សមត្ថកិច្ចម៉ាឡេស៊ីពង្រីកការស៊ើបអង្កេតលើ លោក ណាជីប ដល់ក្រៅប្រទេស

លោក ណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី (រូបភាព៖ AFP)

អាជ្ញាធរម៉ាឡេស៊ីពង្រីកការស្រាវជ្រាវស៊ើបអង្កេតស្វែងរកកំហុសនានារបស់លោក ណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីដល់ក្រៅប្រទេស ហើយរកឃើញកំហុសកាន់តែច្រើនទាក់ទងជាមួយគម្រោងអភិវឌ្ឍន៍ប្រទេស 1MDB។​

លោក ណាជីប រ៉ាហ្សាក់ ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីទី៦ លោកចូលកាន់តំណែងកាលពីឆ្នាំ២០០៩ ហើយចាញ់ឆ្នោតនិងបាត់បង់តំណែងក្នុងពេលបោះឆ្នោតកាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០១៨។ ក្រោយពេលបាត់បង់តំណែងភ្លាមលោកស្ថិតនៅក្នុងការឃុំខ្លួន ហើយស្ថាប័នពាក់ព័ន្ធរកឃើញកំហុសជាបន្តបន្ទាប់។​

អនុប្រធានអធិការកិច្ចនៃអគ្គស្នងការនគរបាលម៉ាឡេស៊ីលោក Noor Rashid Ibrahim ថ្លែងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញប្រាប់ទីភ្នាក់ងារព័ត៌មាន​Bernamaថា បទចោទរបស់​លោក ណាជីប រកឃើញកាន់តែច្រើនពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ជាតិ1MDB។​

លោក Noor Rashid Ibrahim បញ្ជាក់ថា លទ្ធផលនៃការស្រាវជ្រាវរកឃើញថា អតីតនាយករដ្ឋមន្ត្រីលោក ណាជីប ជាប់ពាក់ព័ន្ធទោសទណ្ឌតាមមាត្រា៤០៩នៃក្រមព្រហ្មទណ្ឌ រួមមាន លាងលុយ ហិរញ្ញវត្ថុភេរវកម្ម និង

ដំណើរការសាច់ប្រាក់ផ្សេងៗទៀតដែលខុសច្បាប់។​

1MDBគឺជាគម្រោងរបស់ក្រុមហ៊ុនរដ្ឋម៉ាឡេស៊ីផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែងនៃសេដ្ឋកិច្ចជាតិ ភ្ជាប់ទៅពិភពលោក។​ គម្រោងនេះបង្កើតឡើងកាលពីឆ្នាំ២០០៩ ផ្តោតលើ​ វិស័យថាមពល អចលនៈទ្រព្យ ទេសចរណ៍ និងកសិពាណិជញជកម្ម។ ប៉ុន្តែក្រុមនេះ មានរឿងអាស្រូវនិងមានការស៊ើបអង្កេតតាំងពីឆ្នាំ២០១៥។​

បច្ចុប្បន្នទន្ទឹមនឹងការស៊ើបអង្កេតនិងស្រាវជ្រាវលើផ្នែកជាមួយពាក់ព័ន្ធសំណុំរឿងនេះ អាជ្ញាធរម៉ាឡេស៊ីស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក មហាធា មហាមេដ ក៏កំពុងតែរៀបចំការស្រាវជ្រាវបន្ថែមទៀតនៅក្រៅប្រទេសដែលពួកគេជឿ លោក ណាជីប រ៉ាហ្សាក់បន្សល់ភស្តុតាងនៃកំហុសនៅបណ្តាលប្រទេសផ្សេងៗទៀតដូចជា ស្វីស សិង្ហបុរី និងសហរដ្ឋអាមេរិក។ អាជ្ញាធរម៉ាឡេស៊ីកំពុងតែទាក់ទងរដ្ឋាភិបាលនៃប្រទេសទាំងនោះដើម្បីស្រាវជ្រាវ។​

ទោះយ៉ាងណាដំណើរការស្រាវជ្រាវឆ្លងប្រទេសនេះ អាជ្ញាធរម៉ាឡេស៊ីត្រូវការពេលវាលាច្រើន ព្រោះមាននីតិវិធីស្មុគស្មាញ។​

កាលពីសប្តាហ៍មុនសមត្ថកិច្ចរកឃើញករណីចំនួន​២១ថែម ពាក់ព័ន្ធលោក​ណាជីប លាងលុយកង្វក់ នាំឲ្យករណីដែលសមត្ថកិច្ចរកឃើញបានកើនឡើងដល់៣២ករណី។​

អង្គភាពប្រឆាំងអំពើពុករលួយក៏បានហៅភរិយាលោកណាជីប រ៉ាហ្សាក់ គឺលោកស្រីRosmah Mansor ទៅសាកសួរចំនួន​ពីរលើករួចមកហើយ ចំណែកនគរបាលក៏បានកោះហៅលោកស្រី ដើម្បីសាកសួរជុំវិញបទចោទទាំងនេះដែរ។​

ខាងកម្លាំងនគរបាលកំពុងតែបើកការស៊ើបអង្កេតលើគ្រឿងអលង្កការ ជាកម្មសិទ្ធិរបស់ភរិយាលោកណាជីប រ៉ាហ្សាក់ ដោយជឿជាក់ថា អាចពាក់ព័ន្ធអំពើពុករលួយលើគម្រោង1MDB។

ក្នុងដំណើរការស៊ើបអង្កេតរឿងក្តីពុករលួយទ្រង់ទ្រាយធំរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនេះ កាលពីថ្ងៃពុធអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនសមាជិកសភាមួយរូប​ឈ្មោះAbdul Azeez Abdul Rahim ដោយសង្ស័យថា ពាក់ព័ន្ធអំពើពុករលួយលើគម្រោងអភិវឌ្ឍន៍1MDBដែរ។​

ក្រោយពេលចាញ់ការបោះឆ្នោតភ្លាមកាលពីខែឧសភា លោក ណាជីប និងភរិយាមានគម្រោងធ្វើដំណើរទៅប្រទេសសិង្ហបុរីប៉ុន្តែត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហាមឃាត់មិនឲ្យចេញក្រៅប្រទេស ហើយបើកការស៊ើបអង្កេត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ