ព្រាប កុល ថាស្តាយលុយបង់ពន្ធបើយកទៅចំណាយលើប្រាក់ខែឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់

លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជា (រូប ពីហ្វេសប៊ុក Preap Kol)

នាយកអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល រិះគន់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ដែលទើបតែត្រូវបានតែងតាំង ដោយថា លោកមិនចង់ចំណាយលុយបង់ពន្ធទៅលើប្រាក់ខែក្រុមការងារនេះទេ។

បង្ហោះនៅលើ Facebook របស់ខ្លួនកាលពីម្សិលមិញ លោក ព្រាប កុល បានសរសេរថា៖

ចាប់ផ្តើម​មានអារម្មណ៍ថាស្តាយលុយដែលខ្ញុំបង់ពន្ធជូនរដ្ឋ​ ជាពិសេសសម្រាប់ចំណាយទៅលើប្រាក់ខែ​និងប្រាក់ឧបត្ថម្ភ សម្រាប់សមាជិកឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​និងផ្តល់យោបល់​ ដែលមានទេសរដ្ឋមន្ត្រី​១៥​រូប​និង​រដ្ឋមន្ត្រី​១៥​រូប

នាយកអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល

លោកបន្តទៀតថា៖

ប្រសិន​បើខ្ញុំមានសិទ្ធិក្នុងការសម្រេចថា​ចំណែកលុយបង់ពន្ធរបស់ខ្ញុំគួរប្រើក្នុងខ្ទង់អ្វីនោះ​ ខ្ញុំចង់ផ្តល់លុយនេះទៅជាប្រាក់ខែដល់គ្រូបង្រៀន​ឬគ្រូពេទ្យវិញ

នាយកអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល

លោក ព្រាប កុល បញ្ជាក់ដែរថា គិតសរុបមកដល់ពេលនេះ ​លោកបង់ពន្ធជូនរដ្ឋអស់ជាងដប់ម៉ឺនដុល្លារចេញពីកម្លាំងញើសឈាមរបស់លោក​ និងជាច្រើនម៉ឺនដុល្លារទៀត​តាមរយ:ការទិញសម្ភារ អាហារ និងផលិតផល​ប្រើប្រាស់។

នៅពេលសួរបន្ថែមថាហេតុអ្វីយល់ដូច្នេះ? លោក ព្រាប កុល ដាក់ចម្ងល់ត្រឡប់មកវិញថា តើស្ថាប័នទើបបង្កើតថ្មីនេះនឹងមានប្រយោជន៍សំខាន់ប៉ុនណាសម្រាប់សង្គមជាតិ? និងថារដ្ឋាភិបាលមិនខ្វះយន្តការទទួលគំនិតទេ ដូចជាស្ថាប័នជាតិ សង្គមស៊ីវិល អ្នកឯករាជ្យសម្រាប់ផ្តល់យោបល់ឆ្លុះបញ្ចាំងចំណុចខ្លាំងខ្សោយនៃគោលនយោបាយនិងការអនុវត្ត។ លោក ព្រាប កុល នៅដាក់ចម្ងល់ទៀតថា តើសមាជិកទាំង៣០នាក់ដែលមកធ្វើការនៅស្ថាប័នដ៏ខ្ពង់ខ្ពស់នេះ ជាឧត្តមបុគ្គលហើយឬនៅ?

ឆ្លើយតបនឹងមតិខាងលើ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងជាប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង មានប្រសាសន៍ថា នេះគឺជាការវាយតម្លៃស្ថានការមុនការងារបានអនុវត្តន៍។ លោកបន្តថា លោកបានចំណាយលុយពន្ធមិនក្រោមមួយលានដុល្លារទេទៅលើសង្គមខ្មែរព្រោះលោកជាអតីតពាណិជ្ជករ។

លោកបន្ថែមថា លោកនៅមិនទាន់កំណត់សកម្មភាពការងារដែលនឹងធ្វើនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងយោបល់នៅឡើយទេ ព្រោះនៅមិនទាន់ចូលធ្វើការនៅឡើយ ហើយថា សូមឲ្យប្រជាពលរដ្ឋចាំវាយតម្លៃនៅពេលក្រោយ។

បើតាម លោក ព្រាប កុល រដ្ឋាភិបាលនឹងត្រូវចំណាយថវិកាយ៉ាងតិចក៏​ប្រហែល​៤លានដុល្លាក្នុង១ឆ្នាំដែរ បើបូកទាំងថ្លៃឡាន​ ថ្លៃសាំងឡាន​ តៃកុង​ ជំនួយការ​ និងការចំណាយរដ្ឋបាលសម្រាប់លេខាធិការដ្ឋាននៃស្ថាប័ននេះ។

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចំនួន៣០រូប ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ