កម្មករសំណង់និងបុគ្គលិកសណ្ឋាគារទាមទារឲ្យរដ្ឋាភិបាលកម្ពុជាកំណត់ប្រាក់ឈ្នួលអប្បរមាដូចវិស័យកាត់ដេរនិងស្បែកជើង។
នៅដើមខែកញ្ញា ឆ្នាំ២០១៨នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាប់ផ្តើមប្រជុំពិភាក្សាជាលើកដំបូងជាមួយភាគីពាក់ព័ន្ធនៅក្នុងការកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០១៩នៅក្នុងវិស័យកាត់ដេរនិងស្បែកជើង ខណៈដែលអ្នកធ្វើការក្នុងវិស័យសំណង់និងសណ្ឋាគារចង់ឲ្យរដ្ឋាភិបាលអាណត្តិថ្មីនេះកំណត់ប្រាក់ឈ្នួលដែរ។
ប្រធានសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា លោកសុខ គីន បានលើកឡើងថាវិស័យកាត់ដេរជាវិស័យអាទិភាពសម្រាប់ជំរុញសេដ្ឋកិច្ចជាតិនៅកម្ពុជាឲ្យមានការរីកចម្រើនលូតលាស់ ប៉ុន្តែវិស័យសំណង់និងសណ្ឋាគារក៏បានចូលរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចផងដែរ។ រដ្ឋាភិបាលមិនទាន់បានកំណត់អំពីកម្រិតប្រាក់ឈ្នួលអប្បរមានៅឡើយទេសំរាប់វិស័យទាំងពីរនេះ បើទោះបីជាច្បាប់ប្រាក់ឈ្នួលត្រូវបានអនុម័តរួចក៏ដោយ ដែលធ្វើឲ្យកម្មករបាត់បង់នូវអត្ថប្រយោន៍ផ្សេងៗ។
ប្រធានសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា លោកសុខ គីន
ឆ្លើយតបទៅនឹងប្រាក់ឈ្នួលអប្បរមាលើវិស័សំណង់និងសណ្ឋាគារ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងថា ទោះបីជាច្បាប់ប្រាក់ឈ្នួលអប្បរមាត្រូវបានអនុម័ត្ររួចក៏ដោយ តែច្បាប់នេះ ក៏បានអនុញាតឲ្យក្រុមប្រឹក្សារជាតិប្រាក់ឈ្នួល ពិនិត្យនិងពិចារណាក្នុងការពង្រីកវិសាលភាពពីវិស័យមួយទៅវិស័យមួយផ្សេងទៀត។
អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ
កម្មករសំណង់ម្នាក់ កញ្ញា សេង ហ៊ន បាននិយាយទាំងទឹកមុខក្រៀមក្រំថា សំណង់ជាការងារមួយប្រើកម្លាំងនិងប្រឈមគ្រោះថា្នក់ ប៉ុន្តែការងារមួយនេះមិនត្រូវបានយកចិត្តទុកដាក់់ខ្ពស់ពីស្ថាប័នពាក់ព័ន្ធក្នុងការផ្តល់អត្ថប្រយោន៍ផ្សេងៗនោះទេ។ កញ្ញាចង់ឲ្យរដ្ឋាភិបាលយកចិត្តទុកលើគ្រប់វិស័យដោយកំណត់ប្រាក់ឈ្នួលអប្បរមា ដើម្បីឲ្យមានជីវភាប្រសើរឡើង។
កម្មករសំណង់ម្នាក់ កញ្ញា សេង ហ៊ន
បុគ្គលិកសណ្ឋាគារម្នាក់ទៀតនៅខេត្តសៀមរាប លោក ហ៊ាង រ៉ុន ត្អូញត្អែថាបុគ្គលិកនៅតាមសណ្ឋារទទួលបានប្រាក់ឈ្នួលទាប ទោះបីពួកគេមានចំណេះដឹងនិងជំនាញ។ លោក រ៉ុន យល់ឃើញថាការកំណត់ប្រឈ្នួលអប្បរមានិងជួយឲ្យពួកគេទទួលបានប្រាក់ឈ្នួលខ្ពស់ និងអត្ថប្រយោន៍ផ្សេងៗ ដែលនឹងធ្វើឲ្យជីវភាពប្រសើរជាងមុន។
បុគ្គលិកសណ្ឋាគារម្នាក់ទៀតនៅខេត្តសៀមរាប លោក ហ៊ាង រ៉ុន
កាលពីដើមខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ប្រាក់ឈ្នួលថ្នាក់ជាតិក្នុងគោលបំណងឈានទៅដល់ការកំណត់ប្រាក់ឈ្នួលនៅក្នុងវិស័យផ្សេងៗទៀតផងដែរ។
នៅក្នុងឆ្នាំ២០១៨ ប្រាក់ឈ្នួលអប្បរមាបានដំឡើងដល់១៧០ដុល្លារក្នុងមួយខែ ដោយមិនគិតបញ្ចូលអត្ថប្រយោជន៍ផ្សេងៗនោះទេ។
យោងតាមរបាយការណ៏របស់ធនាគាពិភពលោកឆ្នាំ២០១៧ កម្ពុជាមានចំនួនកំលាំងពលកម្មចំនួនប្រមាណ ៩,៣លាននាក់ ក្នុងនោះវិស័យសេវាកម្មដែលរួមមានវិស័យសណ្ឋាគារនិងទេសចរណ៏ផងនោះមានចំនួន៤៦,២៨ភាគរយ វិស័យឧស្សាហកម្មមានជាង២៧ភាគរយនិងកសិកម្មមានជាង២៦ភាគរយ៕