ដកខ្លួនចេញពីការធ្វើជំនួញនៅថ្ងៃទី១០ខែកញ្ញាសប្តាហ៍ក្រោយនេះ ហើយចំណាយពេលក្នុងជីវិតចុងក្រោយលើកិច្ចការសប្បុរសធម៌ផ្តោតលើវិស័យអប់រំ។

លោក Jack Ma បានថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន New York Times ដោយបញ្ជាក់ថា នឹងចូលនិវត្តន៍នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ជាថ្ងៃទី១០ខែកញ្ញា ត្រូវនឹងខួបអាយុ៥៤ឆ្នាំរបស់លោក។​

មហាសេដ្ឋីជាអតីតគ្រូបង្រៀនភាសាអង់គ្លេសរូបនេះ​ បានបោះបង់អាជីពជាគ្រូបង្រៀន ហើយសហការជាមួយមិត្តភ័ក្តិផ្សេងទៀត បង្កើតក្រុមហ៊ុន អាលីបាបា ធ្វើជំនួញតាម អ៊ីនធើណែត កាលពីឆ្នាំ១៩៩៩។

លោក Jack Ma ជាមហាសេដ្ឋីទី៣នៅប្រទេសចិន និងជាមហាសេដ្ឋីទី២០នៅលើពិភពលោក នេះបើតាមទស្សនាវដ្តីForbes។ លោក ក៏ជាបុគ្គលលេចធ្លោក្នុងវេទិកានានាជំរុញលើកទឹកចិត្តមនុស្សដែលអស់សង្ឃឹម និងចែករំលែកពីបទពិសោធន៍នៃការធ្វើជំនួញ។​

លោក Ma កើតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៦៤ ក្នុងគ្រួសារក្រីក្រមួយ នៅក្នុងទីក្រុងHangzhou ខេត្ត Zhejiang ភាគខាងកើតនៃប្រទេសចិន។ កាលនោះគ្រួសារពឹងផ្អែកតែប្រាក់ចូលនិវត្តន៍ឪពុករបស់លោកមួយខែទទួលបាន៤០ដុល្លារប៉ុណ្ណោះ។

គិតត្រឹមថ្ងៃសុក្រម្សិលមិញ លោក Jack Ma មានទ្រព្យសម្បត្តិក្នុងទឹកប្រាក់សរុបចំនួន​៣៨,៦ ប៊ីលានដុល្លារ  ខណៈទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអាលីបាបាទាំងអស់មាន ចំនួន៤២០,៨ ប៊ីលានដុល្លារអាមេរិក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ