រដ្ឋាភិបាល​បញ្ជា​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចាត់​វិធានការ​លើ​​សំណង់​គ្មាន​ប្រព័ន្ធ​សម្អាត​ទឹក​កខ្វក់

រសៀលថ្ងៃទី​ ១៧.៩.២០១៨ ក្រុមការងារនៃ​ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា​ ដឹកនាំដោយ​ លោក​ ប៉ែន​ សុផ​ល​ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដី បានចាប់ផ្តើមចុះបំពេញការងាហើយ​ នៅគ្រប់ការដ្ឋានសំណង់ទាំងអស់​ ក្នុងខេត្តព្រះសីហនុ​ (រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ)

រដ្ឋាភិបាល​បាន​បញ្ជា​ទៅ​អភិបាល​ខេត្ត​ព្រះសីហនុ ​ឲ្យ​មាន​វិធាន​ការ​ចំពោះ​សំណង់​ទាំងឡាយ​ណា ដែល​ពុំ​បាន​រៀប​ចំ​អាង​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​លូ ដើម្បី​ធានា​ដល់​អនាម័យ សោភ័ណភាព គុណភាព​ទឹកសមុទ្រ និង​ធនធាន​សមុទ្រ​ក្នុង​ខេត្ត​នេះ។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១៨ កញ្ញា ដែល ​VOD ទើប​ទទួល​បាននៅ​ថ្ងៃ​នេះ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​លោក ជា សុផារ៉ា បាន​បញ្ជា​ទៅ​អភិបាល​ខេត្ត​ព្រះសីហនុ​ លោក យន្ត មីន ឲ្យ​ចាត់​វិធានការ​ផ្អាក​ការ​សាងសង់ ឬ​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​ជា​បណ្ដោះ​អាសន្ន​រាល់​សំណង់​អាគារ​លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និង​រោងចក្រ​ ដែល​ពុំ​បាន​រៀបចំ​អាង​ប្រព្រឹត្តិកម្ម​​ទឹក​កខ្វក់  អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​លូ ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ រហូត​ដល់​អាជីវកម្ម​ទាំង​នោះ​មាន​ការ​រៀបចំ​ប្រព័ន្ធ​ទាំង​នេះ​រួច​រាល់​ទើប​អនុញ្ញាត​ឲ្យ​សាងសង់ និង​បន្ត​អាជីវកម្ម​ឡើង​វិញ​បាន។

ក្នុង​លិខិត​នោះ​សរសេរ​ថា៖ 

ត្រូវ​រៀប​ចំ​ឲ្យ​មាន​អាង​ប្រព្រឹត្តិកម្ម ទឹក​កខ្វក់​ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​លូ ក្នុង​ទី​តាំង​ដី​ឡូត៍​រៀងៗខ្លួន​ជាមុន ស្រប​តាម​មុខងារ​ប្រើ​ប្រាស់​អាគារ និង​បទដ្ឋាន​បច្ចេកទេស​សំណង់​ និង​បរិស្ថាន​ល្អ រួច​រៀប​ចំ​ប្រព័ន្ធ​លូ​តភ្ជាប់​ទឹក​កខ្វក់​ដែល​ចម្រោះ​រួច​នេះ​ចូល​ទៅ​ប្រព័ន្ធ​លូ​សាធារណៈ​របស់​ខេត្ត ដែល​ហូរ​តភ្ជាប់​ទៅ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​របស់​ខេត្ត​ព្រះសីហនុ

អ្នក​នាំ​ពាក្យ​ក្រសួង​ដែន​ដី​ លោក សេង ឡូត មាន​ប្រសាសន៍​ថា​ បទ​បញ្ជានេះ គឺ​ចង់​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំង​អស់ ​អនុវត្តន៍​ត្រឹម​ត្រូវ​តាម​សេចក្ដីណែនាំ​របស់​រដ្ឋាភិបាល​ដែល​ចេញ​កាលពី​កន្លង​ទៅ​ ខណៈ​ដែល​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ទេសចរណ៍​មួយ​ ដែល​កំពុង​មាន​កំណើន​នៃ​អាជីវកម្ម​ទាំង​នោះ។

លើស​ពី​នេះ​ទៀត​ ចំពោះ​ការដ្ឋាន​សំណង់​ដែល​នៅ​ជិតៗឆ្នេរ​សមុទ្រ​ គឺ​មាន​ការ​ណែនាំ​ឲ្យ​មាន​ការ​ចាក់​បេតុង​ព័ទ្ធ​ជុំវិញ ជៀសវាង​កម្ទេចកម្ទី​ក៏​ដូចជា​ទឹក​កខ្វក់នៅ​ក្នុង​ពេល​ដំណើរ​ការ​សាងសង់​នេះ​ ​​អាច​ហូរ​ចូល​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ ក៏​ដូចជា​ប៉ះពាល់​ដល់​សោភ័ណ​ភាព​សមុទ្រកម្ពុជា

អ្នក​នាំ​ពាក្យ​ក្រសួង​ដែន​ដី​ លោក សេង ឡូត

អភិបាល​ខេត្ត​ព្រះសីហនុ​ លោក យន្ត មីន ថា ​នៅ​ពេល​នេះ ខេត្ត​បាន​ចុះ​អនុវត្តន៍​ហើយ​ ប៉ុន្តែ​ ​លោកថា ​មិន​ទាន់​បាន​របាយការណ៍​ពី​ការ​អនុវត្តនេះ​​នៅឡើយ​ទេ​។

គេបានពិនិត្យហើយ គណៈកម្មការគេបានពិនិត្យហើយ តែខ្ញុំអត់ដឹងដែរ ខ្ញុំទើបមកពីចិន

អភិបាល​ខេត្ត​ព្រះសីហនុ​ លោក យន្ត មីន

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​ អ្នកស្រី ជៀប សុធារី បាន​អប​អរសាទរ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ប៉ុន្តែ ​អ្នកស្រី​ស្នើ​ដល់​មន្ត្រី​មូលដ្ឋាន ក៏​ដូចជា​ថ្នាក់​ខេត្ត ​គួរ​តែ​អនុវត្តន៍​ច្បាប់​ មិន​គួរ​រង់ចាំ​ការ​បញ្ជា​ពី​ថ្នាក់​លើ​បន្ថែម​បែបនេះ​នោះ​ទេ។

បើ​មាន​ច្បាប់​មាន​លិខិត​បទដ្ឋាន​គតិយុត្តិ​ហើយ​សុំឲ្យ​ជំនាញ ឬ​​មន្ត្រី​ដែល​ពាក់​ព័ន្ធ​ហ្នឹង​​ត្រូវ​អនុវត្តន៍​តាម​ចង់​និយាយ​អញ្ចឹង​ មិនមែន​ច្បាប់​ចេះ​តែ​មាន​ក្នុង​ក្រដាស​អញ្ចឹង​ទៅ ហើយ​អ្នក​ធ្វើ​ចេះ​តែ​ធ្វើ​តាម​តែ​អំពើ​ចិត្ត​អញ្ចឹង​ទៅ។ ច្បាប់​នៅ​តែ​ច្បាប់​អញ្ចឹង​ទៅ​វា​អត់​មាន​តម្លៃ​អី​ ព្រោះ​អត់​មាន​អ្នក​អនុវត្តន៍ ដល់​អញ្ចឹង​ធ្វើ​ឲ្យ​ពល​រដ្ឋ​មិន​សប្បាយ​ចិត្ត

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​ អ្នកស្រី ជៀប សុធារី

បើតាម​អ្នក​ស្រី សុធារី កាលពី​កន្លង​ទៅ ​អ្នកស្រី​ឃើញ​មាន​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ក្នុង​ខេត្ត​នេះ​មួយ​ចំនួន ​បាន​​បង្ហូរ​ទឹក​កខ្វក់​ចេញពី​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ទៅ​កាន់​សមុទ្រ​ផង​ដែរ ដោយ​មិន​មាន​វិធានការ​​ពី​អាជ្ញាធរ​នោះ​ទេ ខណៈ​អ្នកស្រី​សង្ឃឹម​ថា ​នឹង​មាន​ការ​កែ​លម្អ​ច្រើន​បន្ទាប់​ពី​មាន​សេចក្ដី​សម្រេច​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ