ក្រសួង​ផ្លាស់​ប្តូរ​នាយក​សាលា​ស៊ីសុវត្ថិ បើ​ទោះ​បី​មាន​ការ​តវ៉ា​ពី​គ្រូ និង​សិស្ស

ក្រុមគ្រូបង្រៀន និងសិស្សតវ៉ា ដោយ​ជំទាស់​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​នាយក​គ្រប់​គ្រង លោក មូល ស៊ុយហេង និង​ការ​ដាក់​បញ្ចូល​កម្មវិធី​អប់រំ​ថ្មី​របស់​ក្រសួង​នៅ​ក្នុង​សាលារៀន​មួយ​នេះ ព្រឹកថ្ងៃទី ១៩ កញ្ញា ២០១៨

ក្រសួង​អប់រំ​បាន​សម្រេច​ផ្លាស់​ប្ដូរ​គណៈ​គ្រប់គ្រង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​បណ្ដោះអាសន្ន បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា​ពី​សិស្ស និង​គ្រូ​មួយ​ចំនួន​ក៏​ដោយ។

ក្រុម​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ចំណាស់​មួយ​នេះ បាន​ប្រមូល​ផ្ដុំ​តវ៉ា​ចាប់​តាំង​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ជំទាស់​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​នាយក​គ្រប់​គ្រង លោក មូល ស៊ុយហេង និង​ការ​ដាក់​បញ្ចូល​កម្មវិធី​អប់រំ​ថ្មី​របស់​ក្រសួង​នៅ​ក្នុង​សាលារៀន​មួយ​នេះ។

ក្រុមគ្រូបង្រៀន និងសិស្សតវ៉ា ដោយ​ជំទាស់​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​នាយក​គ្រប់​គ្រង លោក មូល ស៊ុយហេង និង​ការ​ដាក់​បញ្ចូល​កម្មវិធី​អប់រំ​ថ្មី​របស់​ក្រសួង​នៅ​ក្នុង​សាលារៀន​មួយ​នេះ ព្រឹកថ្ងៃទី ១៩ កញ្ញា ២០១៨

ថ្លែង​ប្រាប់​​ VOD បន្ទាប់​ពី​ការ​ប្រកាស​គណៈ​​គ្រប់គ្រង​បណ្ដោះអាសន្ន​នៃ​​វិទ្យាល័យ​ស៊ីសុវត្ថិ​​នៅ​ព្រឹក​ថ្ងៃ​នេះ​ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​​រាជធានី​ភ្នំពេញ ​លោក ហែម ស៊ីណារ៉េត ​បាន​ឲ្យ​ដឹង​ថា ​ការ​ផ្លាស់​ប្ដូរ​នាយក​សាលា​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​គោល​ការណ៍​របស់​ក្រសួង មិន​មែន​ជា​វិធានការណ៍​រដ្ឋបាល​ ឬ​ទណ្ឌកម្ម​អ្វី​ទៅ​លើ​រូប​លោក​​នោះ​ទេ។

ថ្មី​ៗ​នេះ​ក្រសួង​បាន​រៀប​ចំ​គោល​នយោបាយ​មួយ​ដែល​ជា​ដំណាក់​កាល​ទី​២​របស់​ក្រសួង​អប់​រំ ដែល​ទី​១​ ឯកឧត្ដម​រដ្ឋ​មន្ត្រី​លោក​បាន​កែ​ទម្រង់​ទៅ​លើ​កិច្ចការ​ប្រឡង​ ការងារ​គ្រប់គ្រង​បុគ្គលិក​ ហិរញ្ញវត្ថុ​។ល។ លើក​នេះ​ទាក់ទង​នឹង​ការ​បែងចែក​ ការ​គ្រប់​គ្រង​ធនធាន​មនុស្ស។ មាន​ន័យ​ថា​ម៉េច? គឺ​នាយក​សាលា​មួយ​មិន​អាច​នៅ​ទីណា​នៅ​ទី​ហ្នឹង​រហូត​នោះ​ទេ! គឺ​មាន​រយៈពេល​កំណត់​ណា​មួយ។ គាត់​ធ្វើ​ការ​ល្អ​យ៉ាង​ម៉េច​ គឺ​ផ្ទេរ​ពី​ហ្នឹង​ទៅ​កាន់​កន្លែង​ផ្សេង​មួយ​ទៀត​ ដើម្បី​ឲ្យ​អ្នក​ផ្សេង​នៅ​ក្នុង​ហ្នឹង​(មក​កាន់​តួនាទី​) ដើម្បី​ឲ្យ​បង្កើន​សមត្ថភាព​ការ​ងារ ផ្លាស់​​ប្ដូរ​សមត្ថភាព​ការងារ

ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​​រាជធានី​ភ្នំពេញ ​លោក ហែម ស៊ីណារ៉េត

អនុ​ប្រធាន​មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ លោក អ៊ុក សម្បត្តិ ដែល​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​គ្រប់​គ្រង​លើ​វិទ្យាល័យ​ស៊ីសុវត្ថិ​បណ្ដោះ​នោះ បាន​ឲ្យ​ដឹង​ថា គណៈគ្រប់​គ្រង​បណ្ដោះ​អាសន្ន ៩​រូប ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ដឹកនាំ​អង្គភាព​នេះ​ ដើម្បី​ឲ្យ​​គ្រូបង្រៀន​នៅ​សាលា​មួយ​នេះ​វាយ​តម្លៃ មុន​នឹង​ក្រសួង​សម្រេច​តែងតាំង​នាយក​គ្រប់​គ្រង​ផ្លូវការ។

​លោក អ៊ុក សម្បត្តិ បាន​ប្រាប់ VOD ថា​​​ លោក​ និង​សមាជិក​ផ្សេង​ទៀត​ គឺ​មក​គ្រប់​គ្រង​សាលា​នេះ ​ដើម្បី​រក្សា​និរន្ត​ភាព​របស់​សាលា​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​មាន​ការ​បែង​ចែក​សាលារៀន​ជំនាន់​ថ្មី និង​ចាស់​នោះ​ទេ។

ការ​គ្រប់​គ្រង​បណ្ដោះអាសន្ន​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ឆក​ល្វែង​កម្រិត​ណា​មួយ​នោះ។ ទាំង​អស់​គ្នា​នោះ​ គឺ​មិន​មែន​ជា​នាយក​សាលា​ទេ​គឺ​អ្នក​ទាំង​អស់​គ្នា​នេះ ​គឺ​ជា​អ្នក​រដ្ឋ​បាល។ ដល់​ពេល​យើង​មក​ធ្វើ​ការងារ​របស់​នាយក​សាលា​អញ្ចឹង ​គឺ​ការ​ពារ​កុំ​ឲ្យ​មាន​ភាព​ឆក​ល្វែង​ និង​មាន​ពាក្យ​ពីក្រៅ​មក​ថា ​យើង​ធ្វើ​ការ​មិន​បាន​ល្អ

អនុ​ប្រធាន​មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ លោក អ៊ុក សម្បត្តិ

ស្រប​ពេល​ដែល​ក្រសួង​បាន​ផ្លាស់​ប្ដូរ​គណៈ​គ្រប់គ្រង​បណ្ដោះអាសន្ន​នោះ នៅ​ខាង​មុខ​វិទ្យាល័យ​ លោក​គ្រូ អ្នក​គ្រូ និង​សិស្សានុសិស្ស​ជាច្រើន​នាក់​ដែល​គាំទ្រ​នាយក​សាលា​ចាស់​ បាន​ឈរ​លើក​បដារ​​តវ៉ា​ ដែល​មាន​ខ្លឹមសារ​ថា មិន​ទទួល​ស្គាល់​សមាសភាព​ថ្មី​របស់​សាលា​។ ក្រុម​គ្រូ​បង្រៀន​ទាំង​នោះ បាន​ហៅ​​ការ​ផ្លាស់​ប្តូរ​នាយក​សាលា​នេះថា​ ​​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ត្រឹម​ត្រូវ។

​សិស្ស​ថ្នាក់​ទី​១១ នៃ​​វិទ្យាល័យ​ស៊ីសុវត្ថិ ​កញ្ញា ស៊ិន ចាន់​ឬទ្ធី​យ៉ា​ បាន​និយាយ​ថា ​សិស្សានុសិស្ស​ដែល​តវ៉ា​នៅ​ថ្ងៃ​នេះ​ មិន​ទទួល​ស្គាល់​សមាសភាព​ថ្មី​នោះ​ទេ ហើយ​ក៏​មិន​រំពឹង​ដែរ​ថា ​សមាសភាព​គ្រប់​គ្រង​សាលា​ថ្មី​អាច​ដឹក​នាំ​ល្អ​ដូច​នាយក​សាលា​ចាស់​នោះ​ ខណៈ​ដែល​កញ្ញា​បារម្ភ​ពី​វាសនា​​សាលា​នេះ​ អាច​នឹង​ផ្លាស់ប្ដូរ​ទៅ​ជា​សាលារៀន​ជំនាន់​ថ្មី​។

អត់​មាន​និយាយ​អី​ពី​ដើម​ទេ​! ដល់ពេល​ហើយ​មក​ផ្លាស់​ប្ដូរ​ភ្លាមៗ​តែ​ម្ដង​។ បើ​មាន​ការ​ផ្លាស់​ប្ដូរ​មិន​អី​ទេ តែ​នេះ​គ្រោង​ដាក់​NGS(សាលារៀន​ជំនាន់​ថ្មី) ទាំង​អស់។ ឮ​ថា​ ដក​លោក​នាយក​ចេញ​ ហើយ​យក​នាយក​សាលា​ជំនាន់​ថ្មី​មក​ក្លាយ​ជា​នាយក​សាលា​វិញ

​សិស្ស​ថ្នាក់​ទី​១១ នៃ​​វិទ្យាល័យ​ស៊ីសុវត្ថិ ​កញ្ញា ស៊ិន ចាន់​ឬទ្ធី​យ៉ា

តំណាង​គ្រូ​បង្រៀន​ដែល​តវ៉ា​នៅ​ថ្ងៃ​នេះ ​អ្នកគ្រូ​ ប៊ូ គន់នី មាន​ប្រសាសន៍​ថា​ ក្រុម​គ្រូ​បង្រៀន​​ទាម​ទារ​ឲ្យ​រក្សា​នាយក​គ្រប់​គ្រង​ ​លោក មូល ស៊ុយហេង នៅ​ដដែល និង​ស្នើ​ឲ្យ​ដក​សាលា​រៀន​ជំនាន់​ថ្មី​ចេញពី​សាលា​ ដោយ​ថា សាលា​រៀន​ជំនាន់​ថ្មី​នេះ គឺ​ដូចជា​សាលា​មួយ​នៅ​ក្នុង​សាលា​ ហើយ​ហាក់​បាន​ខណ្ឌ​​ដាច់​ពី​គ្នា​រវាង​សាលា​ចាស់​ និង​សាលា​ថ្មី។

បើ​គាត់​ចង់​កែទម្រង់​ គាត់​គួរ​តែ​យក​គ្រូ​ទាំង​អស់ ឲ្យ​គាត់​ធ្វើ​នូវ​អ្វី​ដែល​គាត់​ចង់​ធ្វើ​ ហើយ​គាត់​ដាក់​មក​វិញ​ថា ​នេះជា​ការ​គ្រប់គ្រង​បែប​ថ្មី ហើយ​បើ​សិន​ជា​គាត់​ធ្វើ​បាន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​បាន​ជោគជ័យ ហើយ​គាត់​យក​វិទ្យាល័យ​ផ្សេង​ទៀត​អនុវត្ត​តាម​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ទាំង​មូល​ មិន​មែន​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជំនាន់​ថ្មី​ទេ​​

តំណាង​គ្រូ​បង្រៀន​ដែល​តវ៉ា​នៅ​ថ្ងៃ​នេះ ​អ្នកគ្រូ​ ប៊ូ គន់នី

​ប្រធាន​មន្ទីរ​អប់រំ​រាជធានី​លោក ហែម ស៊ីណារ៉េត បាន​អះ​អាង​​ថា​ មិន​មាន​ការ​ផ្លាស់​ប្ដូរ​ទម្រង់​នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​នោះ​ទេ ដោយ​ស្នើ​ឲ្យ​លោក​គ្រូ អ្នក​គ្រូ​ទាំង​អស់​ដាក់​លិខិត​ស្នើ​សុំ​ការ​បញ្ជាក់​​ទៅ​កាន់​ក្រសួង​វិញ​ ជា​ជាង​តវ៉ា​បែប​នេះ។

ខ្ញុំ​មិន​ចង់​ឲ្យ​គាត់​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ លើក​បដា​អី​អញ្ចឹង​ទេ! បើ​គាត់​មិន​ពេញ​ចិត្ត​ មិន​សុខ​ចិត្តករណី​ណាមួយ​ គាត់​អាច​ស្នើ​សុំ​ជំទាស់​ទៅ​ក្រសួង​ទៅ គេ​នឹង​បង្កើត​គណៈកម្មការ​ដោះស្រាយ​ជូន

​ប្រធាន​មន្ទីរ​អប់រំ​រាជធានី​លោក ហែម ស៊ីណារ៉េត

បើ​តាម​លោក ហែម ស៊ីណារ៉េត នាយក​សាលា​វិទ្យាល័យ​ស៊ីសុវត្ថិ​ចាស់​លោក មូល ស៊ុយ​ហេង ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅកាន់​​​នាយកដ្ឋាន​មធ្យមសិក្សា​នៃ​ក្រសួង​អប់រំ បន្ទាប់​ពី​លោក​គ្រប់​គ្រង​វិទ្យាល័យ​ស៊ីសុវត្ថិ​នេះ​រយៈពេល ១០ឆ្នាំ​ហើយ​តាំង​ពី​ឆ្នាំ​២០០៨មក។

​សាលា​រៀន​ជំនាន់​ថ្មី​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្តន៍​ក្នុង​ចំណែក​មួយ​ផ្នែក​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៦ ដោយ​យក​ផ្នែក​មួយ​នៃ​វិទ្យាល័យ​នេះ​ជា​គំរូ​នៃ​ការ​បង្រៀន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ