ស្នងការរាជធានីភ្នំពេញដែលទើបឡើងកាន់តំណែងជាផ្លូវការកាលពីម្សិលមិញ បានប្តេជ្ញាពង្រឹងនឹងទប់ស្កាត់ បទល្មើសនានាក្នុងរាជធានីភ្នំពេញ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានប្រាប់វីអូឌីនៅថ្ងៃនេះថា ចំពោះបញ្ហាថែរក្សាសន្តិសុខ លោកមានផែនការក្នុងការបង្ការក៏ដូចជាបង្ក្រាបរួចអស់ហើយ គឺទី១ លោកនឹងបន្តមើលករណីចាស់ៗដែលលោកស្នងការមុន បានធ្វើ ហើយនឹងបន្តស្រាវជ្រាវបន្តនៅករណីដែលមិនទាន់ធ្វើរួច ទី២ លោកនឹងពង្រឹងកម្លាំងជំនាញទាំងអស់ឲ្យចេញធ្វើសកម្មភាពដើរល្បាត ក៏ដូចប្រមូលព័ត៌មានក្តោបសភាពបទល្មើសផ្សេងៗទៀត។
ចំពោះសំណុំរឿងក្រុមចោរដែលប្លន់ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា សាខាម៉ៅសេទុង កាលពីថ្ងៃទី២៣ ខែសីហាលោកថា មិនទាន់ក្តោបពេញទេ ព្រោះទើបឡើងកាន់តំណែង។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គិមអេង បានសាទរចំពោះប្រសាសន៍របស់លោក ស ថេត ដែលប្តេជ្ញាពង្រឹងទប់ស្កាត់អំពីចោរកម្មនៅក្នុងស្រុក។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គិមអេង
លោក យ៉ង់ គិមអេង បន្តថា បច្ចុប្បន្ននេះប្រជាពលរដ្ឋនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលត្រូវការឲ្យកម្លាំងមានសមត្ថកិច្ចធ្វើការឲ្យកាន់តែច្រើនថែមទៀត ដើម្បីបង្ការទប់ស្កាត់បញ្ហាចោរប្លន់នេះ។
លោក ស ថេត ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជំនួសលោក ជួន សុវណ្ណ ជាផ្លូវការ កាលសៀលម្សិលមិញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។