គ.ជ.ប អំពាវនាវឲ្យ​ពលរដ្ឋ​ទៅ​ពិនិត្យបញ្ជីឈ្មោះនិង​ចុះឈ្មោះបោះឆ្នោត

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល។ (ជន ចាន់រ៉ែន)

គ.ជ.ប អំពាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យទៅពិនិត្យបញ្ជីឈ្មោះនិង​ចុះឈ្មោះបោះឆ្នោត ដែលប្រព្រឹត្តទៅពីចាប់ថ្ងៃទី១ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅតាមសាលាឃុំសង្កាត់ និងតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ទូទាំងប្រទេស។

សេចក្តីអំពាវនាវនៅថ្ងៃនេះ គ.ជ.ប អំពាវនាវ​ឲ្យពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលមានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ដើម្បីឲ្យប្រាកដថាខ្លួនពិតជាមានឈ្មោះនិងទិន្នន័យត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត។

សេចក្តីអំពាវនាវដដែល គ.ជ.ប បន្តទៀតថា ចំពោះប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ពោល​គឺចំពោះអ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានន័យថា អ្នកដែលកើតមុនឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០១ និងប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋានឬទីសំណាក់ចូលក្នុងឃុំសង្កាត់ថ្មី គ.ជ.ប អញ្ចើញឲ្យទៅចុះឈ្មោះបោះឆ្នោតតាមកម្មវិធីរបស់ក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ដែលខ្លួនកំពុងរស់នៅ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកមួយទៀតនៅថ្ងៃនេះដែរ គ.ជ.ប ក៏បានដាក់និងទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិនិងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ផងដែរ។

សេចក្តីប្រកាសព័ត៌មាននោះឲ្យដឹងថា ការដាក់និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ត្រូវប្រព្រឹត្តទៅពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។ ចំណែកឯអ្នកសង្កេតការណ៍អន្តរជាតិ ត្រូវប្រព្រឹត្តទៅពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។ សម្រាប់ការដាក់និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍គណបក្សនយោបាយ ត្រូវប្រព្រឹត្តទៅពីថ្ងៃទី២៤ ខែកញ្ញា រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។

តាមរបាយការណ៍របស់​គ.ជ.ប ដែល​ចេញ​កាល​ពីខែមករា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ចំនួន ​៨​ ៣៨០ ២១៧ នាក់​ មាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះ​ឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ