រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​នៅ​ឥណ្ឌូណេស៊ី តួលេខ​អ្នក​ស្លាប់​កើន​ដល់​៨៣២​នាក់​ហើយ

ក្រុម​ជួយ​សង្គ្រោះ​ផ្ដល់​ការ​ព្យាបាល និង​ថែ​ទាំ​អ្នក​រង​របួស​នៅ​ខាង​ក្រៅ​បរិវេណ​មន្ទីរ​ពេទ្យ​មួយ ស្ថិត​នៅ​ទីក្រុង​ប៉ាលូ កោះ​ស៊ូឡាវ៉េស៊ី ឥណ្ឌូណេស៊ី ក្រោយ​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨។ រូបថត៖ Jakarta Post

មនុស្ស​​យ៉ាង​តិច ៨៣២​នាក់​ហើយ ត្រូវ​បាន​រាយការណ៍​ថា បាន​ស្លាប់​គិត​ត្រឹម​រសៀល​ថ្ងៃ​នេះ ក្រោយ​ការ​វាយ​ប្រហារ​ពី​រលក​ស៊ូណាមិ ដែល​បណ្ដាល​មក​ពី​រញ្ជួយ​ដី​កើត​ឡើង​នៅ​លើ​កោះ​ស៊ូឡាវ៉េស៊ី ប្រទេស​ឥណ្ឌូណេស៊ី។

សារព័ត៌មាន Jakarta Post របស់​ឥណ្ឌូណេស៊ី បាន​ដក​ស្រង់​សម្ដី​មន្ត្រី​ទីភ្នាក់ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី បាន​និយាយ​ថា តួលេខ​អ្នក​ស្លាប់​បណ្ដាល​មក​ពី​រញ្ជួយ​ដី​កម្លាំង ៧.៤​រ៉ិចទ័រ និង​រលក​ស៊ូណាមិ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ នៅ​ទីក្រុង​ប៉ាលូ និង​ដុងហ្កាឡា ភាគ​កណ្ដាល​កោះ​ស៊ូឡាវ៉េស៊ី​នោះ បាន​កើន​ឡើង​ដល់​ចំនួន ៨៣២​នាក់​ហើយ។

ប៉ុន្តែ មន្ត្រី​ឥណ្ឌូណេស៊ី​ក៏​បាន​ព្យាករ​ថា តួលេខ​អ្នក​ស្លាប់​នឹង​បន្ត​កើន​ឡើងថែម​ទៀត ខណៈ​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​តែ​ស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត។

ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី ត្រូវ​បាន​សារព័ត៌មាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​បន្ត​ថា មនុស្ស​យ៉ាង​ហោច ៥៤០​នាក់​ទៀត បាន​រង​របួស​នៅ​អំឡុង​គ្រោះ​មហន្តរាយ​នេះ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា។

ជាង​នេះ​ទៅ​ទៀត ពលរដ្ឋ​ឥណ្ឌូណេស៊ី​ដល់​ទៅ​ ១៦ ៣៧២​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ និង​ស្នាក់នៅ​បណ្ដោះ​អាសន្ន​នៅ​តាម​ជម្រក​ភៀស​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ