អង្គការ​មួយ​សង្ស័យ​កម្ពុជា​ពាក់​ព័ន្ធ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ទាក់​ទង​នឹង​ការ​ទិញ​មាស​ជា​ច្រើន​តោន​ពី​សឹង្ហបុរី

លោក អាឡិច រកឃើញក្នុងរបាយការណ៍ស្ថិតិរដ្ឋាភិបាលសិង្ហបូរីថាកម្ពុជាបានទិញពីប្រទេសនេះក្នុងតម្លៃទឹកប្រាក់ប្រមាណជា ១៥០០០លានដុល្លារ ខណៈពេលដែលតួលេខនេះមិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ស្ថិតិរដ្ឋាភិបាលកម្ពុជាទេ (រូបភាព៖ ហ្វេសប៊ុក Mother Nature Cambodia / Screenshot)

អង្គការ​ចលនា​មាតា​ធម្មជាតិ​បាន​រក​ឃើញ​ថា​កម្ពុជា​បាន​ទិញ​មាស​ពី​ប្រទេស​សឹង្ហបុរី​ជា​ច្រើន​តោន​ក្នុងរយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​ ខណៈ​ដែល​ទិន្នន័យ​គយ​​កម្ពុជា​ពុំ​បាន​បង្ហាញ​ច្បាស់លាស់​ពី​ការ​ទិញ​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ដាក់​ការ​សង្ស័យ​ថា​កម្ពុជា​កំពុង​ជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ។

​ប្រធាន​ចលនា​មាតា​ធម្មជាតិ​ដែល​ត្រូវ​ហាម​មិន​ឲ្យ​ចូល​កម្ពុជា​លោក អាឡិច ហ្គន់សាឡេស ដេវិតសុន បាន​លើក​ឡើង​ក្នុង​វីដេអូ​រយៈពេល​ជិត៣​នាទី​របស់​លោក​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​បាន​រក​ឃើញ​ថា​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​គិត​ចាប់​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៧ កម្ពុជា​បាន​ទិញ​មាស​ពី​ប្រទេស​សឹង្ហបុរី ក្នុង​ចំនួន​៣៧០តោន​ដែល​មាន​តម្លៃ​ប្រមាណ ១៥ពាន់លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​ទិន្នន័យ​ពី​គយ​កម្ពុជា​ពុំបាន​បង្ហាញ​ពី​ការ​នាំចូល​ដ៏​ច្រើន​សម្បើម​នេះ​ឡើយ។ លោក​បញ្ជាក់​ថា​ចំនួន​នៃ​ការ​ទិញ​នេះ​គឺ​មាន​ទំហំ​ធំ​បើ​ធៀប​នឹង​សេដ្ឋកិច្ច​កម្ពុជា ដោយ​សារ​ប្រទេស​នេះ​មាន​លទ្ធភាព​ទិញ​មាស​ស្មើ​នឹង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ចិន​។

លោក​ដាក់​ការ​សង្ស័យ​ថា​ប្រទេស​កម្ពុជា​អាច​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ដែល​រួម​មាន ការ​គេច​ពន្ធ ការ​ក្លែង​បន្លំ​ឯកសារ អំពើ​ពុក​រលួយ និង​លាង​លុយ​កខ្វក់​ជាដើម។ ​

​លោក​លើក​ឡើង​ថា៖ « វាច្រើនជាងដាច់ បើប្រៀបធៀបនឹងចំនួនមាសដែលនាំចេញទៅ ប្រទេសនៅអាស៊ានមួយចំនួនដូចជា វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃជាដើម បើទោះបីទំហំសេដ្ឋកិច្ចកម្ពុជាទាបជាងប្រទេសទាំងនោះឆ្ងាយយ៉ាងណាក៏ដោយ »

ថ្លែង​ប្រាប់​VOD បន្ថែម​ប្រធាន​ចលនា​មាតា​ធម្មជាតិ​លោក អាឡិច ហ្គន់សាឡេស ដេវិតសុន ថា​ចំនួន​នៃ​កា​រនាំ​ចូល​នេះ​មាន​ទំហំ​ធំ​ដែល​អាច​ធ្វើ​ឲ្យ​ខាត​បង់​ប្រយោជន៍​ពន្ធ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​ហើយ​ ស្ថាប័ន​ពីរ​របស់​រដ្ឋ​គឺ​ធនាគារ​ជាតិ និង​អគ្គនាយកដ្ឋាន​គយ គឺ​ជា​អ្នក​​ពាក់​ព័ន្ធ​ធំ​ជាង​គេ​ក្នុង​រឿង​នេះ​។

លោក​ស្នើ​ឲ្យ​ស្ថាប័ន​ទាំង​ពីរ​នេះ​បក​ស្រាយ​ពី​ភាព​ខុសគ្នា​រវាង​ទិន្នន័យ​កម្ពុជា និង​សិង្ហបុរី​នេះ។

លោក​ថា៖ « ខ្មែររាល់ថ្ងៃនេះយើងកំពុងតែត្រូវការ រដ្ឋត្រូវការលុយសម្រាប់សាងសង់សាលារៀនមន្ទីរពេទ្យ ដំឡើងប្រាក់ខែមន្ត្រីរាជការ ។ល។ អញ្ចឹងទៅ។ អញ្ចឹងនៅពេលដែលមានមាសគេចពន្ធដែលមានតម្លៃរាប់ពាន់លានដុល្លារ អញ្ចឹងវាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល ហើយមួយទៀតប្រសិនជាលុយហ្នឹងវាពាក់ព័ន្ធនឹងការលាងលុយកខ្វក់ហ្នឹង ក៏វាប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាផង ហើយក៏ប៉ះពាល់ដល់សន្តិសុខជាតិទាំងមូលហ្នឹង »

VODមិន​អាច​ទាក់​ទងសុំការបំភ្លឺពី​​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារ​ជាតិ​ ​លោកស្រី ជា សិរី ​អ្នកនាំ​ពាក្យ​ក្រសួងសេដ្ឋកិច្ច​លោក គឹម សុភៈ​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​លោក គុណ ញឹម និង​អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ​បាន​ទេ​នៅថ្ងៃនេះ។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​លោក សន ជ័យ យល់​ថា​ការ​កត់​ត្រា​ទិន្នន័យ​រវាង​ប្រទេស​មួយ និង​​ប្រទេស​មួយ​ផ្សេង​ទៀត​តែង​មានការ​ខុស​គ្នា តែ​ទោះ​ជា​យ៉ាង​ណា​លោក​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បកស្រាយ​ភាព​ខុស​គ្នា​នេះ​ឲ្យ​បាន​ច្បាស់​លាស់​ផង​ដែរ។

លោក​ សន ជ័យថា៖ « នេះគឺជាការរកឃើញមួយផ្នែកនៃការស្រាវជ្រាវ ស៊ើបអង្កេតបែបឯករាជ្យមួយ អញ្ចឹងខ្ញុំយល់ថាកាបង្ហាញភស្តុតាងជាសាធារណៈ ជាភស្តុតាងរឹងមាំមួយដែលអាចជួយដល់ការពង្រឹងនូវតម្លាភាព ហើយនឹងអាចនាំឲ្យមានប្រយោជន៍មួយ ជាពិសេសគឺអាចទាក់ទងនឹងការរត់ពន្ធគយដែរ »  

ទោះ​ជា​យ៉ាង​ណា​បើ​តាម​មាតា​ធម្មជាតិ ក្នុង​រយៈពេល​២សប្តាហ៍​ប្រសិន​ជា​គ្មាន​ការ​ឆ្លើយ​តប​ពី​កម្ពុជា​ជុំវិញ​ករណី​នេះ​ខ្លួន​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​អាជ្ញាធរ​សឹង្ហបុរី​ដើម្បី​ឲ្យ​ស៊ើបអង្កេត​ផង​ដែរ។

របាយការណ៍​របស់ international center for asset recovery​ក្នុង​ឆ្នាំ​២០១៧ បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ជាប់​​លេខ​៩ក្នុង​ចំណោម​ប្រទេស​១៤៦ផ្សេង​ទៀត​ដែល​មាន​ន័យ​​ថា​ប្រទេស​នេះ​​មាន​ការ​ប្រឈម​ខ្ពស់​នៃ​ការ​លាង​លុយ​កខ្វក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ