ទារកជាង១០នាក់របស់ស្រ្តីស៊ីឈ្នួលពពោះជំនួសមិនទាន់មានអ្នកទទួលខុសត្រូវ

សមត្ថកិច្ចចុះឃាត់ខ្លួនស្ត្រីដែលពពោះជំនួស ​ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ ថ្ងៃទី ២៤ មិថុនា ២០១៨ (រូបភាព៖ FN)

ស្ត្រីពពោះជំនួសមួយចំនួនសម្រាលបានកូនភ្លោះ ខណៈពេលជាប់ឃុំបណ្តោះអាសន្នដើម្បីរងចាំការកាត់ទោសពីតុលាការក្រុងភ្នំពេញ​​ ប៉ុន្តែមិនទាន់ដឹងថានណាជាអ្នកទទួលខុសត្រូវ​​​ចិញ្ចឹមទារកទាំងនោះទេ។

ស្រ្តីពពោះជំនួសជាង១០​នាក់ ក្នុងចំណោម៣២នាក់ ដែលបានចាប់ខ្លួនកាល​​​ចុងខែមិថុនា​​​ ឆ្នាំ២០១៨កន្លងទៅនេះ​​​ បានសម្រាលកូន ហើយអ្នកខ្លះមានកូនភ្លោះ​​​ ខណៈពេលដែលពួកគេឃុំខ្លួនបណ្តោះអាសន្ន ដោយចោទពីបទជួញដូរមនុស្សឆ្លងដែន ប៉ុន្តែមន្រ្តីសង្គមស៊ីវិលស្នើឲ្យលើកលែងការចោទប្រកាន់។

អនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានប្រាប់ VOD​ ថាស្រ្តីពពោះជំនួសទាំង៣២នាក់បានបញ្ជូនទៅ​​​មន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញដោយមានការយាមកាមពីមន្ត្រីមណ្ឌលអប់រំនិងកែប្រែ (ម២) បន្ទាប់ពីពួកគេត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន។ ស្រ្តីជាង១០នាក់បានសម្រោលកូននៅមន្ទីរពេទ្យនោះ។

លោកស្រី​​​ ជូ ប៊ុនអេង បានមានប្រសាសន៍ថា៖​​​  [Quote]

លោកស្រី ជូ ប៊ុនអេង​​​ បានបន្តថាទារកនិងស្រ្តីជាម្តាយកំពុងរស់នៅជាមួយគ្នា​​​នៅមន្ទីរពេទ្យក្រោមការជួយឧបត្ថមពី ​​​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ​​​ហើយរងចាំការសម្រេចពីតុលាការ ថាតើត្រូវធ្វើយ៉ាងណាចំពោះទារកទាំងនោះ។

លោកស្រី ជូ ប៊ុនអេង​​​ បានមានប្រសាសន៍ថា៖ «វាអាស្រ័យនឹងតុលាការថាតើសម្រេចក្តីយ៉ាងមេច​ប៉ុន្តែឥឡូវយើងគ្រាន់តែថែទាំគាត់សិនក្នុងដំណាក់កាលដែលមិនទាន់មានការសម្រេចក្តី»

ការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញកាលពីខែមិថុនា ឆ្នាំ២០១៨ បានឃាត់ខ្លួនស្រ្តីពពោះជំនួស៣២នាក់ និងមនុស្ស៥នាក់ទៀតជាមេខ្យល់ ក្នុងនោះមានជនជាតិចិនម្នាក់។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ប្រាប់ VOD​ ថាបច្ចុប្បន្ន អាជ្ញាធរកំពុងតែធ្វើការស្រាវជ្រាវបន្តទៀតលើករណីពពោះជំនួសនេះ តែនៅមិនទាន់អាចបញ្ជាក់បានទេថាមានការរកឃើញករណីផ្សេងទៀតឬយ៉ាងណានោះទេ។ លោកស្រីថាស្រ្តីទាំង៣២នាក់នោះមិនមែនជាជនរងគ្រោះទេ តែពួកគេជាជនល្មើសទៅវិញ​​​ព្រោះពួកគេបានមានគំនិត្យជួញដូរកូនទាំងនោះ។

លោកស្រី ជូ ប៊ុនអេង បានបន្តថា៖ <<រឿងនេះវាមិនគ្រាន់តែជាប់ពាក់ពន្ធ័ត្រឹមតែអន្តរការីទេ( មេខ្យល់)គឺវាចូលទៅក្នុងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទត្រង់មាត្រា១៤ឬមាត្រា១៦ហ្នឹងដែលនិយាយអំពីការប៉ុនប៉ងនាំអនីតិជនឆ្លងដែនដោយខុសច្បាប់។ អញ្ចឹងម្តាយក៏ដោយ បើសិនជាគាត់នៅតែសហការជាមួយគេ គាត់នៅតែមានឆន្ទៈសហការជាមួយគេក្នុងការបង្កើតកូនដើម្បីនាំកូនចេញយកតែលុយហើយអត់គិតពីកូននឹង។ អាហ្នឹងវានៅក្នុងហ្នឹងហើយ>>

ប្រតិកម្មទៅនឹងការអះអាងរបស់លោកស្រី ជូ ប៊ុនអេង នាយកប្រតិបត្តិរបស់អង្គការយេនឌ័រកម្ពុជា​​​និងការអភិវឌ្ឍ(GADC) លោកស្រី រស់ សុភាព បានមានប្រសាសន៍ថា​​​ ទោះបីជាស្រ្តីទាំងនោះ បានប្រព្រឹត្តខុស តែពួកគាត់គឺជាជនរងគ្រោះពីការកេងប្រវ័ញ្ចពីសំណាក់ភ្នាក់ងាររកសេវាពពោះជំនួសនិងមេខ្យល់ទៅវិញទេដែលបានបោកបញ្ឆោតឲ្យពួគគេទៅពពោះជំនួសដោយផ្តល់ប្រាក់ឈ្នួលតិចតួចទៅស្ត្រីហើយភ្នាក់ងារនិងមេខ្យល់បានចំណែកយ៉ាងច្រើន។ លោកស្រីសុភាព មិនពេញចិត្តទៅនឹងចំណាត់ការចាប់ឃុំខ្លួនស្រ្តីទាំងនោះ​​​ ហើយស្នើឲ្យទំលាក់ការចោទប្រកាន់ទៅលើពួកគេ។

លោកស្រី រស់ សុភាព​​​ បានមានប្រសាសន៍ថា៖ << ចំណាត់ការបែបនេះគឺកាន់តែដាក់បន្ទុក​​​ឲ្យស្ត្រីគាត់កាន់តែគេហៅថា​​​​​​រងគ្រោះមួយជាន់ទៀត​​ ព្រោះយើងដឹងហើយថាស្ត្រីដែលពពោះហ្នឹង​​​គាត់ធ្វើដោយបង្ខំចិត្តហើយដើម្បីដោះស្រាយជីវភាពរស់នៅ ។ ហើយអឹញ្ចឹងបើសិនជាគាត់បាន​​​ស្ថិតក្នុងស្ថានភាពបែបនឹង​​​ហើយក្រសួងក៏ដូចជារដ្ឋាភិបាលគួរតែមានជម្រើសផ្សេង​​​ដើម្បីយកចិត្តទុកដាក់ថែទាំ​គាត់ ឲ្យគាត់រួចផុតពី អឺ!ការកេងប្រវ័ញ្ចទៅលើពួកគាត់ហ្នឹង ពួកគាត់គឺរងគ្រោះទៅហើយ»។

លោកស្រី រស់​​​ សុភាព បានសម្តែងការព្រួយបារម្ភពីការថែទំារបស់ទារក​​​ខណៈពេលដែលម្តាយរបស់ពួកគេ​​​​​​​​​​​​​​​ជាប់ឃុំហើយមិនដឹងថាអនាគតរបស់ពួកគេយ៉ាងណានោះទេ។

លោកស្រី សុភាព បានបន្ថែមថា៖ <<អានោះរឹតតែធ្វើឲ្យមានបន្ទុកថែមមួយទៀតទៅឲ្យគាត់ហើយណា។ រដ្ឋាភិបាលគួរតែមានគោលការណ៏ឲ្យច្បាស់លាស់ក្នុងការថែរក្សាទារកនឹងធ្វើយ៉ាងណាឲ្យប្រាកដថា សិទ្ធិសេរីភាពរបស់ម្តាយមិនត្រូវបានជាប់ឃុំឃាំង ហើយសុវត្តិភាពនៃផ្នែកសុខភាពក៏ត្រូវបានថែរក្សា ហើយកូនដែលកើតត្រូវបានចឹញ្ចឹមបីបាច់ថែរក្សាឲ្យបានល្អប្រសើរ»។

ទាក់ទិនទៅនឹងករណីពពោះជំនួសនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចពន្យាពេល​​​ចេញច្បាប់ស្តីពីការពពោះជំនួស ​កាលពីដើមឆ្នាំ២០១៨នេះផងដែរ។ ​​​រាជរដ្ឋភិបាលយល់ថាកម្ពុជាមិនទាន់សាកសមអនុវត្តច្បាប់នេះនៅឡើយទេ។ ប៉ុន្តែ ក្រសួងមហាផ្ទៃក៏បានចេញគោលការណ៏ណែនាំ កាលពីចុងឆ្នាំ២០១៧ថា​​​អ្នកដែលជួលស្រ្តីពពោះជំនួស អាចស្នើទៅតុលាការដើម្បីទទួលបានសិទ្ធិធ្វើជាឳពុកម្តាយទារកទាំងនោះ សម្រាប់ទារកដែលកើតមុនថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨  ប៉ុន្តែទារកដែលកើតក្រោយថ្ងៃកំណត់នេះម្តាយទាំងឡាយណាមានបំណងឲ្យទារកទៅអ្នកផ្សេងនឹងត្រូវផ្តន្ទាទោសពីបទជួញដូរមនុស្សនិងអនីតិជន។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី​ រិន​  បានប្រាប់ VOD ថា តុលាការកំពុងបន្តនិតវីធីស៊ើបអង្កេតលើករណីស្ត្រីពពោះជំនួសទាំងជាង៣២នាក់នេះ។

លោក អ៊ី រិន​​​ បានមានប្រសាសន៍ថា៖ <<​ឥឡូវកំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើប ទាល់តែចប់ដំណាក់កាលស៊ើបអង្កេតទើបបន្តនិតិវិធីសវនាការ >>។

តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ បានសម្រេចចោទប្រកានស្រ្តីស៊ីឈ្នួលពពោះ៣២នាក់ ដោយចោទពីបទ «ការជួញដូរមនុស្សដោយឆ្លងដែន» ដែលស្ថិក្នុងមាត្រា ១៦ នៃច្បាប់ស្តីពីការបង្រ្កាបការជួញដូរមនុស្ស​​​និងអំពើធ្វើអាជីវកម្ម។

ទាក់ទងនឹងករណីនេះដែរ តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២៨ ខែមិថុនា​​​ ឆ្នាំ២០១៨ បានសម្រេចចោទប្រកាន់ស្រ្តីខ្មែរបូននាក់ និងបុរសជនជាតិចិនម្នាក់ជាមេខ្យល់ ដែលជាប់ពាក់ព័ន្ធនឹងការពពោះជំនួស។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ