អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឲ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់ ៥រូប ពិតជាបានស្នើសុំលាលែងចេញពីតំណែងនាយរងសេនាធិការចម្រុះ ហើយទៅកាន់តួនាទីដើមតែមួយវិញ ដោយថា អនុវត្តតាមគោលការណ៍ថ្មីរបស់ក្រសួង។
លិខិតលាលែងចុះថ្ងៃទី១៤កញ្ញាដែល VOD ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ឧត្តមសេនីយ៍ឯកទាំងប្រាំនាក់ដែលសុំលាលែងចេញពីមុខងារនាយរងសេនាធិការចម្រុះ មានដូចជា លោក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ លោក កែវ ធី មេបញ្ជាការកងពលធំលេខ២ លោក ចាប ភក្តី មេបញ្ជាការកងពលតូចទ័ពឆ័ត្រយោងពិសេសលេខ ៩១១ លោក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ និង លោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០។
ក្រុមឧត្ដមសេនីយ៍ទាំង ៥រូបនោះ ដែលបានធ្វើលិខិតលាលែងតែមួយនោះ ពុំបានបញ្ជាក់ពីមូលហេតុនៃការស្នើសុំលាលែងពីតំណែងនៅសេនាធិការចម្រុះកងទ័ពនោះឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឲ្យដឹងបន្ថែមនៅថ្ងៃនេះថា នេះជាគោលការណ៍ថ្មីរបស់ក្រសួងការពារជាតិឲ្យមន្ត្រីទាហានកាន់តែតួនាទីតែមួយ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ
ប៉ុន្តែ អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា ក្រសួងពុំទាន់បានចេញសេចក្ដីណែនាំ ឬអនុក្រឹត្យជាផ្លូវការអំពីគោលការណ៍ថ្មីនេះនៅឡើយទេ។
ទោះជាយ៉ាងណា ក្រុមឧត្ដមសេនីយ៍ទាំងនោះ បានស្នើសុំលាលែងពីតំណែងរបស់ពួកគេ បន្ទាប់ពីក្រសួងការពារជាតិបានផ្ទេរអង្គភាពយោធាចំនួន ៥ ដាក់ឲ្យស្ថិតនៅក្រោមបញ្ជាការរបស់មេបញ្ជាការកងទ័ពជើងគោកថ្មី ដែលដឹកនាំដោយកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត។
អង្គភាពទ័ពទាំង៥នោះរួមមាន កងពលធំអន្តរាគមន៍លេខ២ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ១ កងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ និងកងពលតូចលេខ៧០ ដែលសុទ្ធតែស្ថិតក្រោមការដឹកនាំរបស់ឧត្ដមសេនីយ៍ទាំង ៥រូប៕