កម្ពុជា និងចិន បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការចំនួន១២លើវិស័យផ្សេងៗ ដែលមានតម្លៃសរុបជាង៨០លានដុល្លារសហរដ្ឋអាមេរិកកាលពីម្សិលមិញ។
ការចុះអនុស្សរណៈនេះធ្វើឡើងក្នុងវេទិកាវិនិយោគ ធុរកិច្ច និងទេសចរណ៍ នៃពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន។
តាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹង អនុស្សរណៈយោគយល់ចំនួន១២នេះ គ្របដណ្តប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជាការធ្វើធុរកិច្ច-ពាណិជ្ជកម្ម, ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកមគ្គុទេសក៍ (អ្នកនាំភ្ញៀវទេសចរ) និងផ្នែកវិស្វកម្ម (ផ្លូវដែកល្បឿនលឿន, ទំនប់វារីអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រ), ការស្ថាបនាផ្លូវយន្តហោះ, ការបង្កើតមហាវិទ្យាល័យស្រាវជ្រាវឧស្សាហកម្ម និងការកសាងមជ្ឈមណ្ឌល បណ្តុះបណ្តាលទេសចរណ៍ Sino-ASEAN។
តាមគេហទំព័រដដែល បានបន្ត រៀងរាល់ព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន តែងមានពិធីចុះហត្ថលេខាលើគម្រោងវិនិយោគ និងអនុស្សរណៈជាច្រើន រវាងវិនិយោគិន និងពាណិជ្ជករកម្ពុជា-ចិន៕