រដ្ឋាភិបាលថាគម្រោងសាងសង់​អាកាស​យានដ្ឋានអន្តរជាតិ​​​ថ្មី​ស្ថិត​ក្នុងដំណាក់កាល​ត្រួត​​​ពិនិត្យ​ម្ដង​ទៀត​

រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា កំពុង​ដំណើរការការ​ត្រួត​ពិនិត្យ​​​គម្រោង​សាងសង់​អាកាស​យានដ្ឋានអន្តរជាតិ​​ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​កណ្ដាល ខណៈ​មិន​ទាន់​អាច​បញ្ជាក់​ពេល​វេលា​សាងសង់​បាន​នៅឡើយ​ទេ។

អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បាន​ឲ្យ​VOD ដឹង​ថា​នៅ​ពេល​នេះ​គម្រោង​ព្រលាន​យន្តហោះថ្មី​កំពុង​ឈាន​ដល់​ដំណាក់​កាល​នៃ​ការត្រួត​​ពិនិត្យឡើងវិញ​ដែល​នឹង​ត្រូវ​​​ចំណាយ​ពេល​បន្ថែម​ទៀត។ លោក​ក៏​​មិន​ទាន់​អាច​បញ្ជាក់​ពី​ថ្ងៃ​សាងសង់​បាន​នៅ​ឡើយ​ទេ។

លោកលើកឡើងទៀត​​ថា៖ « អត់មានអីផ្លាស់ប្ដូរថ្មីទេ ព្រោះយើងធ្លាប់និយាយហើយថានឹងមានព្រលានយន្តហោះថ្មីនៅទីតាំងម្ដុំហ្នឹង ប៉ុណ្ណាប៉ុនហ្នឹង ចំណាយលុយអស់ប៉ុន្មាន អត់មាននិយាយអីលើសពីហ្នឹងទេ »

​កាលពី​ម្សិល​មិញ​ តំណាង​ក្រុមហ៊ុន​ចិន Beijing Urban Construction Group Co Ltd., ដែល​ជា​ដៃ​គូរ​របស់​ក្រុមហ៊ុន OCIC ដែល​សាងសង់​ប្រលាន​យន្ត​ហោះ​នេះ លោក​ស្រី Annabella ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការ​អាកាសចរណ៍​លោក ម៉ៅ ហាវណ្ណាល់ បាន​លើកឡើង​អំពី​សមត្ថភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​សាងសង់​អាកាស​យានដ្ឋាន នៅ​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក និង​ស្នើសុំ​ការ​ពិចារណា​ក្នុង​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ផង​ដែរ។

អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​លោក ស៊ីន ចាន់សិរីវត្ថា បាន​អះអាង​ថា​ជំនួប​រវាង​​ភាគី​ចិននិងលោក ម៉ៅ ហាវណ្ណាល់ ​កាលពីម្សិលមិញ​​គឺ​គ្រាន់​តែ​ជា​ការ​សំដែង​ការ​គួរសម​​ប៉ុណ្ណោះ មិន​មាន​បញ្ហា​អ្វី​ទាក់​ទង​នឹង​គម្រោង​ព្រ​លាន​យន្ត​ហោះ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ « OCIC គាត់ជាម្ចាស់គម្រោង អញ្ចឹងគាត់រកអ្នកនេះជាអ្នកសាងសង់ អ្នកនេះជាអ្នកចែកចាយ ហើយដល់ពេលមកគាត់សុំជួបយើង សំដែងការគួរសមអញ្ចឹងទៅតែប៉ុនហ្នឹងទេ »

រដ្ឋាភិបាល​កម្ពុជា​កាលពី​ចុង​ឆ្នាំ២០១៧ បាន​សម្រេច​ឲ្យ​ក្រុម​ហ៊ុន Cambodia Airport Investment Co., Ltd ដែល​ជា​ក្រុមហ៊ុន​ដៃគូ​វិនិយោគ​រវាង​វិស័យ​សាធារណៈ និង ឯកជន សាងសង់​ប្រលានយន្តហោះ​ទំហំ ២៦០០ ហិតា នៅ​ក្រុង​តាខ្មៅ និង​ ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ដែល​ទឹក​ប្រាក់​ក្នុង​ការ​វិនិយោគ​នេះ​មានតម្លៃ​ ១៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ទុន​ក្នុង​ការ​សាង​សង់​ប្រលាន​នេះ​មាន​៩០ភាគរយ​ជា​របស់​ក្រុមហ៊ុន​វិនិយោគ​OCIC ខណៈ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន ១០ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ