អាមេរិក​ជំរុញ​ឲ្យអ្នក​វិនិយោគ​របស់​ខ្លួន​សម្លឹង​ពី​​ឱកាស​វិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt

ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ជំរុញ​ទៅ​កាន់​ក្រុម​ហ៊ុន​អាមេរិក​ជិត​២០​ក្រុមហ៊ុន​ឲ្យ​ស្វែង​យល់​ពី​វិស័យ​កសិកម្ម​ ដោយ​សង្ឃឹម​ថា​អាច​នឹង​​ឈាន​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​គ្នា​ផង​ដែរ។

​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កញ្ញា នេះ​ស្ថាន​ទូត​អាមេរិក និង​សភា​ពាណិជ្ជកម្ម​អាមេរិកប្រចាំ​កម្ពុជា​​បាន​រៀបចំ​វេទិកា​ពាណិជ្ជកម្ម​មួយ​ដោយ​ផ្តោត​លើ​វិស័យ​កសិកម្ម​កម្ពុជា ដើម្បី​ជួយ​ឲ្យ​ក្រុម​ហ៊ុន​អាមេរិក​មាន​ការ​យល់ដឹង​ស៊ីជម្រៅ​ទៅលើ​វិស័យ​នេះ ហើយ​ស្វែងរក​មើល​អនាគត​ដៃគូ​វិនិយោគ និង​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល​មួយ​។

ក្រុមហ៊ុន​អាមេរិក​ចំនួន​១៦ បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​រួមមាន 3M, Absolute Packaging and Automation, Cargill, Humate USA, Hydro-Thermal Corporation, Intervet, John Deere, និងក្រុមហ៊ុន Syngenta ជាដើម ។

ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​បើក​វេទិកា​នៅ​ព្រឹក​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt ​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​វិស័យ​កសិកម្ម​កម្ពុជា​ហាក់​មាន​កំណើន​យឺត​ លើស​ពី​នេះ​ទៀត​គឺ​ត្រូវ​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​នៅ​ក្នុង​តំបន់​ទៀត​ផង​ដែល​ចាំ​បាច់​ត្រូវ​ការ​បច្ចេកទេស​កសិកម្ម​ទំនើប និង​ទី​ផ្សារ​ធំ​ដើម្បី​ឲ្យ​កសិកម្ម​កម្ពុជា​អាច​ឈាន​ទៅ​ប្រកួត​ប្រជែង​បាន​ ហើយ​អាមេរិក​គឺ​ជា​អ្នក​វិនិយោគ​មួយ​ដែល​មាន​អ្វី​ទាំង​នេះ។

ពី​មុន​កម្ពុជា​ធ្លាប់​នាំ​ផលិតផល​កសិកម្ម​ចេញ​ក្នុង​រូបភាព​ជា​របស់​ថោក​ៗ ហើយ​ឥឡូវ​យើង​ឈាន​ដល់​កម្រិត​មួយ​ដែល​ផលិតផល​កសិកម្ម​នោះ ក្នុង​តម្លៃ​មួយ​ខ្ពស់​មាន​ន័យ​ថា​ជា​របស់​ល្អ​ហើយ​យើង​រីករាយ​នឹង​ជួយ​ក្នុង​រឿង​នេះ

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt ​

​តំណាង​ក្រុម​ហ៊ុន​ទាំង​១៦ និង​ជា​អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុម​ហ៊ុន​ផលិត​ និង​ចែក​ចាយ​​កសិកម្ម​របស់​អាមេរិក​ Cargill លោក Bruce W. Blakeman មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ពេលនេះ​ក្រុម​ហ៊ុន​លោក​កំពុង​ពិនិត្យ​មើល​ពី​ផលិត​ផល​កសិកម្ម​មួយ​ចំនួន​របស់​កម្ពុជា ដែល​អន្តរជាតិ​កំពុង​ត្រូវការ ដែល​អាចឲ្យ​ក្រុមហ៊ុន​លោក​ជួយ​ដល់​កសិករ​ខ្មែរ​ក្នុង​ការ​បង្កើន​បច្ចេកទេស ដើម្បី​ដល់​កម្រិត​គុណភាព​អន្តរជាតិ​ដែល​អាច​ទទួល​យក​បាន។

ដូច្នេះ​ត្រូវ​ជួយ​កសិករ​ទាំង​នោះ​ឲ្យ​ផលិត​បាន​នូវ​ផលិតផល​ដែល​ត្រូវ​ស្តង់ដារ​ពិភពលោក ដែល​សហរដ្ឋ​អាមេរិក ក្រុម​ហ៊ុន​អាមេរិក និង​អង្គការ​អន្តរជាតិ គួរតែ​ជួយ​កសិករ​ទាំង​នោះ​ឲ្យ​ផលិត​បាន​នូវ​គុណភាព​ទាំង​នោះ​ហើយ​យើង​អាច​យក​វា​ទៅ​លក់​នៅ​ទូ​ទាំង​ពិភពលោក​ដែល​យើង​ប្រាកដ​ថា​ផលិត​ផល​នោះ​សុវត្ថិភាព

តំណាង​ក្រុម​ហ៊ុន​ទាំង​១៦ និង​ជា​អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុម​ហ៊ុន​ផលិត​ និង​ចែក​ចាយ​​កសិកម្ម​របស់​អាមេរិក​ Cargill លោក Bruce W. Blakeman

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​លោកស្រី ចម និម្មល បាន​ថ្លែង​ក្នុង​វេទិកា​នោះ​ ដោយ​គាំទ្រ​ចំពោះ​ការ​រៀប​ចំ​វេទិកា​នេះ​ ដោយ​ថា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​អាមេរិក​មិន​ត្រឹម​តែ​ជួយ​រក្សា​ចំណូល​របស់​កសិករ​កម្ពុជា​នោះ​ទេ គឺ​បាន​ធ្វើ​ឲ្យ​ចំណូល​របស់​ពួកគេ​កើន​ឡើង​ផង​ដែរ ខណៈ​លោក​ស្រី​អះអាង​ថា​រដ្ឋាភិបាល​កម្ពុជា​មាន​គោល​នយោបាយ​អនុគ្រោះ​ច្រើន​ដល់​អ្នក​វិនិយោគ។

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា​លោក ហ៊ុន ឡាក់ គាំទ្រ​ចំពោះ​ការ​រៀបចំ​វេទិកា​នេះ​ដោយ​ថា ប្រសិន​ជា​ផលិត​ផល​កសិកម្ម​កម្ពុជា​អាច​ចូល​ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​កាន់​តែ​ច្រើន​នោះ​វា​នឹង​អាច​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា។

ក្នុង​នាម​ប្រទេស​ដែល​មាន​សក្ដានុពល​ផលិត​កសិកម្ម​គឺ​ត្រូវ​ការ​ទីផ្សារ បើ​មិន​មាន​ទី​ផ្សារ​ទេ​គឺ​គ្នាន​អ្នក​ផលិត​ទេ​ តែ​បើ​មាន​ទី​ផ្សារ​គឺ​មាន​អ្នក​ផលិត​ហើយ ខ្ញុំ​គិត​ថា​ល្អ​ទាំង​អស់​គ្នា

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា​លោក ហ៊ុន ឡាក់

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក សមាជិក​ប្រតិភូ​ពាណិជ្ជកម្ម​អាមេរិក​ នឹង​សិក្សា​​អំពី​វិស័យ​ផ្សេងៗ​ទាក់ទង​នឹង​​កសិកម្ម​កម្ពុជា ដូចជា​ស្រូវ​អង្ករ ចំណីសត្វ បសុសត្វ និង​វារីវប្បកម្ម ជាមួយ​នឹង​ក្រុម​អ្នក​ជំនួញ​ក្នុងស្រុក និង​ចុះ​ទៅ​កាន់​ទីតាំង​ផលិតកម្ម​ដោយ​ផ្ទាល់​ផង​ដែរ​​ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៧  កញ្ញា​នេះ​។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ឆ្នាំ​២០១៧ វិស័យ​កសិកម្ម បាន​រួមចំណែក​នៅ​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ២៤,៩% ខណៈ​ឧស្សាហកម្ម​មាន ៣២,៩% និង​សេវាកម្ម​មាន ៤២,២%។  វិស័យ​កសិកម្ម គឺ​ជា​សសរស្ដម្ភ​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​តែ​ជាង​ ៨០% នៃ​ប្រជាជន​កម្ពុជា​រស់នៅ​តំបន់​ជនបទ គឺជា​កសិករ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ