អ្នក​កាសែត​អូស្ត្រាលី​ថា នឹង​​ត្រឡប់​មក​កម្ពុជាវិញ ក្រោយ​​ទៅ​ដល់​​ស្រុក​កំណើត

លោក James Ricketson បានជួបកូនស្រីរបស់គាត់គឺ Roxanne Holmes និងប្រព័ន្ធផ្សព្វផ្សាយនៅអាកាសយានដ្ឋានអន្តរជាតិស៊ីដនី កាលពីថ្ងៃអាទិត្យ ទី២៣ កញ្ញា ២០១៨ (រូបភាព៖ AAP: Dean Lewins)

អ្នក​កាសែត​អូស្ត្រាលី​ដែល​ទើប​តែ​ត្រូវ​បាន​លើក​លែង​ទោស​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​កាល​ពី​សប្ដាហ៍​មុន​នោះ បានអះ​អាង​ថា នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ទៅ​ដល់​ប្រទេស​កំណើត​របស់​លោក​នោះ។

សារព័ត៌មាន​អូស្ត្រាលី ABC បាន​ចុះ​ផ្សាយ​ថា លោក James Ricketson បាន​ធ្វើ​ដំណើរការ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ និង​បាន​ទៅ​ដល់​អូស្ត្រាលី​កាល​ពីម៉ោង ៨​ល្ងាច​(ម៉ោង​នៅ​អូស្ត្រាលី)ម្សិល​មិញ​នេះ។

​លោក James Ricketson ត្រូវ​បាន​ទូរទស្សន៍ ABC ដក​ស្រង់​សម្ដី​ដែល​បាន​ថ្លែង​ថា លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​តាម​តែ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ លោក​ថា លោក​ត្រូវ​ការ​ស្ដារ​ស្ថានភាព​សុខភាព​របស់​លោក​សិន។

ប៉ុន្តែ ប្រធាន​ផ្នែក​ស៊ើប​អង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​ការិយាល័យ​អន្តោ​ប្រវេសន៍​កម្ពុជា លោក អ៊ុក ហៃសិលា ត្រូវ​បាន ABC ដក​ស្រង់​សម្ដី​ដែល​បាន​និយាយ​ថា ប្រសិន​បើ​អ្នក​កាសែត​អូស្ត្រាលី​រូប​នេះ ចង់​វិល​ត្រឡប់មក​កម្ពុជា ទាល់​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋ​មន្ត្រី​មហាផ្ទៃ​ លោក ស ខេង។

បើ​តាម ABC ការ​ហាម​ឃាត់​លោក James Ricketson មិន​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា​ជា​ថ្មី នឹង​ប៉ះ​ពាល់​ទៅ​ដល់​​រូប​លោក ដែល​បាន​កសាង​ទំនាក់​ទំនង​ជាមួយ​ពលរដ្ឋ​ដ៏​ក្រីក្រ​របស់​ប្រទេស​នេះ ជាពិសេស​កូន​ចិញ្ចឹម​របស់​លោក​ឈ្មោះ «ចន្ទី»។

អ្នកសារព័ត៌មាន​អូស្ត្រាលី​រូប​នេះ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាល​ពី​​ខែ​មិថុនា​ឆ្នាំ ហើយ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៦​ឆ្នាំ នៅ​ក្រោម​អ្វី​ដែល​អាជ្ញាធរ​កម្ពុជា​ចោទ​ថា «ប្រមូល​ព័ត៌មាន​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​កិច្ចការ​ពារ​សន្តិសុខ​ជាតិ»

លោក James Ricketson ​ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្ដី​ទី លោក សាយ ឈុំ លើក​លែង​ទោស​ទៅ​តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ក្រោយ​ពី​ជាប់​ឃុំ​អស់​រយៈ​ពេល ១៦​ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ