លោក ហេង សំរិន ស្នើ​តែង​តាំង​​ទីប្រឹក្សា ៤៦​រូប ខណៈ​ចំនួន​ទីប្រឹក្សា និង​​ជំនួយ​ការ​កាន់​តែ​រីក​ធំ

ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីកន្លងទៅ​

មន្ត្រី​ជិត ៥០​រូប ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា និង​ជំនួយ​ការ​របស់​ប្រធាន​រដ្ឋ​សភា​ លោក ហេង សំរិន ខណៈ​ដែល​មន្ត្រី​កាន់​តែ​ច្រើន ត្រូវ​បាន​ស្នើ​តែងតាំង​ជា​បន្ត​បន្ទាប់​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា ឬ​ជា​ជំនួយ​ការ​របស់​រដ្ឋាភិបាល ឬ​មេដឹកនាំ​រដ្ឋាភិបាល។

ក្នុង​ព្រះ​រាជ​ក្រឹត្យ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ប្រមុខ​រដ្ឋ​ស្ដីទី​ លោក សាយ ឈុំ បាន​សម្រេច​តែងតាំង​មន្ត្រី ៤១​រូប ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​របស់​លោក ហេង សំរិន ដែល​មាន​ឋានៈ​ចាប់​ពី​​អនុ​រដ្ឋ​លេខាធិការ រហូត​ដល់​ឋានៈ​ស្មើ​រដ្ឋ​មន្ត្រី ខណៈដែល​មន្ត្រី ៥​រូប​ទៀត ត្រូវ​បាន​តែងតាំង​ជា​ជំនួយការ​មាន​ឋានៈ​ស្មើ​អគ្គ​នាយក។

ប្រមុខ​រដ្ឋ​ស្ដី​ទី លោក សាយ ឈុំ បាន​សម្រេច​បែប​នេះ ទៅ​តាម​សំណើ​របស់​​ប្រធាន​រដ្ឋ​សភា​ លោក ហេង សំរិន។

ក្រៅ​ពី​លោក ហេង សំរិន លោក ងួន ញ៉ិល អនុ​ប្រធាន​ទី​១​ នៃ​រដ្ឋ​សភា ក៏​បានស្នើ​ទៅ​លោក សាយ ឈុំ ឲ្យ​តែង​តាំង​មន្ត្រី​ដល់​ទៅ ២៥​នាក់ ធ្វើ​ជា​ទីប្រឹក្សា​របស់​លោក​ផង​ដែរ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​កន្លងម​ក ដោយ​​មាន​ឋានៈ​ចាប់​ពី​រដ្ឋ​លេខាធិការ​រហូត​ដល់​រដ្ឋ​មន្ត្រី​ផង​ដែរ។

ចំនួន​ទីប្រឹក្សា ឬ​ក៏​ជំនួយ​ការ​របស់​មេដឹកនាំ​ស្ថាប័ន​រដ្ឋ​សភា និង​រដ្ឋាភិបាល បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ក្រោយ​ការ​បង្កើត​រដ្ឋ​សភា និង​រដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក ដែល​ត្រូវ​បាន​ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា​​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឈ្នះ​អាសនៈ​ទាំង ១២៥​នៅ​រដ្ឋ​សភា ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រជែង​ដ៏​ធំ​របស់​បក្ស​កាន់​អំណាច ត្រូវ​បាន​រំលាយ​ចោល និង​ហាម​ឃាត់​មិន​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត ក្រោម​ហេតុផល​ថា «ពាក់​ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ»។

ចាប់​តាំង​ពី​ក្រោយ​ការ​បង្កើត​រដ្ឋាភិបាល​រួច​មក មនុស្ស​ដល់​ជិត ៣០០​​​នាក់​ហើយ ត្រូវ​បាន​លោក ហ៊ុន សែន ស្នើ​សុំ ឬ​ក៏​តែងតាំង​ដោយ​ខ្លួន​លោក​ផ្ទាល់ ឲ្យ​កាន់​តំណែង​ជា​ទីប្រឹក្សា ជំនួយ​ការ សមាជិក​ក្រុម​ពិធីការ​នៅ​ក្នុង​ខុទ្ទកាល័យ​របស់​លោក ខណៈដែល​មនុស្ស​ ២០៧​នាក់​ទៀត ត្រូវ​បាន​លោក​ស្នើ​សុំ​តែងតាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល។

បើសរុប​បញ្ចូល​គ្នា​ជាមួយ​មន្ត្រី​ដែល​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋ និង​រដ្ឋ​លេខាធិការ​នៅ​តាម​បណ្ដា​ក្រសួង និង​ស្ថាប័ន​នានា​ទៀត មនុស្ស​ដល់​ទៅ ១១១៨​នាក់​ហើយ ត្រូវ​បាន​លោក ហ៊ុន សែន ស្នើ​សុំ​ ឬ​ក៏​តែងតាំង​ដោយ​ផ្ទាល់ គិត​ចាប់​តាំង​ពី​ក្រោយ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ