ប្រទេសមួយ​នៅ​តំបន់​អារ៉ាប់​​​ហាម​នាំចូល​សត្វ​ស្លាប និង​ផលិត​ផល​សត្វស្លាប​ពី​កម្ពុជា

រូបឯកសារ៖ កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង

ប្រទេស​អូម៉ង់ បាន​ប្រកាស​ហាម​នាំ​ចូល​សត្វ​ស្លាប និង​ផលិត​ផល​សត្វ​ស្លាប​គ្រប់​ប្រភេទ​​ពី​ប្រទេស​ចំនួន​៣​ក្នុង​តំបន់​អាស៊ាន​ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ ដោយ​ថា ​ជំងឺ​ផ្ដាសាយ​បក្សី​ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ទាំង​នេះ។

យោង​តាម​សារព័ត៌មាន​អូម៉ង់ Muscat Daily ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ កញ្ញា បាន​ឲ្យ​ដឹង​ថា ​ក្រសួង​កសិកម្ម​ប្រទេស​នេះ​បាន​សម្រេច​​ហាម​នាំ​ចូល​សត្វ​ និង​ផលិត​ផល​មាន់​ទា និង​សត្វ​​ស្លាប​ដទៃ​ទៀត ពី​ប្រទេស​កម្ពុជា ម៉ាឡេស៊ី និង​វៀតណាម ដោយ​សារ​ការ​បារម្ភ​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​ក្នុង​ប្រទេស​ទាំង​នេះ កាល​ពី​ខែ​សីហា​កន្លង​មក។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ លោក តាន់ ផាន់ណារ៉ា បាន​ប្រាប់​វីអូឌី​ថា ​លោក​មិន​ទាន់​ទទួល​បាន​លិខិត​ផ្លូវការ​ណាមួយ​ពី​ក្រសួង​កសិកម្ម​ប្រទេស​អូម៉ង់​នៅឡើយ​ទេ ​ខណៈ​លោក​បញ្ជាក់​ថា​ កម្ពុជា​មិន​ទាន់​មាន​សមត្ថភាព​នាំ​ផលិត​ផល​សត្វស្លាប​ទៅ​លក់​ក្រៅ​ប្រទេស​នោះ​ទេ​។ លោក​ចាត់​ទុក​ថា ​ការ​បារម្ភ​របស់​អូម៉ង់​នេះ​ជា​ការ​បារម្ភ​មួយ​មិន​សម​ហេតុផល។​

លោក​ថា៖ «យើងមិនទាន់មានអីនាំចេញទៅប្រទេសគាត់ឯណា! ហើយបើនាំចេញក៏យើងធ្វើវិភាគត្រឹមត្រូវដែរ ត្រូវមានអាជ្ញាធរមានសមត្ថកិច្ចពេទ្យសត្វហ្នឹងស៊ីញ៉េ។ យើងវិភាគថា សត្វដែលនាំចេញហ្នឹង វាអត់មានជំងឺ យើងគោរពគោលការណ៍ទៅវិញទៅមកតើ តែប្រទេសហ្នឹងដូចជាអត់មានការព្រមព្រៀងនាំចេញនាំចូលជាមួយយើងទេ»

ទោះ​ជា​យ៉ាង​លោក​ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា​ធ្លាប់​មាន​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​លើ​សត្វ​មែន​កាលពី​អំឡុង​២ខែ​មុន​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ តែ​ករណី​នេះ​ត្រូវ​បាន​ក្រុម​ការ​ងារ​ក្រសួង​ចុះ​ពិនិត្យ​ និង​​ដោះស្រាយ​រួច​ហើយ។

ប្រធាន​កម្មវិធី​បរិស្ថាន និង​សុខភាព​នៃ​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍ​ន៍កសិកម្ម​កម្ពុជា​ហៅ​កាត់​ថា​ សេដាក លោក គាម មករាឌី យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​ក្រសួង​កសិកម្ម តែ​អ្វី​ដែល​លោក​បារម្ភ ​គឺ​ខ្លាច​មាន​ជន​ខិល​ខូច​លួច​ប្រើ​ឈ្មោះ​ប្រទេស​កម្ពុជា​ សម្រាប់​​នាំ​ចេញ​ទៅ​ប្រទេស​នោះ។

​​លោក​ថា៖ «អញ្ចឹង​វា​អាច​ប៉ះពាល់​ដល់​អ្នក​ផលិត​ អ្នក​ចិញ្ចឹម​នូវ​បក្សី ឬ​ក៏​ទា​ហ្នឹង ហើយ​អាច​ប៉ះពាល់​ដល់​មុខ​មាត់​របស់​កម្ពុជា​ពី​ការ​លើក​ឡើង​នៃ​ការ​គ្រប់​គ្រង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ហ្នឹង​អត់​បាន​ដិតដល់​អញ្ចឹង។ តែ​បើ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ យើង​គិត​ថា​ មិន​មាន​ប៉ះពាល់​អី​អាក្រក់​ទេ»

បច្ចុប្បន្ន​ កម្ពុជា​អាច​នាំ​ចេញ​ផលិត​ផល​សត្វ​គោ​តែ​មួយ​ប៉ុណ្ណោះ​ទៅ​ក្រៅ​ប្រទេស​ ខណៈ​ប្រទេស​វៀតណាម​ឈរ​លំដាប់​ថ្នាក់​លេខ​១​ ហើយ​ថៃ​ឈរ​លេខ២​ ដែល​បាន​ទិញ​​ផលិត​ផល​សាច់​គោ​ពី​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ