ស្ថានភាពសុខភាពរបស់អតីតប្រធានបក្សប្រឆាំងលោកកឹម សុខា នៅតែមានសភាពដដែល ក្រោយចេញពីពន្ធនាគារ។
លោក ផែង ហេង មេធាវីម្នាក់ក្នុងចំណោមមេធាវី ៤រូបដែលកាពារក្តីឲ្យលោក កឹម សុខា បានឲ្យប្រាប់វីអូឌីនៅថ្ងៃនេះថា ចំពោះសុខភាពលោក កឹម សុខា គឺមិនមានអ្វីប្រែប្រួលនោះទេ ដោយមានពេទ្យមកត្រួតពិនិត្យជាតិស្ករ និងសម្ពាធឈាមជាប្រចាំនៅផ្ទះរបស់លោក។ ចំណែកឯការឈឺស្មា របស់លោកគឺមិនទាន់ធ្វើការវះកាត់នោះទេ។
ចំណែកការដាក់ពាក្យសុំយកលោក កឹម សុខា ទៅព្យាបាលនៅក្រៅប្រទេស លោក ផែង ហែង បានប្រាប់ថា គឺខាងលោក កឹម សុខា មិនទាន់មានគម្រោងនោះទេ។
លោក កឹម សុខា ត្រូវបានដោះលែងពីការឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង មកឃុំខ្លួននៅក្នុងផ្ទះ កាលព្រឹកថ្ងៃទី១០កញ្ញា បន្ទាប់ពីលោកត្រូវបានចាប់ដាក់ឃុំអស់រយៈពេលជាង ១ឆ្នាំមកហើយ។ សាលាដំបូងរាជធានីភ្នំពេញអះអាងថាលោក កឹម សុខា ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ក្រោមហេតុផលសុខភាពរបស់លោក និងមានការធានាពីនីតិវិធីច្បាស់លាស់៕