អាមេរិក ចាប់ផ្តើមដាក់ទណ្ឌកម្មបន្ថែមទៀត​លើមនុស្សជំនិត​ជំុវិញខ្លួនប្រធានាធិបតី​វេណេហ៊្សុអេឡា

ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ រូបភាព៖ VOX

អាមេរិក នឹងបន្តដាក់កំហិតផ្នែកហិរញ្ញវត្ថុដល់អ្នកដែលនៅជុំវិញខ្លួន​របស់​ប្រធានាធិបតីវេណេហ៊្សុអេឡាដែល​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រទេសនេះធ្លាក់​ចូល​ក្នុង​​វិបត្តិ​ដូចសព្វថ្ងៃ។​

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​រតនាគារអាមេរិក ដែលចេញកាលពីថ្ងៃទី២៥ ខែកញ្ញា បានឲ្យដឹង សហរដ្ឋអាមេរិក​កំពុងចាប់ផ្តើមដាក់ទណ្ឌកម្មបន្តទៅទៀតទៅលើមនុស្សជុំវិញខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ ចំនួន៤នាក់ដូចជា លោកស្រី ហ្វ្រលរេ ភរិយារបស់លោក នីកូឡាស ម៉ាឌូរ៉ូ លោកស្រី ឌែលស៊ី រ៉ទ្រីហ្គើស អនុប្រធានាធិបតី លោក ច រ៉ទ្រីហ្គើស រដ្ឋមន្រ្តីក្រសួងថាមពលអគ្គិសនី និងលោក ប៉ាទ្រីណូ រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសវេណេហ៊្សុអេឡា។

សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា​ទ្រព្យសម្បត្តិឬផល​ប្រយោជន៍ផ្នែក​ហិរញ្ញវត្ថុ​នានារបស់​អ្នក​ទាំងនោះ​ដែល​នៅសហរដ្ឋ​អាមេរិក​ត្រូវបង្កក។ តាមប្រភពដដែល​​ អាមេរិកក៏ហាម​ជនជាតិ​របស់​ខ្លួន​មិន​ឲ្យ​ធ្វើ​ជំនួួញណាមួយ​ជាមួយ​អ្នកទាំងបួននាក់នោះផងដែរ។

តាមប្រភព​ខាងលើ​ ការដាក់​ទណ្ឌកម្មប្រឆាំងនឹង​អ្នកទាំងបួននាក់​នោះមិនបាន​ធ្វើ​ឡើង​ជា​អចិន្រ្តៃយ៍នោះទេ។ ការដាក់​ទណ្ឌកម្មនេះគ្រាន់​ចង់​ឲ្យក្រុម​មនុស្សទាំងនោះ​ផ្លាស់​ប្តូឥរិយាបថ​របស់​ខ្លួន​តែប៉ុណ្ណោះ ពោលគឺ​ចង់​ឲ្យពួក​​គេជួ​យស្ដារប្រជាធិបតេយ្យនៅ​វេណេហ្សេអ៊ុឡា​ឡើងវិញ​តែប៉ុណ្ណោះ ហើយ​បញ្ឈប់​ការចូលរួមរួមការរំលោភសិទ្ធិមនុស្ស​ ហ៊ាននិយាយរិះគន់​អ្នក​ដែល​រំលោភសិទ្ធិមនុស្ស និង​ហ៊ាន​ចេញ​មុខប្រឆាំងនឹង​អំពើ​ពុក​រលួយ។

តាមការចុះផ្សាយរបស់សារព័ត៌មានរបស់អង់គ្លេស Reuters កាលពីម្សិលមិញ បណ្តាប្រទេសនៅ​អាមេរិកឡាទីន និងប្រទេសកាណាដា បានស្នើឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យ​សើុបអង្កេត​រដ្ឋាភិបាលវេណេហ៊្សុអេឡាលើការចោទប្រកាន់ពីបទ​ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្នុងការប្រើប្រាស់កម្លាំងដើម្បីបង្ក្រាបក្រុម​អ្នកនយោបាយដទៃ។

តាមការចុះផ្សាយរបស់ Reutuers ដដែល បានឲ្យដឹង ប្រធានាធិបតីរបស់​ប្រទេសប៉េរូ អាហ្សង់ទីន ឈីលី កូឡុំបីុ និងប៉ារ៉ាហ្គាយ និងលោក ចាស្ទីន ទ្រូឌូរ នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើលិខិតមួយផ្ញើទៅតុលាការ​ព្រហ្មទណ្ឌអន្តរជាតិឲ្យ​សើុបអង្កេតលើ​​រដ្ឋាភិបាលវេណេហ៊្សុអេឡា។  ក្រុមអ្នកជំនាញបានរកឃើញថា រដ្ឋាភិបាលរបស់វេណេហ៊្សុអេឡាត្រូវទទួលខុស​ត្រូវចំពោះឧក្រិដ្ឋកម្មរាប់ចាប់ពីការធ្វើទារុណកម្ម ឃាតកម្ម និងការរំលោភឲ្យបាត់ខ្លួនដោយបង្ខំ និងការរំលោភបំពាននៃដំណើរការ​ផ្សេងៗទៀត។

ក្រុមសិទិ្ធមនុស្សបានរកឃើញថាក្នុងការបង្ក្រាបចំនួនពីរនៅឆ្នាំ ២០១៤ និង ២០១៧ កងកម្លាំងសន្តិសុខវេណេហ៊្សុអេឡាបានប្រព្រឹត្ត​ការរំលោភបំពានជាប្រព័ន្ធប្រឆាំងនឹងការរិះគន់ រួមទាំងការធ្វើទារុណកម្មនិងឃុំខ្លួនមនុស្សជាង ៥៤០០ នាក់ នៅចន្លោះខែមេសា​និងខែកក្កដាឆ្នាំ 2017 ។

តាមការចុះផ្សាយរបស់សារព័ត៌មានCNBC កាលពីខែឧសភាកន្លងទៅ បានឲ្យដឹង បក្សប្រឆាំងនិងសហគមអន្តរជាតិ មិនទទួល​ស្គាល់លទ្ធផល នៃការបោះឆ្នោតនេះទេ ដោយ​សារតែ​បក្ស​កាន់អំណាច​បានទិញទឹកចិត្តអ្នកបោះឆ្នោតដែលជាប្រជាជន​ក្រីក្រ តាម​រយៈការផ្ដល់ជាចំណីនិងវេប្រាក់ឲ្យពួកគេ។ ម្យ៉ាងវិញទៀតគណបក្ស​សហភាពសង្គមនិយមវេណេហ្ស៊ុ​អេ​ឡា​​របស់​ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានប្រើដោយសេរីនូវធនធានរដ្ឋនៅ​អំឡុង​ពេល​ឃោស​នា​បោះឆ្នោត​។ ជ័យជំនះរបស់លោក នីកូឡាស ម៉ាឌូរ៉ូ កើតឡើងផងដែរដោយសារតែ​បក្ស​ប្រ​ឆាំង​ធំៗទាំងបី រួម​មាន​គណ​បក្ស ​Justice First គណបក្ស Popular Will និងគណបក្ស Democratic Action បានធ្វើពលិការ មិន​ចូលរួមការបោះឆ្នោត ដោយសារតែពួកគេយល់ថាគណៈកម្មការជាតិ​រៀបចំការបោះឆ្នោត​លំអៀងទៅខាង គណបក្ស​សហភាពសង្គមនិយមវេណេហ្ស៊ុអេឡារបសប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ