លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅអង្គការសហប្រជាជាតិដោយបង្ហាញក្តីកង្វល់ចំពោះ ការកើនឡើងជម្លោះហិង្សាអូសបន្លាយ និងវិបត្តិមនុស្សធម៌ដែលលោកថា មិនធ្លាប់កើតមាន កាលពីមុននោះទេ។
ថ្លែងនៅអង្គការសហប្រជាជាតិកាលពីម្សិលមិញលោក ហ៊ុន សែនថា ពិភពលោកបច្ចុប្បន្ន កំពុងជួបប្រទះអស្ថិរភាពកាន់តែធ្ងន់ធ្ងរ ហើយការគំរាមកំហែង ចំពោះសន្តិភាពក៏កើតមាន ច្រើនសណ្ឋានដែរគឺលោកថា ច្រើនជាងអ្វីដែលធ្លាប់កើតមានរយៈពេល២៥ឆ្នាំកន្លងទៅ។
លោកថ្លែងថា៖«យើងបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងដែលបង្កឡើងដោយមហាអំណាច ពិភពលោកលំដាប់ទី១ នៅក្នុងរង្វង់ទំនាក់ទំនងការទូត និងជម្លោះផ្ទៃក្នុងច្រើនកន្លែងដែល កំពុងកើតឡើងដោយសារការជ្រៀតជ្រែកពីសំណាក់មហាអំណាចនេះ។»
ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ប្រជាជនកម្ពុជាកំពុងតែសប្បាយ រីករាយទទួលផលពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់លោក។