លោក ហ៊ុន សែន ថា លោក​អហោសិកម្មអ្នក​រៀបចំគម្រោង​សម្លាប់​លោក​មិន​បាន​សម្រេច​កាល​ពី​២០​ឆ្នាំ​មុន

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ បាន​រំឭក​ឡើង​វិញ​អំពី​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​រូប​លោក​កាល​ពី ២០​ឆ្នាំ​មុន អំឡុង​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​សភា​នីតិកាល​ទី​២ នៅ​ឯ​ខេត្ត​សៀមរាប ប៉ុន្តែ លោក​ថា បាន​អធ្យាស្រ័យ​រួចទៅ​ហើយ​ចំពោះ​បុគ្គល​ដែល​ប៉ុន​ប៉ង​សម្លាប់​រូប​លោក។

លោក ហ៊ុន សែន បាន​រំឭក​ឡើង​វិញ​អំពី​ព្រឹត្តិការណ៍​ប៉ុន​ប៉ង​សម្លាប់​រូប​លោក​បែប​នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ។

​នាយករដ្ឋ​មន្ត្រី​កម្ពុជា​រូប​នេះ បាន​រៀបរាប់​ថា គ្រាប់​រ៉ុកកែត​បេ ៤០ មួយ​គ្រាប់ នៅ​ក្នុង​ចំណោម ៤​គ្រាប់ ត្រូវ​បាន​បាញ់​សំដៅ​លើ​រថយន្ត​របស់​លោក នៅ​ឯ​ខេត្ត​សៀមរាប ប៉ុន្តែ លោក​ថា គ្រាប់​រ៉ុកកែត​នោះ​បាន​ហោះ​ទៅ​បុក​ផ្ទះ​ប្រជាជន ដែល​បណ្ដាល​ឲ្យ​ប្រជាជន​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ កាល​ពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៨។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បាន​រំឭក​ទៀត​ថា ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​រូប​លោក​ដែល​មិន​បាន​សម្រេច​នេះ បាន​កើត​ឡើង​អំឡុង​ពេល​នៃ​ការ​បើក​ប្រជុំ​សភា​លើក​ដំបូង​នៅ​ក្នុងព្រះ​រាជ​ដំណាក់​នៅ​ខេត្ត​សៀមរាប ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​២ កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​១៩៩៨។

លោក ហ៊ុន សែន បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ទៀត​ថា លោក​បាន​អហោសិកម្ម​ចំពោះ​បុគ្គល​ដែល​ប៉ុន​ប៉ង​ធ្វើ​ឃាត​រូប​លោក​ទៅ​ហើយ បើទោះបី​ជា​លោក​អះ​អាង​ថា អាច​មាន​ពន្លឺ​ស្រាវ​ជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយ​គម្រោង​ធ្វើ​ឃាត​រូប​លោក​ក៏​ដោយ។

ខ្ញុំបានអហោសិកម្មឲ្យ​អ្នកដែលចង់សម្លាប់ខ្ញុំនៅខេត្តសៀមរាបរួចហើយ បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៍ដោយ តែអ្នកត្រូវដឹងថាពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនអោយពួកអ្នកសម្លាប់ខ្ញុំបានទេ មិនអោយពួកអ្នកធ្វើរដ្ឋប្រហារឬធ្វើបដិវត្តពណ៍បានទេ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ចោទ​សួរ​ថា ប្រសិន​បើ​លោក​ស្លាប់​នា​ពេល​នោះ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង ហើយ​តើ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា អាច​នឹង​ត្រូវ​បាន​បញ្ចប់​បាន​ឬយ៉ាង​ណា។

លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក បាន​ឈ្នះ​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​១៩៩៨។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដឹកនាំ​ដោយ​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ និង​គណបក្ស សម រង្ស៊ី ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី បាន​ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នា​ពេល​នោះ ដោយ​ចោទ​បក្ស​កាន់​អំណាច​ថា បាន​លួច​បន្លំ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត។

លោក សម រង្ស៊ី បាន​រំឭក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​បាន​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​ពលរដ្ឋ ដែល​បាន​តវ៉ា​ជំទាស់​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​១៩៩៨។

បើ​តាម​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ វិបត្តិ​នយោបាយ​កម្ពុជា​កាល​ពី ២០​ឆ្នាំ​មុន បាន​ឈាន​ដល់​ទី​បញ្ចប់ បន្ទាប់​ពី​មាន​ជំនួប​រវាង​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ សម រង្ស៊ី។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៨ ត្រូវ​បាន​ប្រកាស​ថា គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ឈ្នះ​បាន​អាសនៈ ៦៤ គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈ្នះ​បាន​អាសនៈ ៤៣ ហើយ​គណបក្ស សម រង្ស៊ី ទទួ​ល​បាន​អាសនៈ​​សភា​ចំនួន ១៥​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ