ក្រុម​សិទ្ធិ​មនុស្ស​នៅ​អឺរ៉ុប​ជំរុញ​អាជ្ញាធរ​កម្ពុជា​ឲ្យ​ធ្វើ​មោឃភាព​សាល​ក្រម​ប្រឆាំង​​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស

អតីតមន្រ្តីអាដហុកលោក នី ចរិយា (ឆ្វេង) និងមន្ត្រីការពារសិទ្ធិមនុស្សអាហុក លោក ណៃ វ៉ង់ដា (កណ្ដាល) លោក យី សុខសាន្ត (ស្ដាំ)

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា​ឲ្យ​​ចាត់​ទុក​​ជា​មិន​បាន​ការ​នូវ​សាល​ក្រម​កាត់​ទោស​មន្ត្រី និង​អតីត​មន្ត្រី​អាដហុក ដោយ​ហៅ​សេចក្ដី​សម្រេច​នោះ​ថា អយុត្តិធម៌ សម្រាប់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ៤រូប​មាន​លោក នី សុខា អ្នកស្រី លឹម មុន្នី លោក យី សុខសាន្ត លោក ណៃ វង់ដា និង​អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) លោក នី ចរិយា ដែល​ជា​អតីត​មន្ត្រី​អាដហុក​ផង​នោះ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ដាក់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ នៅ​ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​សូក​ប៉ាន់​សាក្សី ប៉ុន្តែ ទោស​របស់​ពួកគេ​ត្រូវ​បាន​ព្យួរ។

ប៉ុន្តែ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ពីរ​ថ្ងៃ​ក្រោយ​សាលក្រម​នោះ អង្គការ​ ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ Front Line Defenders បាន​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​តុលាការ​កម្ពុជា​ថា «អយុត្តិធម៌» ហើយ​ជឿ​ជាក់​ថា សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ទាំង​ ៥​រូប​នោះ ត្រូវ​បាន​កាត់​ទោស​បែប​នេះ ដោយសារ​តែ​ពួកគេ​បាន​បំពេញ​ការងារ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ស្រប​តាម​ច្បាប់ និង​ដោយ​សន្តិវិធី។

ទន្ទឹម​នឹង​នេះ អង្គការ​សិទ្ធិ​មនុស្ស​ដែល​មូលដ្ឋាន​នៅ​ទីក្រុង​ឌូប្លីន ប្រទេស​អៀរឡង់​នេះ បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា ឲ្យ​ធ្វើ​មោឃភាព​ចំពោះ​សាលក្រម​នោះ។

ក្រុម​មន្ត្រី និង​អតីត​មន្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ទាំង​នេះ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ រហូត​ដល់​ពេល​ពួកគេ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ក្រោម​បទ​ចោទ​ប្រកាន់ «សូក​ប៉ាន់សាក្សី»​នៅ​ក្នុង​សំណុំ​រឿង​ស្នេហា​ដ៏​ចម្រូង​ចម្រាស់​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ទំនាក់​ទំនង​ស្នេហា​លួច​លាក់​ជាមួយ​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ