ឧបករណ៍តាមដានរលកស៊ូណាមីនៅឥណ្ឌូនេស៊ីមួយចំនួន​ខូចនិងចោរលួច

ឧបករណ៍ដែលមានលទ្ធភាព ក្នុងការស្រាវជ្រាវដឹងមុននៃការគំរាមកំហែងដោយរលកស៊ូណាមី (រូបភាព៖ វេបសាយបរទេស)

ឥណ្ឌូនេស៊ីជាប្រទេសរងគ្រោះដោយសាររញ្ជួយដីនិងរលកស៊ូណាមីជាបន្តបន្ទាប់គឺកាលពីឆ្នាំ២០១០ រញ្ជួយដីកម្លាំង៧,៨រិច្ឆទ័រ បង្កើតជារលកស៊ូណាមីនៅកោះ Mentawai បណ្តាលឲ្យស្លាប់ មនុស្ស៤៣០នាក់។ នៅឆ្នាំ២០០៦ រញ្ជូយដីនៅកោះJava កើតរលកស៊ូណាមីស្លាប់មនុស្ស អស់ជាង៦០០នាក់។

កាលពីខែធ្នូឆ្នាំ២០០៤ រញ្ជូយដីក្នុងតំបន់កម្លាំង៩,១រិច្ឆទ័រ បង្កជារលកស៊ូណាមី បណ្តាលឲ្យមនុស្សស្លាប់២២០ ០០០នាក់ ក្នុងនោះអ្នកស្លាប់នៅឥណ្ឌូនេស៊ីមាន១៦៨ ០០០នាក់។

ក្រោយហេតុការណ៍ឆ្នាំ២០០៤ សហរដ្ឋអាមេរិក អាល្លឺម៉ង និង ម៉ាឡេស៊ី បានជួយរៀបចំប្រព័ន្ធមួយចំនួន​ដើម្បីតាមពីស្ថានភាពនៃរលកស៊ូណាមីដើម្បីបង្ការគ្រោះមហន្តរាយ។​

ប៉ុន្តែរលកស៊ូណាមីកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន​កើតឡើងពីការរញ្ជួយដីកម្លាំង៧,៥រិច្ឆទ័រ បានបណ្តាលឲ្យមនុស្សប្រមាណ១០០០នាក់ស្លាប់ ខណៈក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកដែលបាត់ខ្លួន។

ហេតុការណ៍នេះនាំឲ្យមានការចោទសួរ ទៅរដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការប្រើប្រាស់ឧបករណ៍ ដើម្បីស្រាវជ្រាវ និងបង្ការគ្រោះមហន្តរាយ។​

ឧបករណីដែលឥណ្ឌូនេស៊ីមាន

ឧបករណ៍ដែលមានលទ្ធភាព ក្នុងការស្រាវជ្រាវដឹងមុននៃការគំរាមកំហែងដោយរលកស៊ូណាមី (រូបភាព៖ វេបសាយបរទេស)

ពោងចំនួន​២១ ដែលមានលទ្ធភាពក្នុងការស្រាវជ្រាវដឹងមុននៃការគំរាមកំហែងដោយរលកស៊ូណាមី។ ឧបករណ៍នេះ អាចដឹងនិងប្រមូលរបាយការណ៍នានាពីស្ថានភាពនៅក្នុងបាតសមុទ្រនៃមហាសមុទ្រឥណ្ឌា។​ ឧបករណ៍ទាំងនេះជា ជំនួយរបស់សហរដ្ឋអាមេរិក អាល្លឺម៉ង់ និង ម៉ាឡេស៊ី។​

ចំណែកឧបករណ៍ដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីមានផ្ទាល់ខ្លួននោះគឺ ស្ថានីយ៍សិក្សានិងប្រកាសភាពអាសន្ននៃរលកស៊ូណាមីចំនួន​១៧០ ស្ថានីយ៍សិក្សាល្បឿនទឹករលកចំនួន​២៣៨ និងស្ថានីយ៍សិក្សាស្ថានភាពប្រែប្រួលកម្ពស់ទឹកសមុទ្រមានចំនួន​១៣៧កន្លែង។​

ទោះយ៉ាងណាខាងទីភ្នាក់ងារអាកាសធាតុ និងគ្រោះមហន្តរាយឥណ្ឌូនេស៊ីថ្លែងថា ឧបករណ៍ទាំងនេះប្រើប្រាស់បានប្រសិទ្ធិភាពតិចតួចណាស់ ដោយសារតែមានភាពខ្វះចន្លោះច្រើនមិនមានលុយគ្រប់គ្រាន់ជួសជុលនិងថែទាំ។ ក្នុងចំណោម​​ស្ថានីយ៍សិក្សានិងប្រកាសភាពអាសន្ននៃរលកស៊ូណាមីចំនួន​១៧០ មានកញ្ចប់លុយជួសជុល និងថែទាំតែ៧០ ប៉ុណ្ណោះ ចំណែកស្ថានីយ៍១០០ផ្សេងទៀត ខូចខាត និងខ្លះត្រូវចោរលួច។​

ទិន្នន័យទទួលបានពីឧបករណ៍

របាយការណ៍ពីទីភ្នាក់ងារអាកាសធាតុនិងភូមិសាស្ត្រឥណ្ឌូនេស៊ីឲ្យដឹងថា រលកទឹកសមុទ្រមានកម្រិតត្រឹមតែ ០,៦ម៉ែត្រប៉ុណ្ណោះ ​ប៉ុន្តែជាក់ស្តែងកម្ពស់រលកស៊ូណាមី ដែលកើតឡើងនៅឥណ្ឌូនេស៊ីកាលពីល្ងាចថ្ងៃសុក្រនេះ មានកម្ពស់រហូតដល់ ៦ម៉ែត្រ។​

អ្នកនាំពាក្យទីភ្នាក់ងារឧតុនិយមនិងភូមិសាស្ត្រឥណ្ឌូនេស៊ី Rahmat Triyono ថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា ខាងរដ្ឋាភិបាលខ្វះខាតទិន្នន័យ លោកថា បើមានទិន្នន័យគ្រប់គ្រាន់ប្រាកដជាអាចវិភាគពីហានិភ័យ ហើយអាចបង្ការគ្រោះថ្នាក់បានប្រសើរជាងនេះ។​ លោកថា នៅតំបន់រងគ្រោះនៅទីក្រុងប៉ាលូ មិនមានឧបករណ៍ស្រាវជ្រាវពីស្ថានភាពរលកស៊ូណាមីនេះទេ។​

ផ្តល់ដំណឹងដល់សាធារណៈជន

ពលរដ្ឋរងគ្រោះដោយសារស៊ូណាមី (រូបភាព៖ វេបសាយបរទេស)

ទីភ្នាក់ងារឧតុនិយមនិងភូមិសាស្ត្រ ប្រកាសពីសញ្ញាកើតមានរលកស៊ូណាមី ប៉ុន្តែការប្រកាសនោះធ្វើឡើងតែ៣០នាទីក៏សម្រេចផ្អាកវិញ។ ការរញ្ជួយដីចាប់ផ្តើមនៅម៉ោង១៨:០៣នាទី​ ហើយការប្រកាសសញ្ញាអាសន្នចាប់ផ្តើមក្រោយរញ្ជួយដីហើយផ្អាកវិញនៅម៉ោង១៨:៣៧នាទី។​

តាមការចុះផ្សាយរបស់សារព័ត៌មានBBCបានឲ្យដឹងថា មានការរិះគន់ទៅលើភ្នាក់ងារឧតុនិមនិងភូមិសាស្ត្រ ចំពោះការប្រកាសពីស្ថានភាពអាសន្នពីរលកស៊ូណាមីរយៈពេលខ្លីពេក។​

រលកស៊ូណាមីគឺជាកម្លាំងរលកទឹកសមុទ្រកើតឡើងខ្ពស់ៗបោកទៅប៉ះដល់ទីក្រុង ឬ ភូមិឋានរបស់ប្រជាពលរដ្ឋ ដែលកម្លាំងទឹកសមុទ្រនេះកើតឡើងពីការរញ្ជួយដី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ